សម្តេច​តេ​ជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ​មានការ​ចិញ្ចឹម​ត្រី​រ៉ស់​និង​ត្រី​ឆ្តោ​ឡើង​វិញ

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​យល់ព្រម​តាម​សំណើ​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ ដោយ​អនុញ្ញាត​ឲ្យ​មានការ​ចិញ្ចឹម​ត្រី​រ៉ស់ និង​ត្រី​ឆ្តោ​ឡើង​វិញ​ជា​លក្ខណៈ​គ្រួសារ​និង​ពាណិជ្ជកម្ម ។

ការ​អនុញ្ញាត​យល់ព្រម​របស់​ប្រមុខ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥ កាលពី​ថ្ងៃ​ទី​២៧ មេ​សា ២០១៦​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ កាលពី​ថ្ងៃ​ទី​២២ មេ​សា ២០១៦ បាន​ដាក់​លិខិត​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន ហើយ​បាន​ពន្យល់​ហេតុផល​ពី​មូលហេតុ​ដែល​អាច​ធ្វើការ​ចិញ្ចឹម​ត្រី​រ៉ស់​និង​ត្រី​ឆ្តោ​ឡើង​វិញ ដើម្បី​បង្កើន​ប្រាក់​ចំណូល​និង​ការងារ​ជូន​ប្រជាពលរដ្ឋ​ដោយ​បញ្ជាក់​ថា បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេ បឹង ព្រែក​មួយ​ចំនួន​បាន​នាំ​គ្នា​ចិញ្ចឹម​ត្រី​ទាំង​ពីរ​ប្រភេទ​ខាងលើ​ជា​លក្ខណៈ​គ្រួសារ​ជា​យូរលង់​ណាស់​មក​ហើយ​ដើម្បី​បង្កើន​ប្រាក់​ចំណូល ដែល​រដ្ឋបាល​ជលផល​មានការ​លំបាក​យ៉ាង​ខ្លាំង​ក្នុង​ការ​ទប់ស្កាត់​ទម្លាប់​ចិញ្ចឹម​ត្រី​ទាំង​ពីរ​ប្រភេទ​នេះ​ឲ្យ​មាន​ប្រ​សិ​ទ្ឋ​ភាព ។

លិខិត​ដែល​ចុះហត្ថលេខា​ដោយ​លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​ពន្យល់​បន្ត​ថា ត្រី​រ៉ស់​និង​ត្រី​ឆ្តោ​ជា​ប្រភេទ​ត្រី​ដែល​មាន​តម្លៃ​សេដ្ឋកិច្ច​ខ្ពស់ ហើយ​មានការ​និយម​ចូល​ចិត្ត​បរិភោគ​ជា​ទូទៅ​សម្រាប់​ប្រជាពលរដ្ឋ​ទាំង​ក្នុង​និង​ក្រៅប្រទេស ។

ការ​សិក្សា​ស្រាវជ្រាវ​ចម្បង​ៗ​របស់​ប្រទេស​ជិតខាង​កម្ពុជា​ជា​ច្រើន​ឆ្នាំ​កន្លង​មក ដែល​កម្ពុជា​ក៍បាន​ចូលរួម​សហការ​ផង​ដែរ​នោះ​បាន​បង្ហាញ​ថា គេ​អាច​ចិញ្ចឹម​ត្រី​រ៉ស់​បាន​តាម​រយៈ​ផ្តល់​ចំណី​សិប្បនិម្មិត (​ចំណី​គ្រាប់​) ហើយ​មានការ​លូតលាស់​លឿន​ជាង​ការ​ផ្តល់​ចំណី​ជា​ប្រភេទ​កូន​ត្រី​ទៅ​ទៀត​ផង ។ ដូច្នេះ​ការ​ចិញ្ចឹម​ត្រី​រ៉ស់ លែង​ចោទ​ជា​បញ្ហា​ទៀត​ហើយ ពោល​គឺ​ត្រី​រ៉ស់​អាច​អនុញ្ញាត​ឲ្យ​ចិញ្ចឹម​ជា​ទូទៅ​បាន (​លក្ខណៈ​គ្រួសារ ឬ​ពាណិជ្ជកម្ម​) ។

