សុំ​ខ្ចី​មួយ​ភ្លែត​ទៅ​ទិញ​សាច់​ក្លែម បែរជា

ខេត្តបន្ទាយ​មានជ័យ ៖ ​​ម៉ូតូ​ម៉ាក​សង់​សេ​125​ ស៊េរី​ឆ្នាំ​២០១៥មួយ​គ្រឿង ​ត្រូវ​បាន​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ​ជួយ​អន្តរា​គម​ន៍យក​ពី​កាស៊ីណូ​ឡាក់​គី​ ក្បែរ​ចំណុច​រង្វង់​មូល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ បន្ទាប់​ពី​ជន​ម្នាក់​ខ្ចី​យក​ទៅ​ទិញ​សាច់​ក្លែម​ បែរ​ជា​លួច​ទៅ​ដាក់​បញ្ចាំ​​នៅ​ទីតាំង​ផ្ទេរ​​ប្រាក់​វី​ង​យីហោ​ (​កែវ​ដួល​) ​ក្បែរ​កាស៊ីណូ​កើតហេតុ​ខាងលើ​ ។ ការ​អន្តរា​គម​ន៍​​ជួយ​ជន​រង​គ្រោះ​នេះ ​បាន​ធ្វើ​ឡើង​ កាលពី​​ព្រឹក​ថ្ងៃ​ទី២៧ មេសា​ ២០១៦ ​។

ម្ចាស់​ម៉ូតូ​ដែល​គេ​ឆបោក​យក​​ទៅ​បញ្ចាំ​ឈ្មោះ​អាត​ សុ​ផា​ ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ ​ជា​អ្នក​រត់​ម៉ូតូឌុប​ ស្នាក់​​នៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៤​សង្កាត់​ផ្សារ​កណ្តាល ​ក្រុង​ប៉ោយ​ប៉ែ​ត​ ។

ជន​រង​គ្រោះ​ប្រាប់​ថា ​កាលពី​រសៀល​ម៉ោង​០២ថ្ងៃ​ទី​២៦ មេសា​ ​មាន​បុរស​ម្នាក់​ធ្លាប់​ជា​ម៉ូយ​​ជិះ​ម៉ូតូ​ មាន​ទីលំនៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ​បាន​ខ្ចី​ម៉ូតូ​ខ្លួន​ថា​ យក​ទៅ​ទិញ​សាច់​ក្លែម ​។ ជន​រង​គ្រោះ​បន្ត​ទៀត​ថា​ ក្រោយពី​​ខ្ចី​ម៉ូតូ​ ជនសង្ស័យ​មិនឃើញ​យក​ម៉ូតូ​ទៅ​ឱ្យ​​វិញ​ទេ ​ហើយ​ពេល​ខ្លួន​ទាក់ទង​តាម​ទូរស័ព្ទ​ចូល ​តែ​មិន​មាន​អ្នក​លើក​ជា​ច្រើន​ដង ​។ ជន​រង​គ្រោះ​បន្ត​ថា ​លុះ​សង្ស័យ​ក៏​​ដើរ​រក​តាម​​កាស៊ីណូ​ ទីបំផុត​ឃើញ​ម៉ូតូ​ខ្លួន​នៅ​ចំណុច​កាស៊ីណូ​ឡាក់​គី​ មិនតែប៉ុណ្ណោះ​ម៉ូតូ​នោះ​ ត្រូវ​គេ​ដាក់ច្រវ៉ាក់​កង់ ​ហើយ​ពេល​សួរនាំ​សន្តិសុខ​នៅ​ទីនោះ​ប្រាប់​ថា ​ម៉ូតូ​មាន​គេ​យក​មក​ដាក់បញ្ចាំ​ហើយ​ ។

ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​មូលដ្ឋាន​អាវុធហត្ថ​ក្រុង​ ដើម្បី​ឲ្យ​ជួយ​រក​យុត្តិធម៌​ បន្ទាប់​មក​អាវុធហត្ថ​ក៏​​ទៅ​ទំនាក់ទំនង​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ ​ពី​ចំណុច​កាស៊ីណូ​ខាងលើ​ ដើម្បី​រង់​ចាំ​ធ្វើការ​ដោះស្រាយ​ ។

ជុំវិញ​ករណី​ខាងលើ​ ស្ត្រី​បំរើ​ការងារ​នៅ​ទី​តាំ​ងវេរ​ប្រាក់​វី​ង​កែវ​ដួល បាន​​ប្រាប់​កោះសន្តិភាព​​តាម​ទូរស័ព្ទ​ថា​ នាង​អត់​ដឹង​រឿង​អី​ទេ ​នាង​ដឹង​ត្រឹមតែ​មាន​គេ​យក​ម៉ូតូ​មក​​ដាក់បញ្ចាំ​ហើយ​មេ​របស់​នាង​ បញ្ជា​ឲ្យ​ទទួលក៏​ទទួល​ទៅ​ ។ នាង​ថា​ ការ​ទទួល​បញ្ចាំ​ ថ្វី​ដ្បិត​តែ​គ្មាន​ឯកសារ​ តែ​មាន​មនុស្ស​២នាក់​ មក​ជាមួយ​ដោយ​ម្នាក់​ជា​អ្នក​ធានា​ត្រឹមត្រូវ​ ។

ពេល​សួរ​ថា​ តើ​ម្ចាស់​ទីតាំង​វេរ​ប្រាក់​វី​ង​កែវ​ដួល​មាន​​ទំនាក់ទំនង​អ្វី​ជាមួយ​កាស៊ីណូ​ឡាក់​គី​ ទើប​ម៉ូតូ​ក្រោយ​ទទួល​បញ្ចាំ​ ស្ថិត​នៅ​កាស៊ីណូ​ឡាក់​គី​ ត្រូវស្ត្រី​ខាងលើ​ប្រាប់​ថា​ នាង​មិនដឹង​ទេ ​ហើយ​អះអាង​ថា​ មេ​នាង​មិន​ធ្វើការ​នៅ​កាស៊ីណូ​នោះ​ទេ​ តែ​ប្រហែលជា​មាន​ភាគហ៊ុន​ក៏​​មិនដឹង ​។ បញ្ហា​ខាងលើ​អាវុធ​ហត្ថ​​ក្រុង​​មិន​បាន​ប្រាប់​លម្អិត​ទេ ។