លទ្ធផល​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​លើក​ទី​៥ នៃ​សន្និសីទ​អន្តរ​សកម្មភាព​នៅ​ចិន

តាម​​ការ​អញ្ជើញ​របស់​ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រី​ការ​បរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ឯកឧត្តម ប្រាក់ សុ​ខុន ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ទៅ​ចូលរួម «​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​លើក​ទី​៥ នៃ​សន្និសីទ​អន្តរ​សកម្មភាព និង​វិធានការ​កសាង​ទំនុកចិត្ត​នៅ​អាស៊ី (CICA)» ដែល​បាន​ប្រព្រឹត្តិ​ទៅ​ពី​ថ្ងៃ​ទី​២៧ ដល់ទី​២៨ មេ​សា ២០១៦ នៅ​ទីក្រុង​ប៉េ​កាំ​ង  សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

កិច្ចប្រជុំ​បាន​ធ្វើការ​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​ស្តី​ពី​សភាពការណ៍​សន្តិសុខ​ដែល​ប្រែប្រួល​យ៉ាង​ស្មុគស្មាញ និង​គួរ​ព្រួយបារម្ភ​នៅ​តំបន់​អាស៊ី​ទាំងមូល បណ្តាល​មក​ពី​ជម្លោះ​អធិប​តេយ្យភាព អំពើ​ភេរវកម្ម ជ្រុលនិយម​ប្រកបដោយ​ហិង្សា ការ​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ផ្សេង​ទៀត​។ អង្គប្រជុំ​បាន​សម្ដែង​នូវ​ការ​ឯកភាព​ខាង​ទស្សនៈ​​ស្តី​ពី​ភាព​ចាំបាច់​ក្នុង​ការ​កសាង​នូវ​បរិ​ដ្ឋា​ន​ជាប់លាប់​មួយ​សម្រាប់​សន្តិភាព និង​សន្តិសុខ​រួម​គ្រប់​ជ្រុងជ្រោយ និង​ស្ថិតស្ថេរ​តាម​រយៈ​ការពិគ្រោះ​យោបល់ កិច្ច​ពិភាក្សា ការ​ចរចា កិច្ច​សហប្រតិបត្តិការ និង​ការ​អនុវត្តន៍​វិធានការ​កសាង​ទំនុកចិត្ត​ក្នុង​ក្របខ័ណ្ឌ​នានា នៃ​សន្និសីទ​អន្តរ​សកម្មភាព និង​វិធានការ​កសាង​ទំនុកចិត្ត​នៅ​អាស៊ី​។

ក្នុង​បទ​អន្តរាគមន៍​ថ្លែង​ទៅ​កាន់​កិច្ចប្រជុំ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ជា​អាទិ៍​ថា ស៊ី​កា (CICA) គឺជា​វេទិកា​ពិភាក្សា​នយោបាយ​មួយ​ដ៏​ល្អ​រវាង​បណ្តា​សមាជិក​ដោយ​ផ្អែក លើ​ការពិគ្រោះ​យោបល់ កិច្ច​សន្ទនា កិច្ច​សហប្រតិបត្តិការ និង​មិន​ប្រឈម​មុខ​ដាក់​គ្នា​។ យើង​គួរតែ​បន្ត​អភិវឌ្ឍ​ផ្អែក​លើ​អាណត្តិ​របស់​ស៊ី​កា ដើម្បី​ដាក់​ចេញ និង​អនុវត្ត​វិធានការ​កសាង​ទំនុកចិត្ត​ច្បាស់លាស់​ថែម​ទៀត ដែល​អាច​រួមចំណែក​ដល់​ការ​រក្សា​បាន​នូវ​សន្តិភាព សន្តិសុខ ស្ថេ​រ​ភាព និង​សំខាន់​បំផុត គឺ​ការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។

ឯកឧត្តម ទេស​រដ្ឋមន្ត្រី​បាន​បន្ត​ទៀត​ថា «​សន្តិសុខ និង​ការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព គឺជា​ធាតុ​ពីរ​ដែល​មិន​អាច​កាត់​ផ្តាច់​ពី​គ្នា​បាន​។ សន្តិភាព និង​សន្តិសុខ នឹង​ជួប​ហានិ​ភ័យ ប្រសិនបើ​គ្មាន​ការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។ នេះ​គឺជា​ការ​ពិត​ដោយ​ផ្អែក​លើ​បទ​ពិសោធន៍​ដែល​ប្រទេស​ខ្ញុំ​បាន​ឆ្លងកាត់​បន្ទាប់​ពី​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស ឆ្នាំ​១៩៩១​។ មាន​សន្តិភាព សន្តិសុខ និង​ស្ថេ​រ​ភាព​នយោបាយ កម្ពុជា​សម្រេច​បាន​កំណើនសេដ្ឋកិច្ច​លើស​ពី​៧%​ក្នុង​រយៈពេល​ជាង​ពីរ​ទស្ស​វត្ស​កន្លង​មកនេះ​។ ដូចនេះ យើង​គួរ​សហការ​គ្នា​បង្កើត​ការ​ប្រឹងប្រែង​រួម​និង​មាន​ប្រសិទ្ធភាព ដើម្បី​ជម្នះ​បញ្ហា​ប្រឈម និង​ភាព​ខុស​គ្នា​ដ៏​ច្រើន ហើយ​ឆ្លៀត​ប្រើប្រាស់​នូវ​កលា​នុ​វត្ត​ភាព​ទាំងឡាយ ដើម្បី​កសាង​សន្តិភាព​»​។

