លើក​ពេល​សវនាការ​រឿង​ក្តី​វាយ​អ្នកតំណាង​រាស្ត្រ

រាជធានី​ភ្នំពេញ ៖ ចៅក្រម​សាលាដំបូង​រាជធានី​លោក ហេង សុខ​ណា ព្រឹក​ថ្ងៃ​ទី​២៨ មេ​សា បាន​បើក​សវនាការ​ជំនុំជម្រះ​សំណុំរឿង​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​បទ​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស​តាម​មាត្រា​២១៨ និង​៤១១​នៃ​ក្រមព្រហ្មទណ្ឌ ដែល​ជនជាប់ចោទ​បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​២៦ តុលា នៅ​ក្បែរ​រដ្ឋសភា ខណៈ​មាន​បាតុកម្ម​ទាមទារ​ឱ្យ​ទម្លាក់​លោក កឹ​ម សុខា ចេញពី​តំណែង​អនុប្រធាន​ទី​១ រដ្ឋសភា ។ ទោះបីជា​បែប​ណា អង្គ​សវនាការ​នេះ ក៏​ត្រូវ​បាន​លើក​ពេល​ទៅ​ថ្ងៃ​ទី​១០ ឧសភា វិញ និង​ដំណើរការ​សវនាការ​បន្ត ។

សវនាការ​នេះ ដឹកនាំ​ដោយ​លោក ហេង សុខ​ណា ជា​ចៅក្រម​ជំនុំជម្រះ និង លោក ស៊ិ​ន វី​រៈ ជា​តំណាង​អយ្យការ ។ ជន​ត្រូវ​ចោទ​៣​នាក់ ឈ្មោះ ចាយ សា​រិ​ទ្ធ អាយុ​៣២​ឆ្នាំ ឈ្មោះ ម៉ៅ ហឿ​ន អាយុ​៣៤​ឆ្នាំ និង​ឈ្មោះ សុត វណ្ណ​នី អាយុ​៤៥​ឆ្នាំ ។

តុលាការ​បាន​លើក​ឡើង​ថា ជន​រង​គ្រោះ​មានឈ្មោះ ញ៉​យ ចំរើន តំណាងរាស្ដ្រ​មណ្ឌល​កំពង់ចាម និង​ឈ្មោះ គង់ សភាតំណាងរាស្ត្រ​មណ្ឌល​ស្វាយ​រៀង ទាំង​២​នាក់​ជា​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ។

ជនជាប់ចោទ​ឈ្មោះ ចាយ សា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​យោធា បាន​ឆ្លើយ​សារភាព​ថា ខ្លួន​បាន​ប្រព្រឹត្ត​តែ​មួយ​បទល្មើស​តែ​ប៉ុណ្ណោះ គឺ​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ។ ចំណែក​រឿង​ធ្វើ​ឱ្យ​ខូចខាត ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស គឺ​សូម​បដិសេធ ។

ជនជាប់ចោទ​រូប​នេះ​និយាយ​ថា ពេល​ថ្ងៃ​កើតហេតុ​គាត់​បានដឹង​ព័ត៌មាន​មួយ មាន​ប្រជាជន​ជាង​៧០០​នាក់ មក​ធ្វើ​កូដកម្ម​នៅ​មុខ​រដ្ឋសភា ហើយ​ពេល​នោះ គាត់​ក៏​បាន​ចេញ​ទៅ​ផ្ទះ​នៅ​តា​ខ្មៅ​ក៏​មក​ភ្នំពេញ ដើម្បី​យក​ព័ត៌មាន​នៅ​មុខ​រដ្ឋសភា ។ តែ​គាត់​មិន​បាន​ចូលរួម​ធ្វើ​កូដកម្ម​ទេ ។ គាត់​ថា ពេល​នោះ​ខ្ញុំ​បាន​ឈរ​នៅ​ក្បែរ​រដ្ឋសភា ស្រាប់តែ​គាត់​បានឃើញ​ឡាន​១​គ្រឿង បើក​តាម​ផ្លូវ​របង​រដ្ឋសភា ហើយ​បាន​ស្រែក​ជេរ​ថា ពួក​អា​យ៉ង​យួន ។

ជនជាប់ចោទ​បន្ត​ថា «​រូប​ខ្ញុំ​ឈរ​នៅ​ជិត​ឡាន​របស់​គាត់ ក៏​ធ្វើ​ឱ្យ​ខ្ញុំ​ផ្ទុះ​កំហឹង បាន​ឈាន​ដល់​ការ​វាយតប់ ។ ខ្ញុំ​សូម​សារភាព​ថា ខ្ញុំ​បាន​វាយ​មុខ​គាត់​មួយ​ដៃ ហើយ​បាន​ទាញ​គាត់​ទម្លាក់​ពី​ឡាន​ពណ៌​ស រួច​បាន​ទាត់​គាត់​១​ជើង​ទៀត ខ្ញុំ​បាន​ដើរ​ចេញពី​កន្លែង​នោះ ហើយ​មិនដឹង​ថា មាន​គេ​ព្រួត​វាយ​គាត់​បន្ថែម​ទេ​» ។

