ព្រឹកស្អែក បញ្ជូន​ក្រុម​ជនសង្ស័យ​ផ្ទុះអាវុធ​កក្រើក​ក្រុង​ទៅ​តុលាការ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​៥​នាក់​ដែល​បាន​​បាញ់​តដៃ​ជាមួយ​សមត្ថកិច្ច​កក្រើក​រាជធានី​ភ្នំពេញ​កាលពី​ល្ងាច​ថ្ងៃ​ទី​២៧​មេ​សា រហូត​បណ្ដាល​ឲ្យ​ស្លាប់​មន្ត្រី​កង​រាជ​អាវុធហត្ថ​ម្នាក់ និង​ស្លាប់​មេខ្លោង​​ម្នាក់​នោះ ត្រូវ​បាន​សមត្ថកិច្ច​ត្រៀម​នឹង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​នៅ​ព្រឹក​ថ្ងៃ​ទី​៣០​មេ​សា​ស្អែកនេះ ។

លោក​វរសេនីយ៍ត្រី ប៉ាន់ សុភាព នាយការិយាល័យ​ស្រាវជ្រាវ​ប្រឆាំង​គ្រឿងញៀន នៃ​កង​រាជ​អាវុធ​ហត្ត​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៥​នាក់ ដែល​ចាប់ខ្លួន​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះ​មាន ១-​ឈ្មោះ លី កុក​ហ៊ុយ ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ ជា​ថៅ​ជ្រូក​ខ្វៃ យីហោ លី កុក​ហ៊ុយ ដែល​មាន​អាសយដ្ឋាន​ផ្ទះ​លេខ​៣៧ ផ្លូវ​៣៥១ សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក​, ២-​ឈ្មោះ ទី អៀង ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ត្រូវជា​ក្មួយបង្កើត​របស់​ឈ្មោះ លី កុក​ហ៊ុយ និង​ត្រូវជា​បងថ្លៃ​របស់​ឈ្មោះ លឹ​ម គឹ​ម​តេ​ង ដែល​ត្រូវ​សមត្ថកិច្ច​បាញ់​ស្លាប់​, ៣-​ឈ្មោះ លី វិ​រៈ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​កម្មករ​ខ្វៃ​ជ្រូក​, ៤-​ឈ្មោះ ក្រា​វ រិ​ទ្ធា​រ៉ា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ កម្មករ​ខ្វៃ​ជ្រូក និង ៥-​ឈ្មោះ ស៊ុន ដា​រ៉ូ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ កម្មករ​ខ្វៃ​ជ្រូក ។ ជាមួយ​នោះ​ដែរ​វត្ថុ​តាង​ចាប់​បាន​ក៏​នឹង​ត្រូវ​បញ្ជូន​ទៅ​សាលាដំបូង​ដូច​គ្នា មាន​ដូច​ជា ថ្នាំ​ញៀន​២០៦​គ្រាប់ រថយន្ត​២​គ្រឿង អាវុធ​ខ្លី​៥​ដើម និង​អាវុធ​វែង អាកា​១​ដើម ព្រមទាំង​សម្ភារៈ​មួយ​ចំនួន​ទៀត ចំណែក​សាកសព​ជនសង្ស័យ​ជា​មេខ្លោង​ឈ្មោះ លឹ​ម គឹ​ម​តេ​ង ត្រូវ​បាន​ដុត​កម្ទេច​ចោល​ហើយ​ដែរ ។

សូម​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​៣០​មេ​សាស្អែកនេះ​ សព​លោក​វរ​ស​នី​យ៍​ត្រី ទៀន ករុណា មន្ត្រី​កងរាជអាវុធហត្ថ​រហស្សនាម​និម្មិត​៣៣ ដែល​បាន​ពលី​ក្នុង​ពេល​បំពេញ ត្រូវ​បាន​ដង្ហែ​ទៅ​បូជា​នៅ​វត្ត​ន​ន្ទ​មុនី ដែល​តាម​ការ​ឲ្យ​ដឹង​ពី​គណៈកម្មការ​រៀបចំ​កម្មវិធី​ថា​នឹង​មាន​ភ្ញៀវ ញាតិ​មិត្ត​ជិត​ឆ្ងាយ​ចូលរួម​ដង្ហែ​កាន់​មរណទុក្ខ​ដ៏​ក្រៀមក្រម​នោះ​យ៉ាងច្រើន​កុះករ ក្រោម​ការ​ខិតខំ​រៀបចំ​យ៉ាង​អស់ពីដួងចិត្ត​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ឯក រ​ត្ន័ ស្រ៊ា​ង មេ​បញ្ចា​ការ​រង​កង​រាជ​អាវុធ​ហត្ត​លើ​ផ្ទៃ​ប្រទេស និង​ជាមរ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ត​រាជធានី​ភ្នំពេញ ៕