ទីបំផុត​ អ្នកដែលយកទ្រព្យគេ​

រាជធានី​ភ្នំពេញ​ ៖ ស្ត្រី​​​ម្នាក់​បាន​​ធ្វើ​សកម្មភាព​នាំ​ក្មេង​ស្រី​អាយុ​១៨​ខែ​​ម្នាក់ ទៅ​​ដោះ​យក​គ្រឿង​អលង្ការ​បាន​សម្រេច​ ហើយ​មួយ​ថ្ងៃ​ក្រោយមក ​បាន​យក​គ្រឿងអលង្ការ​នោះ​ទៅ​លក់​នៅ​ក្នុង​ផ្សារ​ជម្ពូ​វ័ន ក៏​ត្រូវ​​​ឪពុក​ម្ដាយ​ក្មេង​ស្រី​រង​គ្រោះ​ចាប់ខ្លួន​​​បាន​ប្រគល់​ទៅ​​ឱ្យ​​ប៉ូលិស ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​​ច្បាប់​ ។

​ហេតុការណ៍​​ចាប់ខ្លួន​​ ​កាលពី​វេលា​ម៉ោង​៧ ​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ ​មេសា ​​២០១៦ ស្ថិត​នៅ​​កន្លែង​​លក់​មាស​ក្នុង​ផ្សារ​ជម្ពូ​វ័ន ​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​​​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។

ប្រភពឱ្យ​ដឹងថា ស្ត្រី​​សង្ស័យ​ឈ្មោះ​យ៉ែ​ម ធុ​ក អាយុ​២៤​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ក្នុងភូមិ​មាលា ឃុំ​ត្បែងខ្ពស់ ស្រុក​សាមគ្គី​មាន​ជ័យ ខេត្តកំពង់​ឆ្នាំង​ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​តា​សេក សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ​។ ​ដោយឡែក​ ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ​ជា ស្រី​នុ​ត អាយុ​១៨​​ខែ ស្នាក់​នៅ​ក្នុងភូមិ​តា​សេក សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​ត្រូវ​ស្ត្រី​សង្ស័យ​ខាងលើ ដោះ​យក​គ្រឿង​អលង្កា​​ប្លា​ទី​ន​ទម្ងន់​៣​​ជី កាលពី​ថ្ងៃ​ទី​២៧ ​​មេ​សា ​២១០៦ ស្ថិតនៅ​លើ​ជាន់​ទី​៣​ផ្ទះ​ជួល​មួយ​កន្លែង ​​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​តា​សេក សង្កាត់​​កំ​បូល ។

តាម​ប្រភព​​បានឱ្យ​​​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ក្មេង​ស្រី​​បាន​ដើរ​លេង​នៅ​ចំណុច​មុខ​ផ្ទះ​ជួល​ខាងលើ ខណៈនោះ​ស្រាប់តែ ស្ត្រី​សង្ស័យ​​បាន​ល្បួង​ហៅឱ្យ​​នាង​​ទៅ​ជិត​រួច​បាន​ពរ​នាង​ឡើង​ទៅ​លើ​ផ្ទះ​ជួល​ជាន់​ទី​៣ បន្ទាប់​មក ​​ធ្វើ​សកម្មភាព​ដោះ​យក​គ្រឿងអលង្ការ ពី​ខ្លួន​​នាង​បាន​សម្រេច ទើប​នាំ​នា​ចុះ​ក្រោម​វិញ​ ។​ ពេល​នោះ​ បន្ទាប់​ពី​បាត់​គ្រឿងអលង្ការ​ពី​ខ្លួន​កូនស្រី ឪពុក​ម្ដាយ​បាន​មាន​ការ​ភ្ញាក់​​ផ្អើល និង​សង្ស័យ​ទៅ​លើ​ស្ត្រី​​នោះ​ដែរ ប៉ុន្តែ​មិន​ហ៊ាន​មាត់.ក​អ្វី​ទេ ព្រោះ​គ្មាន​ភស្ដុ​តាង ។ រីឯ​ស្ត្រី​សង្ស័យ​ ក៏​មិន​បាន​យក គ្រឿង​អលង្ការ​ដែល​ខ្លួន​ដោះ​បាន​ពី​ក្មេង​ស្រី​រង​គ្រោះ​នោះ​ទៅ​លក់​ភ្លាម​ដែរ ​។

ប្រភព​​បន្ត​ថា លុះដល់​ព្រឹក​ថ្ងៃ​ទី​២៨ ​មេសា ឪពុក​ម្ដាយ​និង​សាច់ញាតិ​ក្មេង​ស្រី​រង​គ្រោះ បាន​ដាក់​កម្លាំង​នាំ​គ្នា​ចាំ​ឃ្លាំមើល នៅ​ក្នុង​ផ្សារ​​ជម្ពូ​វ័ន​តាម​កន្លែង​លក់​មាស ក៏​​ឃើញ​ស្ត្រី​សង្ស័យ​យក​គ្រឿង​អលង្ការ​​នោះ​​ទៅ​លក់ ក៏​បាន​ឃាត់ខ្លួន​ប្រគល់​ទៅ​ឱ្យ​ប៉ូលិស​ប៉ុស្ដិ៍​ចោម​ចៅតែម្តង ។