បើ​មិន​ព្រម​បិទ​ផ្សាយ​បំរាម នឹង​ចាប់​ផាកពិន័យ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល បាន​ធ្វើការ​ព្រមាន​ដាក់​ឱសានវាទ​ដល់​មា្ច​ស់​ទីតាំង​សាធារណៈ ឬ​ម្ចាស់​អាហារ​ដ្ឋា​ន​នានា គឺ​ទុក​រយៈពេល​៦​ខែ គឺ​តម្រូវ​ឱ្យ​បិទ​ផ្សាយ​បំរាម «​ហាម​ជក់បារី​» បើ​មិន​អនុវត្ត​តាម​ទេ ក្រសួង​នឹង​ចុះ​ទៅ​ផាកពិន័យ​តែ​ម្តង ។

លោកស្រី ឈា ឆដាភា ប្រធាន​មជ្ឈមណ្ឌល​ជាតិ​លើកកម្ពស់​សុខភាព​នៃ​ក្រសួងសុខាភិបាល​ឱ្យ​ដឹង កាលពី​ថ្ងៃ​ទី​២៨ មេ​សា ថា ការ​ទុក​រយៈពេល​៦​ខែ សម្រាប់​ត្រៀម​អនុវត្ត​ការ​បិទ​ស្លាក​សញ្ញា​អំពី​ការ​ហាម​ជក់បារី ឬ​ការ​បង្ហុយផ្សែង​ផលិតផល​ថ្នាំជក់​នេះ គឺជា​ពេលវេលា​មួយ​សមរម្យ ដើម្បី​ឱ្យ​ម្ចាស់​អាជីវកម្ម​ម្ចាស់​ដឹក​ជញ្ជូន​សាធារណៈ និង​ម្ចាស់​កន្លែងធ្វើការ​តាម​ក្រសួង​ស្ថាប័នរដ្ឋ និង​ឯក ជន​ទាំងអស់ ត្រូវ​ចូលរួម​អនុវត្ដ​ឱ្យ​បាន​គ្រប់​ៗ​គ្នា​ក្នុង​ការ​ជួយ​អប់រំ និង​ផ្លាស់​ប្ដូរ​ឥរិយាបថ​អ្នក​ជក់បារី ដែល​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​អ្នក​នៅ​ជុំវិញ​ខ្លួន ។

លោកស្រី​បន្ត​ថា រហូត​មក​ដល់​ពេល​នេះ ក្រសួងសុខាភិបាល កំពុង​រៀបចំ​ប្រកាស​ដែល​ចេញ​កំណត់​ដោយ​រដ្ឋមន្ដ្រី​ក្រសួងសុខា ភិបាល​ពាក់ព័ន្ធ​នឹង​ស្លាក​បំរាម​នៃ​ការ​ហាម​ការ​ជក់បារី ដើម្បី​បង្ហាញ​អំពី​ទំហំ និង​រូបរាង​ជាក់ស្ដែង ពិសេស​ការ​ណែនាំ​ដាក់​សារ​ព្រមាន និង​បង្ហាញ​ជា​គំរូ​សម្រាប់​ផ្ដល់​ជូន​ដល់​គ្រប់​ស្ថាប័ន​ទាំងអស់​យក​ទៅ​បិទ​ផ្សាយ​តាម​កន្លែង​របស់​ខ្លួន​។