​​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​សិស្ស​ ក្រោយ​ឃើញ​គ្រាប់​​ក្បែរ​​​សាលា

ខេត្តសៀមរាប ៖ លោកគ្រូ​អ្នកគ្រូ​នៅ​សាលា​បឋម​សិក្សា​គោក​ត្រប់ ក្នុងភូមិ​ស្លាត ឃុំ​ស្រែ​ខ្វាវ ស្រុក​អង្គរជុំ ដែល​មាន​ចម្ងាយ​ជាង​៧០​គីឡូម៉ែត្រ​ខាងជើង​ទីរួមខេត្ត​សៀមរាប បាន​សម្តែង​ការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​សិស្សានុសិស្ស ខណៈ​មាន​គេ​ប្រទះ​ឃើញ​ក្បាល​គ្រាប់​ និង​សម្បក​គ្រាប់ នៅ​ជិត​បរិវេណ​សាលារៀន​ដាច់​ស្រយាល​មួយ​នេះ កាលពី​ថ្ងៃ​ទី​២៥ ខែមេសា កន្លង​ទៅ ។

លោក ភឹង ដៀ​ត ដែល​ជា​គ្រូបង្រៀន​មួយ​រូប​នៅ​សាលា​បឋម​សិក្សា​ខាងលើ បានឱ្យ​ដឹង​ថា សាលា​បឋម​សិក្សា​គោក​ត្រប់​នេះ​បាន​កសាង​ឡើង​នៅ​ឆ្នាំ​២០១៣ ក្រោម​ជំនួយ​របស់​ប្រទេស​ដា​ណឺ​ម៉ាក និង​ជា​ឧ​ប​សម្ព័ន្ធ​របស់​សាលា​បឋម​សិក្សា​គោក​រាជ្យ ។ ចាប់តាំង​ពី​បង្កើត​មក​សាលា​នេះ​មានការ​ខ្វះខាត​យ៉ាង​ខ្លាំង សូ​ម្បី​តែ​ផ្លូវ​ចូល​សាលា​ក៏​ដើរ​តាម​ផ្ទះ​ប្រជាពលរដ្ឋ​ដែរ​។ ថ្មី​ៗ​នេះ នៅ​ក្បែរ​បរិវេណ​សាលា មាន​គេ​ប្រទះ​ឃើញ​សម្បក​គ្រាប់​ក៏​ដូច​ជា​ក្បាល​គ្រាប់​ចាស់​ៗ​ជា​ច្រើន ដែល​បង្ក​ឱ្យ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ទៅ​ដល់​សុវត្ថិ​ភាព​សិស្ស ។

លោកគ្រូ ភឹង ដៀ​ត បាន​សំណូមពរ​ដល់​អាជ្ញាធរ​ដែនដី ក៏​ដូច​ជា​ស្ថាប័ន​ពាក់ព័ន្ធ​នានា ជា​ពិសេស​អង្គការ​ស៊ី​ម៉ាក់ មេត្តា​ជួយ​រុករក​គ្រាប់​ក្នុង​ដី​ទាំង​នៅ​ក្នុង​និង​ក្រៅ​បរិវេណ​សាលា ដើម្បី​កុំឱ្យ​មាន​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ​ដល់​ប្រជាពលរដ្ឋ​នៅ​ទីនោះ ក៏​ដូច​ជា​សិស្សសាលា​ទាំងអស់​គ្នា ។

ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ខាងលើ​នេះ លោក ភ្លក់ ផុស អភិបាលស្រុក​អង្គរជុំ បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែមេសា​ថា ភូមិសាស្ត្រ​ស្រុក​អង្គរជុំ គឺជា​អតីត​សមរភូមិ​ក្តៅ​ក្នុង​សម័យ​សង្គ្រាម ។ ដូច្នេះ​ពិតជា​មាន​សម្បក​គ្រាប់​ខ្លះ​នៅ​សេសសល់​តាំងពី​សម័យ​សង្គ្រាម​នោះ​។ លោក​បញ្ជាក់​ថា មុន​នឹង​មានការ​សាងសង់​សាលា​នេះ​ឡើង ក៏​មានការ​ចូលរួម​ទាំង​មេ​ភូមិ និង​មេឃុំ ដែល​ពួក​គាត់​បាន​ស្គាល់​ភូមិសាស្ត្រ​នោះ​ច្បាស់​ដែរ ។

បើ​ទោះជា​យ៉ាងនេះ​ក្តី លោក ភ្លុក ផុស បញ្ជាក់​ថា លោក​នឹង​ទាក់ទង​ទៅ​អង្គការ​ស៊ី​ម៉ាក់​ដើម្បី​ចុះ​ទៅ​តំបន់​នោះ​រាវរក​គ្រាប់​មិន​ទាន់​ផ្ទុះ បន្ថែម​ទៀត ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​ដែល​កំពុង​សិក្សា​នៅ​ទីនោះ​បាន​ស្ងប់​អារម្មណ៍​មិន​ភ័យ​ខ្លាច ៕