សម្តេច​តេ​ជោ ហ៊ុន សែន ៖ ទោះ​មាន់​មិន​រងាវ ក៍​ព្រះអាទិត្យ​នៅ​តែ​រះ

រាជធានី​ភ្នំពេញ ៖ គ្រោះ​មហន្តរាយ​រាំង​ស្ងួត​ឆ្នាំ​នេះ​បាន​ផ្តល់​មេរៀន​ឱ្យ​យើង​ច្រើន​មិន​ខុស​ពី​ទឹកជំនន់​ឆ្នាំ​២០០០​នោះ​ឡើយ ។​ កម្លាំង​មហា​សាមគ្គី​ជួយ​គ្នា​ក្នុង​គ្រាក្រ​ក៏​បាន​លេច​ចេញ​មក​ចំពោះ​មុខ​បងប្អូន​ជនរួមជាតិ​ហើយ ។ កម្លាំង​មនុស្សធម៌​ធំធេង​ណាស់​និង​គ្មាន​ព្រំដែន​ទេ នេះ​ហើយ​ជា​ចលនា​របស់​ជាតិ​យើង​។ អ្នក​ធ្វើ​និង​អ្នក​មិន​ធ្វើ​ក៏​នឹង​លេច​ចេញ​នៅ​ពេល​នេះ​ដែរ តែបើ​ទោះ​មាន់​មិន​រងាវ ក៏​ព្រះអាទិត្យ​នៅ​តែ​រះ​ដដែល ។

នេះ​ជា​សំ​ណេ​រ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​សរសេរ​នៅ​លើ​Facebook បង្ហោះ​នៅ​ប៉ុន្មាន​នាទី​មុន​នេះ ។

ទាក់ទង​ទៅ​នឹង​ភាពរាំងស្ងួត​នេះ​ដែរ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​បន្ថែម​ទៀត​ថា យុទ្ធនាការ​មិន​ដកថយ ប្រ​សិន​ប្រជាជន​មិន​ទាន់​មានទឹក​ប្រើប្រាស់​គ្រប់គ្រាន់​ដូច​មុន​ពេល​រាំង​ស្ងួត ។ ៣​ថ្ងៃ​កន្លង​មកនេះ​គ្រាន់តែ​ជា​ការ​ចាប់ផ្តើម​ប៉ុណ្ណោះ តែ​ជា​ការ​ចាប់ផ្តើម​មួយ​ដ៏​ល្អ​អាស្រ័យ​ដោយ​កម្លាំង​ទាំងអស់​ធ្វើ​សកម្មភាព​ព្រម​ៗ​គ្នា  ហើយ​ប្រជាជន​មួយ​ចំនួន​ធំ​ទទួល​បាន​ទឹក​ដែល​គ្មាន​ការ​រើសអើង​ខាង​នយោបាយ​។

សម្តេច​សរសេរ​ទៀត​ថា «​ដោយ​មាន​ភ្លៀង​ធ្លាក់​នៅ​តំបន់​មួយ​ចំនួន ខ្ញុំ​ស្នើរ​សុំ​បងប្អូន​ប្រជាពលរដ្ឋ​យកចិត្តទុកដាក់ ត្រងទឹក​ភ្លៀង ទុក​សំរាប់​ប្រើប្រាស់​។ កម្លាំង​អន្តរាគមន៍​ក្រៅពី​ដឹក​ទឹក ឬ​បូមទឹក​ជូន​ប្រជាជន​ប្រើប្រាស់ ត្រូវ​យកចិត្តទុកដាក់​លើ​ការ​ជីក​ស្រះ  ស្តារ ស្រះ​ទឹក ស្តារ​ប្រឡាយ​ទឹក ជីក​អណ្តូង ស្តារអណ្តូង​ទឹក ដើម្បី​ឱ្យ​ប្រជាជន​មានទឹក​ប្រើប្រាស់​ជា​ប្រចាំ មិនបាច់​ចែក​ទឹក​ដូច​ពេល នេះ​ទៀត ទោះ​មានការ​រាំង​ស្ងួត​ទៀត​ក៏​ដោយ​។​»