បើនៅតែបែបនេះ គឺរលាយអស់មិនខាន​

ខេត្តបាត់ដំបង ៖ សេចក្ដី​​រាយ​ការ​ណ៍បឋម​​ពី​​តំបន់​ទន្លេសាប​ឱ្យ​​ដឹង​ថា បច្ចុប្បន្ន​នេះ ​ព្រៃ​លិច​ទឹក​សំរាប់​ជម្រក​ត្រី​ពង​កូន និង​សត្វព្រៃ​គ្រប់​​ប្រភេទ ដែល​រស់នៅ​តំបន់​ព្រៃរនាម បាន​និង​កំពុង​ប្រឈម​យ៉ាង​ខ្លាំង​ ដោយសារ​តែ​ភាពរាំងស្ងួត និង​ភ្លើង​ឆេះ​ព្រៃ ធ្វើ​ឲ្យ​ខ្វះខាត​ទឹក​នៅ​តាម​តំបន់​បឹង​អភិរក្ស​ត្រី​ពង​កូន សត្វព្រៃ​គ្មាន​ទឹក​ផឹក និង​គ្មាន​ទី​ជ្រក​ ដោយសារ​ភ្លើងព្រៃ​ឆេះ​រាលដាល​បំផ្លាញ់​រាល់ថ្ងៃ​ ។​

ប្រភព​​​បន្ត​ថា ភ្លើង​នៅ​​តែ​បន្ត​ឆេះ​រាលដាល​តំបន់​​ព្រៃ​លិច​ទឹក​មួយ​ថ្ងៃ​ៗ​រាប់រយ​ហិក​តា រីឯ​សត្វព្រៃ​ត្រូវ​គេ​ប្រទះ​ឃើញ​ងាប់​ជា​​ហូរហែ ដោយសារ​​គ្មាន​ទឹក​ផឹក និង​​គ្មាន​ទីជម្រក ​។ ភាគច្រើន ​គេ​ប្រទះ​ឃើញ​​មាននៅ​តាម​ភូមិសាស្ត្រ​នានា នៅ​ក្នុងស្រុក​ឯក​ភ្នំ ស្រុក​សង្កែ និង​ស្រុក​មោង​ប្ញ​ស្សី ដែល​មាន​ភូមិសាស្ត្រ​ជាប់​បឹង​ទន្លេសាប ​។

ប្រភព​ដដែល​បញ្ជាក់​​ថា ប្រជា​ពលរដ្ឋ​​និយាយ​ថា សត្វព្រៃ​ស្វា​ងាប់​ដោយសារ​គ្មាន​ទឹក​​ផឹក រីឯ​សត្វ​អណ្ដើក សត្វ​ពស់ ឬ​ប្រភេទ​សត្វ​ល្មូ​ន​ដទៃ​ទៀត​ងាប់ ​ដោយសារ​ខ្វះ​ទឹក​ផង និងងាប់​ដោយសារ​ភ្លើង​ឆេះ​ព្រៃ​ផង​។ បើ​តាម​​ពលរដ្ឋ​​បាន​បញ្ជាក់​ថា ករណី​ភ្លើង​ឆេះ​ព្រៃ​ភាគ​ច្រើន គឺ​បង្ក​ឡើង​ដោយ​ក្រុម​មនុស្ស​​ដែល​ដើរ​រុករក​ឃ្មុំ ប្រមាញ់​សត្វ និង​កាប់​រុករាន​ព្រៃ​លិច​ទឹក ដើម្បី​ប្រ​ព្រិ​ត្តបទ​ល្មើស​នេ​សាទ។

រីឯ​សមត្ថកិច្ច​ពាក់ព័ន្ធ ឬ​អាជ្ញាធរ​ដែនដី ហាក់​មិន​ទាន់​ឃើញ​មាន​វិធានការ​ទប់ស្កាត់ ឬ​ចុះ​អន្តរា​គម​ន៍​​បង្ក្រាប​ឱ្យ​​មាន​ប្រសិទ្ធភាព​ម្ដង​ណា​នៅឡើយ​ទេ រហូត​មក​ដល់​ពេល​នេះ​ ។ ប្រជា​សហ​គម​ន៍​នេសាទ​បាន​និយាយ​ដែរ​ថា បច្ចុប្បន្ន​នេះ ​ព្រៃ​លិច​ទឹក​ដែល​ជា​ជម្រក​ដ៏​សំខាន់​សំរាប់់​ត្រី​ពង​កូន​នៅ​រដូវ​ស្សា ​កំពុង​ប្រឈម​មុខ​យ៉ាង​ខ្លាំង​ជាមួយនឹង​ភ្លើងព្រៃ រីឯ​ត្រី​នៅ​តាម​បឹង​អភិរក្ស​របស់​សហ​គម​ន៍​ និង​សត្វព្រៃ​គ្រប់​ប្រភេទ ​ក៏​កំពុង​ប្រឈម​មុខ​ដូច​គ្នា​ដែរ ​។

ដូច្នេះ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ​គួរតែ​គិត​គូរពី​បញ្ហា​នេះ​ផង បើ​មិន​មាន​វិធានការ​ទេ តំបន់​ព្រៃ​ពង​កូន​អាច​នឹង​រលាយ​ហិន​ហោច​​ដោយសារ​ភ្លើងព្រៃ​ដែល​បង្ក​ឡើង​ដោយ​​មនុស្ស ។ រីឯ​សត្វព្រៃ​អាច​នឹង​បាត់បង់​ដោយសារ​តែ​គ្មាន​ទីជម្រក និង​គ្មាន​ទឹក​ផឹក​ ។