ប្រកាស​អាសន្ន ! នៅ​ស្ទឹង​ត្រែង​ចំនួន​គោក្របី​ងាប់​កើន​ដល់​៣៥៥​ក្បាល​ហើយ

ខេត្តស្ទឹងត្រែង ៖ គោ​-​ក្របី​អ្នក​ភូមិ​ចំនួន​៥​ឃុំ​បាន​ងាប់​ជា​បន្តបន្ទាប់​គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​២៨ មេ​សា​ មាន​ចំនួន​៥៤​ក្បាល​បន្ថែម​ទៀត លើ​ចំនួន​គោក្របី​៣០១​ក្បាល​ដែល​ងាប់​កាលពី​ថ្ងៃ​ទី​២៧​មេ​សា​ ។

បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ទៀត​ថា ចំនួន​គោ​-​ក្របី​ដែល​ងាប់​៥៤​ក្បាល​បន្ថែម​ទៀត​នេះ​នៅ​ក្នុង​ឃុំ​ចំនួន​៥​នោះ​រួម​មាន​ ៖​ ឃុំ​ព្រែក​មាស ស្រែ​សំបូរ សេកុង សន្តិភាព​ និង​ ឃុំ​ថ្មកែវ ស្រុក​សៀម​ប៉ា​ង ។ សេចក្តីរាយការណ៍​បាន​បញ្ជាក់​ទៀត​ថា មូលហេតុ​ដែល​បណ្តាល​ឲ្យ​ងាប់​គោ​-​ក្របី​ខាងលើ ដោយសារ​ធាតុអាកាស​ក្តៅ​ហួតហែង កង្វះ​ទឹក​ និង​ គ្មាន​ចំណីអាហារ ។

កាលពី​ថ្ងៃ​ទី​២៧មេសា ​លោក ស៊ី សួន អភិបាលស្រុក​សៀម​ប៉ា​ង​បាន​ប្រាប់​«កោះសន្តិភាព»​ថា នៅ​ឃុំ​ចំនួន​៤​ទូ​ទាំង​ស្រុក​សៀម​ប៉ា​ង មាន​ករណី​គោ​-​ក្របី​ងាប់ ដែល​បង្ក​ឡើង​ពី​កម្តៅថ្ងៃ​រីង​ហួត​អត់​ទឹក​ផឹក និង​គ្មាន​ចំណីអាហារ ។ លោក​អភិបាលស្រុក​បាន​រៀបរាប់​ថា នៅ​ឃុំ​សេ​កុង ក្របី​បាន​ងាប់​ចំនួន​១៨០​ក្បាល និង​គោ​ងាប់​ចំនួន​២០​ក្បាល ឃុំ​ព្រែក​មាស មាន​ក្របី​ងាប់​ចំនួន​១៨​ក្បាល និង​គោ​ងាប់​ចំនួន​១៣​ក្បាល ឃុំ​ថ្មកែវ​មាន​ក្របី​ងាប់​ចំនួន​១៥​ក្បាល និង​គោ​ងាប់​ចំនួន​៥​ក្បាល និង​ឃុំ​ស្រែ​សំបូរ មាន​ក្របី​ងាប់​ចំនួន​២៣​ក្បាល និង​គោ​ងាប់​ចំនួន​២៧​ក្បាល ដែល​ក្នុង​ចំណោម​ទាំង​៤​ឃុំ​នោះ សរុប​ទាំង​គោ និង​ក្របី​ងាប់​អស់​ចំនួន​៣០១​ក្បាល ចំនួន​តួលេខ​នេះ សម្រាប់​តែ​កំឡុង​ក្នុង​មេ​សា​២០១៦​នេះ​ប៉ុណ្ណោះ ។

ចំណែក​នៅ​ភូមិ​ជា​ច្រើន​ទូ​ទាំង​ស្រុក​សៀម​ប៉ា​ង​នោះ​ដែរ ក៏​កំពុង​រង​គ្រោះ​ដោយ​កង្វះ​ទឹក​ប្រើប្រាស់​នោះ​ដែរ ហើយ​កងកម្លាំងប្រដាប់អាវុធ​មាន​កង​កម្លាំងយោធា​ខេត្ត​ ស្រុក​កងកម្លាំងកងរាជអាវុធហត្ថ​ខេត្ត-​ស្រុក ​រួមនិង​អាជ្ញាធរ​បាន​ដឹក​ទឹក​ពី​ទីរួមខេត្ត​ទៅ​ចុះ​ចែក​ជូន​ប្រជាពលរដ្ឋប្រើប្រាស់​នោះ​ដែរ​ ។

ដោយឡែក​នៅ​តាម​បណ្តា​ស្រុក​មួយ​ចំនួន​ទៀត ទទួល​រង​គ្រោះ​ធម្មជាតិ​ដោយ​កម្តៅថ្ងៃ​នោះ​ដែរ តែ​មិន​មាន​របាយការណ៍​ជា​លាយ​លក្ខ​ណ៍អក្សរ​នៅឡើយ​ទេ ។ សម្រាប់​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ មាន​ឃុំ​ចំនួន​២ដែល​កំពុង​ប្រឈម​នឹង​កង្វះ​ទឹក​ប្រើប្រាស់ ដោយ​ទឹកអូរ​ ត្រពាំង ​ស្រះ​ អណ្តូង​ជា​ច្រើន បាន​រីង​ហួត​សេសសល់​អណ្តូង​បន្តិចបន្តួច មានការ​ដាក់​វេ​ណ​គ្នា​ដងទឹក​សម្រាប់​ប្រើប្រាស់​ ហើយ​ក្នុង​នោះ​ដែរ​អណ្តូងដែល​ចេញ​ទឹក​អាច​ដង​បាន​ត្រឹម​៣០​លី​ត្រ ទៅ​៩០​លី​ត្រ​ប៉ុណ្ណោះ ឃុំ​ដែល​កំពុង​ប្រឈម​នោះ​មាន​ឃុំ​ចំការលើ និង​ឃុំ​អន្លុង​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​។

គួរ​បញ្ជាក់​ថា ខេត្តស្ទឹងត្រែង​ទន្លេ​ដល់​ទៅ​៤​មាន​ទន្លេសេកុង ទន្លេមេគង្គ ទន្លេសេសាន និង​ទន្លេស្រែពក តែ​មិន​អាច​ផ្គត់ផ្គង់​ទឹក​ស្អាតសម្រាប់​ការ​ប្រើប្រាស​របស់​ប្រជាពលរដ្ឋ​បាន​គ្រប់គ្រាន់ បូក​រួម​អាកាសធាតុ​ក្តៅហែង​សីតុណ្ហភាព​ឡើង​ចាប់ពី​៣៤​អង្សា​សេ​ដល់​៤២​អង្សា​សេ​ទៀត​នោះ ធ្វើ​ឱ្យ​​រីង​ហួត​អណ្តូង​ ត្រពាំង ​បឹង ​អូរ ទើប​មានការ​ងាប់​សត្វ​ពាហនៈ និង​កង្វះ​ទឹក​ស្អាត​ប្រើប្រាស់​បែប​នេះ ។

សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី​២៨ មេ​សា ២០១៦​ បាន​សំដែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ងាប់​សត្វពាហនៈ ពិសេស​គោ​-​ក្របី ដោយសារ​តែ​ធាតុអាកាស​ក្តៅ និង​បាន​អំពាវនាវ​ឲ្យ​មានការ​រួម​គ្នា​ជួយ​សង្គ្រោះ​ប្រជាជន​ និង​សត្វ​ទាំងនោះ ៕