​ក្តៅពេកក៏យ៉ាប់! ភ្លៀងពេក​ក៏យ៉ាប់!

ខេត្តព្រះវិហារ ៖ ភ្លៀង​​បាន​ធ្លាក់​មួយ​​មេ​ធំ លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​​បក់​បោក បណ្តាល​ឱ្យ​​ខូចខាត​លំនៅ​ឋាន​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​​រំដោះ​ស្រែ, ឃុំ​កន្ទួត និង​​ឃុំ​ស្រឯម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ។

លោកជា គឹ​ម​សេង អភិបាលស្រុក​ជាំ​ក្សាន្ត កាលពី​​ព្រឹក​​ថ្ងៃ​ទី​២៨ ​មេសា​ ២០១៦​ នេះ បាន​ប្រាប់​អ្នក​សារព័ត៌មានឱ្យ​ដឹង​ថា ភ្លៀង​ដែល​បាន​​ធ្លាក់​លាយឡំដោយ​ខ្យល់​កន្ត្រាក់​នេះ បាន​ធ្វើ​ឱ្យ​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ចំនួន​៣​ឃុំ​ខាងលើរបស់​ស្រុក​ជាំ​ក្សាន្ត ខូចខាត ផ្ទះ​ឈើ​ប្រក់​ក្បឿង៧​ខ្នង​ដួល​រាប​ដល់​ដី របើក​ដំបូល​អស់​១៥​ខ្នង ប៉ះពាល់​ផ្ទះ​តិចតួច​១៨ ខូចខាត​គោ​យន្ត​១​គ្រឿង ម៉ូតូ​២​គ្រឿង និង​របួសស្រាល​មនុស្ស​ម្នាក់ ។

​បើ​តាម​ការ​បញ្ជាក់​ឱ្យដឹង​ពី​លោក ចាប កុយ ប្រធាន​មន្ទីរ​ធនធានទឹក និងឧតុនិយម ខេត្តព្រះវិហារ​ថា បរិមាណ​ទឹកភ្លៀង ​ដែល​បាន​ធ្លាក់​​នៅ​យប់​ម្សិលមិញ​នេះនៅ​ទូ​ទាំង​ខេត្តព្រះ​វិហារ មាន​បរិមាណ​ចាប់ពី​៥​មី​លី្ល​ម៉ែត្រ ទៅ​៣៥​មី​ល្លី​ម៉ែត្រ នឹង​អាច​បន្ត​ធ្លាក់​ទៀត នៅ​ថ្ងៃនេះ ។ មក​ដល់​ពេល​នេះ អាកាសធាតុ​នៅ​ទូ​ទាំង​ខេត្តព្រះវិហារ មាន​សភាព​ផ្ទៃមេឃ​ស្រឡះ​ធម្មតា  រីឯ​សីតុណ្ហភាព​ចន្លោះ​ពី​៣៤​អង្សារ ទៅ​៣៧​អង្សារ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មានរបស់​ក្រសួង​ធនធានទឹក នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ​មេសា ​២០១៦ ​នេះ​ថា ភ្លៀង​កក់ខែចាប់ផ្តើម​មាន​ជា​បណ្តើរ​ៗ នៅ​តាម​រាជធានី​ខេត្ត​នានា ជា​ពិសេសខេត្តរតនគិរី មណ្ឌលគិរី ស្ទឹង​ត្រែង ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ ព្រះ​វិហារ សៀមរាប ព្រៃវែង  និង​ខេត្តស្វាយរៀង រីឯ​បាតុភូត​ផ្គរ រ​ន្ទៈ ពិសេស​ខ្យល់​កន្ត្រាក់ អាច​នឹង​នៅ​កើត​មាន​ជា​ច្រើន និង​ញឹកញាប់ នៅ​ចុងរដូវ​ប្រាំង និង​ដើមរដូវ​វស្សា​នេះ (​ឧសភា និងមិថុនា​) ។