ក្រសួងកសិកម្ម​បាន​លើក​ឡើង​នៅ​ក្នុង​លិខិត​ផ្ញើ​ជូន​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ដោយ​បន្ថែម​ទៀត​ថា មានការ​ផលិត​ចំណី​សិប្បនិម្មិត​សម្រាប់​ការ​ចិញ្ចឹម​ត្រី​រ៉ស់ ដែល​ចំណី​នេះ​អាច​នាំ​ចូល​ពី​ប្រទេស​ថៃ និង​វៀតណាម​បាន​យ៉ាង​គ្រប់គ្រាន់​។

ដោយឡែក​ចំពោះ​ត្រី​ឆ្តោ​ពុំ​ទាន់​មានការ​ស្រាវជ្រាវ​ណាមួយ​បង្ហាញ​ថា ប្រភេទ​ត្រី​នេះ​អាច​ចិញ្ចឹម​ដោយ​ប្រើ​ចំណី​សិប្បនិម្មិត​ជំនួស​ត្រី​ល្អិត​បាន​នៅឡើយ​ទេ ទោះបី​រដ្ឋបាល​ជលផល​បាន​សហការ​ជាមួយ​ប្រទេស​ជិតខាង​ស្រាវជ្រាវ​ជា​ច្រើន​ឆ្នាំ​ហើយក៍​ដោយ ប៉ុន្តែ​ស្ថានភាព​នៃ​ប្រទេស​កម្ពុជា ល​ទ្ឋ​ភាព​នៃ​ការ​ចិញ្ចឹម​ត្រី​ឆ្តោ​នៅ​តែ​អាច​ធ្វើ​បាន​ដោយ​កត្តា​៣​យ៉ាង គឺ៖

  1. -​មាន​ប្រភេទ​ត្រី​សមុទ្រ​ល្អិត​ៗ​ប្រមាណ​ជា​៦​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ ដែល​គេ​យក​មក​ធ្វើ​ជី​និង​កិន​ធ្វើ​ជា​ចំណី​សត្វ ឬ​នាំ​ចេញ​ទាំង​ស្រស់​សម្រាប់​ចិញ្ចឹម​ត្រី​ឆ្តោ​ទៅ​ប្រទេស​ជិតខាង​កម្ពុជា​ជា​ដដែល ។
  2. -​ក្រៅពី​ប្រភេទ​ត្រី​ល្អិត គឺ​មាន​ចំណី​ផ្សេង​ទៀត​សម្រាប់​ការ​ចិញ្ចឹម​ត្រី​ឆ្តោ​បាន​ដូច​ជា ៖ សាច់​ខ្ច​ង​មាស​ដែល​បំផ្លាញ​ដំណាំ​ស្រូវ សាច់​កណ្តុរ ដែល​អាច​ប្រមូល​ផល​បាន​រាប់​តោន​ក្នុង​មួយ​ថ្ងៃ​ៗ​និង​កាក​សំណល់​ផ្សេង​ៗ​ពី​សត្តឃាតដ្ឋាន​ថែម​ទៀត ។
  3. -​ដោយ​យល់​ឃើញ​ពី​សារៈសំខាន់​នៃ​វិស័យ​ជលផល ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នឹង​បន្ត​ខិតខំ​សហការ​ជាមួយ​ប្រទេស​ជិតខាង និង​អង្គការ​នានា​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​បន្ថែម​ទៀត​លើ​បច្ចេកទេស​ចិញ្ចឹម​ត្រី​ឆ្តោ ដើម្បី​ជំរុញ​វិស័យ​នេះ​ឲ្យ​មានការ​រីក​ចម្រើន​ក្នុង​ទិស​ដៅ​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​ឲ្យ​បាន​គ្រប់គ្រាន់ ៕