គ្រាន់តែភ្លៀង១មេ ធ្វើឱ្យប្តី-ប្រពន្ធសន្លប់​

ខេត្តត្បូងឃ្មុំ ៖ ​អាកាសធាតុ​នៅ​រដូវប្រាំង​នេះបាន​អូស​បន្លាយ​ជា​ច្រើន​ខែ ដោយ​បាន​ជួបនឹង​គ្រោះ​រាំង​ស្ងួត​​ស្ទើរ​ពាសពេញ​ប្រទេស​​ហើយ​​បឹងបួរ ស្ទឹង អូរ ប្រ​ទ្បា​យ ស្រះ ត្រពាំង ព្រមទាំង​អ​ណ្តូង​ត្រូវ​បាន​រីង​ខះ មិន​មានទឹក​សំរាប់​ប្រើប្រាស់​នោះ​ទេ ហើយ​​​បង្កឱ្យ​សត្វពាហនៈ​​ងាប់​អស់ជាច្រើនផងដែរ​​ ។

​ជាក់ស្តែង ​កាលពី​វេលា​ម៉ោង០​៤​ និង​៣០​​នាទី​រសៀល​ថ្ងៃ​ទី​២៨ មេ​សា ២០១៦ មេឃ​​​បាន​​បង្អុរ​ភ្លៀង​ធ្លាក់​មក​ច្រើន​គួរសម​ឡើង​ជោក​ដី​ នៅ​ភូមិ​តា​ប៉ាវ ឃុំ​ទួល​ស្នួល ស្រុក​ក្រូចឆ្មារ ក្នុង​នោះ​មាន​​រន្ទះ​បាន​បាញ់​អង់​ទែន​ទូរ​ទស្សន៍​ ​​បណ្តាល​ឱ្យ​​២​នាក់​ប្តី​ប្រពន្ធ​សន្លប់​ផង​ដែរ ។

លោក​វរ​សេនី​យ៏​ត្រី សាំ ហេង អធិការ​នគរបាល​ស្រុក​ក្រូចឆ្មារ​បានឱ្យ​​ដឹង​ថា ប្រជាពលរដ្ឋ​រស់នៅ​ភូមិ-ឃុំ​ខាងលើ​ ក៏​ដូច​ជា​បណ្តា​ឃុំ​ផ្សេង​ៗ​ទៀត​ក្នុងស្រុក​ក្រូចឆ្មារ បាន​ជួបនឹង​ភាព​ក្តៅ​រាំង​ស្ងួត​ដែល​ពុំ​ធ្លាប់ ជួប​ប្រទះ​ទាល់តែ​សោះ​នា​ពេល​កន្លង​មក ហើយ​រលក​កំ​ដៅ​នេះ​បាន​ជះ​ឥទ្ធិ​ពល ធ្វើ​​​​មនុស្ស និង​សត្វ​គ្រប់​ប្រភេទ​ ពិបាក​នឹង​ទ្រាំទ្រ ។

លោក​វរ​សេនី​យ៍​​ត្រី សាំ ហេង អធិការ​នគរបាល​ស្រុក​ក្រូចឆ្មារ​ បាន​ឱ្យ​ដឹង​ទៀត​ថា នៅ​សុខ​ៗ​ស្រាប់តែនៅ​ភូមិ​តា​ប៉ាវ មេឃ​បាន​ខ្មៅ​មី​ដេ​ដាស​ មិនយូរ​ប៉ុន្មាន​​ស្រាប់តែ​បង្អុរ​ភ្លៀង​ធ្លាក់​ចុះ​មក​ច្រើន​គួរសម ឡើង​ជោក​ដី​ជាមួយ​នោះ​ មាន​លាយឡំ​ទៅ​ដោយ​ខ្យល់​ផ្គរ​
រន្ទះ ​បាន​បាញ់​មក​លើ​អង់​តែ​ន​ទូរ​រ​ទស្ស​ន៍​​ បណ្តាល​​បុរស​ម្ចាស់ផ្ទះ​ឈ្មោះសាត ចិន្តា អាយុ​៤០​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះសយ សុខ​ឃា អាយុ​៣៤​ឆ្នាំ​ បាន​សន្លប់ទាំង២នាក់ ​ខណៈ​​កំពុង​​​អង្គុយ​លេង​នៅ​​ខាងក្រោម​ផ្ទះ​ឈើ ។ ក្រោយ​ពី​រាំងភ្លៀង ត្រូវ​បាន​សាច់ញាតិ​ដឹក​តាម​រថយន្ត​មក​សង្គ្រោះ​ជា​បន្ទាន់ នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម ។

លោក​វរ​សេនី​យ៍ទោ ប្រេង ហ៊ី​ម អធិការ​នគរបាល​ស្រុក​កោះសូទិន​ខេត្តកំពង់ចាម​វិញ​ ក៏​បាន​​​ឱ្យដឹង​ដែរ​ថា នៅ​រសៀល​ថ្ងៃ​ទី​២៨​
មេ​សា មេឃ​បាន​បង្អុរ​ភ្លៀង​ធ្លាក់​ចុះ​មក​ប្រហែលជា​១៥​ ទៅ​២០​នាទី​ ដក់​ទឹក​លើ​ស្រុក​កោះសូទិន បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​សេចក្តី​ត្រេក​អរ ស្រប​ពេល​ដែល​អាកាសធាតុ​កំពុងតែ​ក្តៅហែង​រាំង​ស្ងួត​ជា​ច្រើន​ខែ​មក​ហើយ​នោះ ។​