ក្រសួង​ព័ត៌មាន​ថា​ផ្លូវ​រថភ្លើង​ខ្សែ​ទី​២​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សីហ​នុ​ជា​ស្នា​ព្រះ​ហ​ស្ថ​សម្តេចឪ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ព័ត៌មាន​បាន​ស្នើ​ឲ្យ​ម្ចាស់​ស្ថានីយ៍ទូរទស្សន៍ វិទ្យុ ចាងហ្វាង​កាសែត ទស្សនាវដ្តី គេហទំព័រ​ទាំងអស់​ដែល​ធ្លាប់​ផ្សាយ​ដោយ​អ​ចេតនា​ថា ផ្លូវ​រថភ្លើង​ខ្សែ​ទី​២​ ពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ បាន​កសាង​ឡើង​នៅ​ក្នុង​សម័យ​អាណានិគមនិយម​បារាំង​នោះ ត្រូវ​ធ្វើការ​កែតម្រូវ​ឡើង​វិញ​និង​ធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំ​ទូលាយ​ដើម្បី​កុំ​ឲ្យ​មហាជន​មានការ​ភាន់ច្រឡំ ដោយ​ផ្សាយ​និង​សរសេរ​ឡើង​វិញ​ថា ផ្លូវ​រថភ្លើង​ខ្សែ​ទី​២​ពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ ជា​ស្នា​ព្រះ​ហ​ស្ថ​ដ៍​ថ្លៃថ្លា​របស់​ព្រះករុណា​ព្រះ​មហា​វីរក្សត្រ ព្រះ​វររាជ​បិតា​ជាតិខ្មែរ «​ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​» ដែល​បាន​កសាង​ឡើង​នៅ​ក្នុង​សម័យ​សង្គមរាស្ត្រនិយម​ពុំ​មែន​កសាង​ឡើង​នៅ​ក្នុង​សម័យ​អាណានិគមនិយម​បារាំង​នោះ​ទេ ។

បើ​តាម​លិខិត​របស់​ក្រសួង​ព័ត៌មាន​ដែល​ចុះហត្ថលេខា​ដោយ​លោក ខៀវ កា​ញា​រី​ទ្ឋ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន កាលពី​ថ្ងៃ​ទី​២៧ មេ​សា ២០១៦​បាន​បញ្ជាក់​ទៀត​ថា នៅ​ក្នុង​អាណត្តិ​ទី​៥​នៃ​រាជរដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ផ្លូវ​រថភ្លើង​ខ្សែ​ទី​២​នេះ ត្រូវ​បាន​ស្តារ​ឲ្យ​ដំណើរ​ឡើង​វិញ ៕