ឯកឧត្តម​បន្ត​ទៀត​ថា «​កម្ពុជា​សូម​ស្វាគមន៍​ការ​បង្កើត​ទំនាក់ទំនង​រវាង​លេខាធិការដ្ឋាន CICA និង​អាស៊ាន និង​ស្វាគមន៍​សំណើ​របស់​ចិន​ក្នុង​ការ​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​សម្រាប់​កិច្ចប្រជុំ​កំពូល​ស៊ី​កា​លើក​ទី​៥ ឆ្នាំ​២០១៨ និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​ស៊ី​កា​លើក​ទី​៦ ឆ្នាំ​២០២០»​។

កិច្ចប្រជុំ​បាន​អនុម័ត​លើ «​សេចក្តីថ្លែងការណ៍​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​លើក​ទី​៥ នៃ​សន្និសីទ​អន្តរ​សកម្មភាព និង​វិធានការ​កសាង​ទំនុកចិត្ត​នៅ​អាស៊ី​» ដែល​រួម​មាន​ខ្លឹមសារ សំខាន់​ៗ គឺ​៖

-​កិច្ចប្រជុំ​អះអាង​ថា ពុំ​មាន​ប្រទេស ឬ​ក្រុម​ប្រទេស​ណាមួយ​មាន​សិទ្ធិ​អន្តរាគមន៍ ដោយ ផ្ទាល់ ឬ​ដោយ​ប្រយោល ទោះជា​ក្នុង​ហេតុផល​អ្វី​ក៏​ដោយ ចូល​កិច្ចការ​ផ្ទៃក្នុង ឬ​ផ្ទៃ​ក្រៅ​របស់​ប្រទេស​មួយ​ផ្សេង​ទៀត​ឡើយ​។

-​កិច្ចប្រជុំ​បាន​សម្ដែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ប្រឈម​ផ្នែក​សន្តិសុខ​នៅ​អាស៊ី និង​នៅ​ទីកន្លែង​ផ្សេង​ទៀត ដែល​បង្ក​ឡើង​ដោយ​ការ​កើនឡើង​នូវ​ការ​គំរាមកំហែង និង​អំពើ​ភេរវកម្ម​។

-​កិច្ចប្រជុំ​អះអាង​ជា​ថ្មី នូវ​ការ​ប្តេជ្ញា​ចិត្ត​បង្កើន​កិច្ច​សហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ការ ប្រឈម​ឆ្លង​ដែន ដូច​ជា​ឧ​ក្រិ​ដ្ធ​កម្ម​មានការ​ចាត់តាំង ការ​រត់ពន្ធ​គ្រឿងញៀន ការ​ជួញដូរ  មនុស្ស និង​ឧ​ក្រិ​ដ្ធ​កម្ម​តាម​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មានវិទ្យា​។

-​កិច្ចប្រជុំ​ស្វាគមន៍​ការ​បង្កើត​សហគមន៍​អាស៊ាន នៅ​ថ្ងៃ​ទី​៣១ ធ្នូ ២០១៥ និង​ការ​ខិតខំ​របស់​អាស៊ាន​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​តំបន់ ដើម្បី​លើក​ស្ទួយ សន្តិភាព និង​សន្តិសុខ​តំបន់​។

-​កិច្ចប្រជុំ​ជំរុញ​ការ​បង្កើត​ឡើង​នូវ​ទំនាក់ទំនង​រវាង​លេខាធិការដ្ឋាន​របស់ CICA និង របស់​អាស៊ាន​។