ជនជាប់ចោទ​ដដែល​និយាយ​ថា ស្រាប់តែ​ពេល​ទៅ​ដល់​ផ្ទះ ក៏​បានឃើញ​គេ​បង្ហោះ​ហ្វេ​ស​ប៊ុ​ក ទើប​ដឹង​ថា ខ្ញុំ​បាន​វាយ​តំណាងរាស្ត្រ ហើយ​ខ្ញុំ​បានដឹង​ពី​កំហុស ទើប​ខ្ញុំ​បាន​ពិចារណា ក៏​សម្រេច​ចូលខ្លួន​សារភាព​នៅ​សមត្ថកិច្ច ។

អង្គ​សវនាការ​លើ​សំណុំរឿង​វាយ​អ្នកតំណាង​រាស្ត្រ​នេះ ត្រូវ​បាន​លោក​ចៅក្រម​ហេង​សុខ​ណា ប្រកាស​លើក​ពេល​ទៅ​បន្ត​សវនាការ​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៦ បន្ត​ទៀត ។ ដោយឡែក​ពេល​សវនាការ​នោះ បាន​សួរ​ជនជាប់ចោទ​ឈ្មោះ ចាយ សា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ដែល​ជា​យោធា​តែ​ម្នាក់​ប៉ុណ្ណោះ ។

គួរ​បញ្ជាក់​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ បុរស​៣​នាក់ ៖
ទី​១-​ឈ្មោះ ចាយ​សា​រិ​ទ្ធ អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​តា​ខ្មៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។
ទី​២-​ឈ្មោះ ម៉ៅ ហឿ​ន អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ឃុំ​ព្រែក​ខ្សាយ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ។
ទី​៣-​ឈ្មោះ សុត វណ្ណ​នី អាយុ​៤៥​ឆ្នាំ ស្នាក់​នៅ​សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល បាន​ចូល​មក​សារភាព​ចំពោះ​មុខ​គណៈកម្មការ​ស៊ើបអង្កេត​ករណី​បង្ក​របួស​ស្នាម​លើ​អ្នកតំណាង​រាស្ត្រ ។ បន្ទាប់​ពី​ការ​សារភាព​នោះ​មក ពួក​គេ​ទាំង​៣​ត្រូវ​បាន​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​រហូត ។

អ្នកតំណាង​រាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​២​រូប ដែល​រង​ការ​វាយដំ​ក្នុង​ហេតុការណ៍​នោះ បាន​ស្នើ​សុំ​ទៅ​សមត្ថកិច្ច​ឱ្យ​ស្វែងរក​ជន​ដែ​ដល់​បន្ថែម​ទៀត ខណៈ​សំណុំរឿង​ពួក​លោក​កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ ។ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​មាន​ប្រសាសន៍​ថា ប្រសិនបើ​តុលាការ​រក​ឃើញ​អ្នក​ជាប់​ពាក់ព័ន្ធ​មាន​ច្រើន​ជាង​នេះ​ទៀត សមត្ថកិច្ច​នឹង​ស្វែងរក​ជន​ប្រព្រឹត្ត​បន្ថែម​ទៀត តាម​សំណើ​របស់​តុលាការ ។ អ្នកតំណាង​រាស្ដ្រ​ទាំង​២​រូប​របស់​គណបក្សសង្គ្រោះ​ជាតិ ដែល​ត្រូវ​រង​គ្រោះ​សម្រេច​មិន​ចូល​បំភ្លឺ​នៅ​ក្នុង​សវនាការ​ជំ​នុំជម្រះ នៅ​ថ្ងៃ​ទី​២៨ មេ​សា នេះ​ទេ ។

មេធាវី​ការពារ​ក្ដី​ឱ្យ​តំណាងរាស្ដ្រ​ទាំង​ពីរ គឺ​លោក ជួង ជូ​ងី និយាយ​ថា កូនក្ដី​របស់​លោក​ក្រៅពី​ប្ដឹង​ជនសង្ស័យ​ទាំង​៣​រូប ដែល​ចេញ​សារភាព​ក៏​មាន​ប្ដឹង​ជន​ដទៃ​ទៀត​ដែរ ប៉ុន្ដែ​មិន​ទាន់​ឃើញ​តុលាការ​មាន​ចំណាត់ការ​នៅឡើយ​ទេ ។ លោក​បានឱ្យ​ដឹង​ដែរ​ថា នៅ​ក្នុង​ដំណាក់កាល​ក្នុង​សវនាការ​ជំនុំជម្រះ គឺជា​ការ​ដេញដោល​រក​កំហុស​តាម​ការ​ចោទប្រកាន់​របស់​ព្រះរាជអាជ្ញា ទៅ​លើ​ជន​ត្រូវ​ចោទ ។ 

តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​រង​ការ​វាយ​ធ្វើបាប​ពី​ក្រុម​បាតុករ គឺ​លោក ញ៉​យ ចំរើន និយាយ​ថា អ្នក​វាយ​លោក មិនមែន​ត្រឹមតែ​បុរស​៣​នាក់​ចេញ​មុខ​សារភាព​នោះ​ទេ គឺ​ច្រើន​ជាង​នេះ ។ លោក​ថា ប្រសិនបើ​សមត្ថកិច្ច​ចង់​ស៊ើ​ប​អង្កេត​រក​ការ​ពិត​រឿង​នេះ អាច​ពិនិត្យ​មើល​វី​ដេ​អូ​កាមេរ៉ា​សុវត្ថិភាព​របស់​ស្ថានទូត​អូស្ដ្រាលី ៕