ប្រជា​ពល​រដ្ឋ​​​​1.819គ្រួសារ​ ទទួលបានទឹក​

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ជិត​២​ពាន់​គ្រួសារ រស់នៅ​ភូមិ​ព្រៃ​គ្រី​ជើង និង​ភូមិ​ព្រៃ​ត្បូង នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០១៦ មាន​ចិត្ត​សប្បាយ​រីករាយ​ក្រៃ​លែង ដោយ​បាន​ទទួល​អំណោយ​ជា​ទឹកបរិសុទ្ធ​មួយ​គ្រួសារ​មួយ​ប៊ីដុង​ពី​សម្តេចចៅហ្វា​វាំង គង់ សំ​អុល ឧប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ព្រះ​បរម​រាជវាំង ។

ពី​ធី​ចែក​ទឹកបរិសុទ្ធ​នេះ បាន​ធ្វើ​ឡើង​នៅ មុខ​សាលាស្រុក​ជល​គិរី ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក ស៊ុន សុវណ្ណ​រិ​ទ្ធ អភិ​បាល​រង​ខេត្ត លោក​ជំទាវ កែ ច័ន្ទ​មុនី អ្នកតំណាង​រាស្ត្រ មណ្ឌល​កំពង់ឆ្នាំង មន្ត្រីរាជការ អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ជា​ច្រើន​រូប​ទៀត ។

លោក យិ​ន សា​វ៉េ​ន អភិបាលស្រុក​ជល​គិរី បាន​រាយការណ៍​ក្នុង​ពិធី​ចែក​ទឹក​នោះ​ថា  កន្លង​ទៅ​នៅ​ក្នុងភូមិ​ព្រៃ​គ្រី​ជើង និង​ព្រៃ​គ្រី​ត្បូង នេះ មាន​ស្រះ​ទឹក​សរុប​ចំនួន​១២ រួម​ទាំង​ស្រះ​ទឹក​ព្រះសង្ឃ​ក្នុង​វត្ត​ផង ។ ប្រជាពលរដ្ឋ​ទាំង​ពីរ​ភូមិ​ដែល​នៅ​តាម​ជើងភ្នំ​ព្រៃ​គ្រី​នេះ​អាច​ប្រើប្រាស់​បាន ប៉ុន្តែ​ឆ្នាំ​នេះ​ស្រះ​ទឹក​ទាំងនេះ បាន​រីង​ទឹក​ដាច់​អស់ទាំង​ស្រុង​តែ​ម្តង ។

ក្នុងថ្ងៃនេះ ប្រជាពលរដ្ឋ​ទាំង​២​ភូមិ គឺ​ភូមិ​ព្រៃ​គ្រី​ត្បូង មាន​ចំនួន​៥៩៥​គ្រួសារ និង​ភូមិ​ព្រៃ​គ្រី​ជើង​១.២២៤​គ្រួសារ សរុប​មាន​ចំនួន​១.៨១៩​គ្រួសារ បាន​ទទួល​ទឹកបរិសុទ្ធ​ក្នុង​មួយ​គ្រួសារ​១​ប៊ិ​ដុ​ង​ចំណុះ​២០​លី​ត្រ ។​ លោក​បញ្ជាក់​ថា ក្នុងភូមិ​ទាំង​ពីរ​ដែល​មាន​ប្រជា​ពលរដ្ឋ ១.៨១៩​គ្រួសារ ត្រូវការ​ទឹក​ស្អាត​ប្រើប្រាស់ ហើយ​បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​ទឹក​ស្អាត​កំពុង​ត​បណ្តាញ​ដាក់​តាម​ផ្ទះ​ជា​បណ្តើរ​ៗ​ហើយ ដែល​គិត​មក​ដល់​ពី​នេះ​បាន​ជាង​៣០០​គ្រួសារ ក្នុង​ចំណោម​ទាំង​ជិត​២​ពាន់​គ្រួសារ ។

ដោយឡែក​ នៅ​តំបន់​ជើងភ្នំ​ព្រៃ​គ្រី​នេះ កន្លង​ទៅ​ប្រជាពលរដ្ឋ​បាន​ទិញ​ទឹក​ពី​រថយន្ត​ដឹក​ទឹក​លក់ ក្នុង​មួយ​ស៊ីទែន​ចំណុះ​២​ម៉ែត្រគូប​តម្លៃ​៣​ម៉ឺន​រៀល ។