សន្និសីទ​អន្តរ​សកម្មភាព និង​វិធានការ​កសាង​ទំនុកចិត្ត​នៅ​អាស៊ី គឺជា​វេទិកា​អន្តររដ្ឋាភិបាល​សម្រាប់​បង្កើន​កិច្ច​សហប្រតិបត្តិការ​ឆ្ពោះទៅ​រក​ការ​ជំរុញ​សន្តិភាព សន្តិសុខ និង​ស្ថេ​រ​ភាព​នៅ​អាស៊ី​។ សន្និសីទ​នេះ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​១៤ កញ្ញា ១៩៩៩ និង​មាន​រដ្ឋ​សមាជិក​ចំនួន​២៦ រដ្ឋ​សង្កេត​ការ​ចំនួន​៦ និង​អង្គការ​សង្កេត​ការ​ចំនួន​៤​។

ក្នុ​ង​ឱកាស​ចូលរួម​កិច្ចប្រជុំ​នេះ ឯកឧត្តម​ទេសរ​ដ្ធ​មន្ត្រី​ក៏​បាន​ជួប​ទ្វេភាគី​មួយ​ចំនួន​។

នៅ​ក្នុង​ជំនួប​ការងារ​ជាមួយ​លោក វ៉ាង យ៉ា​ន​ហ្សី (WANG Yanzhi) ប្រធាន និង​ជានា​យក​ប្រតិបត្តិ «​មូលនិធិ​វិ​ថី​សូត្រ​» របស់​ចិន ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ប្រាក់ សុ​ខុន បាន​គូស បញ្ជាក់​ពី​បំណងប្រាថ្នា​របស់​កម្ពុជា ក្នុង​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ចិន ក្នុង​ក្របខ័ណ្ឌ​គំនិត​ផ្តួចផ្តើម «​ខ្សែ​ក្រ​វ៉ា​ត់​មួយ វិ​ថី​មួយ​» របស់​ឯកឧត្តម​ប្រធានាធិបតី​ចិន ស៊ី ជី​ន​ពីង ។ ឯកឧត្តម ទេស​រដ្ឋមន្ត្រី ក៏​បាន​លើក​ឡើង​ពី​តម្រូវការ​របស់​កម្ពុជា​លើ​ផ្នែក​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​គាំទ្រ​ដល់​កិច្ច​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ទេសចរណ៍ ហើយ​ឯកឧត្តម​បាន​ស្នើ​ឲ្យ​មូលនិធិ​វិ​ថី​សូត្រ ជួយ​ជម្រុញ​វិនិយោគ​ចិន​លើ​គម្រោង​ទាំងនោះ ។

លោក វ៉ាង យ៉ា​ន​ហ្សី បាន​ជម្រាប​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ថា អាទិភាព​សំខាន់​របស់ «​មូល និ​ធិ​វិ​ថី​សូត្រ​» គឺ​តំបន់​អាស៊ី​អាគ្នេយ៍ ក្នុង​នោះ​ក៏​មាន​កម្ពុជា​ផង​ដែរ ។ ដូចនេះ មូលនិធិ​នឹង​គាំទ្រ​ដល់​គម្រោង​នានា​ក្នុង​កា​រត​ភ្ជាប់​នៅ​កម្ពុជា ។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី និង​លោក​ប្រធាន​មូលនិធិ​បាន​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​គ្នា​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា ពិសេស​គឺ​ការ​កសាង​អាកាសយានដ្ឋាន​ថ្មី​នៅ​ខេត្តសៀមរាប ការ​ពង្រីក​អាកាសយានដ្ឋាន និង​កំពង់​ផែ​នៅ​ខេត្ត​ព្រះ​សីហ​នុ ហើយ​និង​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​ក្នុង​ផ្នែក​ផលិតកម្ម​កសិកម្ម​នៅ​កម្ពុជា ។

ឯកឧត្តម​បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​ថៃ ឯកឧត្តម Don Pramudwinai ហើយ​បាន​ពិភាក្សា​អំពី​ការ​ពង្រឹង និង​ពង្រីក​បន្ថែម​ទៀត នូវ​ទំនាក់ទំនង​មិត្តភាព និង​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​តំបន់​។ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ និង​ទទួល​ដោយ​រីករាយ​ចំពោះ​សេចក្តី​អញ្ជើញ​របស់​ឯកឧត្តម Don Pramudwinai  បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​ថៃ​។

ឯកឧត្តម​ក៏​បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​ទួ​រ​គី ឯកឧត្តម Mevlut Cavusoglu ហើយ​បាន​ពិភាក្សា​អំពី​ការ​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី និង​បេក្ខភាព​របស់​ទួ​រ​គី ជា​ដៃគូ​សន្ទនា​តាម​ផ្នែក​របស់​អាស៊ាន​។ រដ្ឋមន្ត្រី​ការ​បរទេស​ទួ​រ​គី បាន​អញ្ជើញ​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​បំពេញ ទស្សនកិច្ច​ផ្លូវការ​នៅ​ទួ​រ​គី ក្នុង​ពេលវេលា​សម​ស្រប​របស់​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​។