បងប្អូន​ស្រី​បង្កើត យកប្តី​ពី​ការ​រស់នៅ​ជាមួយ​គ្នា ក្នុង​ជីវភាព​ក្រីក្រ​បំផុត

ខេត្តកំពង់ឆ្នាំង ៖ ស្តាប់​ទៅ​វា​ជា​រឿង​គួរ​ថ្កោលទោស ឬ​ដាក់​កំហុស​ដល់​បុរស​ពិការ​ភាព​ម្នាក់ ដែល​រស់ក្នុង​សភាព​ទីទាល់​ក្រ​តែ​បែរជា​មាន​ប្រពន្ធ​ដល់​ទៅ​ពីរ និង​ប្រពន្ធ​ទាំង​ពីរ​ក៏​ត្រូវជា​បងប្អូន នឹង​គ្នា​ទៀតដោយ សង់​ខ្ទម​នៅ​ជិត​គ្នា កសាង​ក្តី​ស្នេហា​បានកូន​សរុប​ដល់​ទៅ​១១​នាក់ ប៉ុន្តែ​ពេល​នេះ បុរស​ជា​ប្តីបាន​ធ្លាក់ខ្លួន​ឈឺ​៣​ថ្ងៃ ហើយ​ក្រោក​ពី​កន្ទេល​មិន​រួច​ដោយ​ជំងឺ​ចុក​ពេញ​ពោះ​មិនដឹង​កើតរោគ​អ្វី​នោះ​ទេ មិន​ហ៊ាន​ទៅ​ពេទ្យ ព្រោះ​គ្មាន​ប្រាក់​សូ​ម្បី​១០០​រៀល​ដាក់​លើ​ផ្ទះ នេះ​ជា​ព្រហ្ម​លិខិត ឬ ជា​ព្រេងវាសនា0x017d7 ។ ទោះ​យ៉ាងណា នេះ​ជា កម្ម ដែល​ភាសាបាលី​ប្រែ​ថា​អំពើ ។

គ្រួសារ​ចម្លែក​ដោយ​បុរស​ជា​ប្តី​ប្រពន្ធ​បង​ផង​ប្អូន​ផង​នេះ មាន​ទីលំនៅ​តំបន់​សម្ល​សាប ស្ថិត​ក្នុងភូមិ​ស្រែ​អុក ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស ។ នៅ​ព្រឹក ថ្ងៃ​ទី​២៩ ខែមេសា ភ្នាក់ងារ​កោះសន្តិភាព បាន​សុំ​ការ​អនុញ្ញាត​ឲ្យ​លោក​មេ​ភូមិ និង​លោកស្រី ក្រុមប្រឹក្សា​ឃុំ ជូន​ទៅ​ដល់​ខ្ទម​គ្រួសារ​ខាងលើ ដើម្បី​ផ្តិត​យក​រូបភាព​ឲ្យ​បាន​ជាក់លាក់ ។ តាម​ការ​រៀបរាប់​របស់​ស្ត្រី​ទាំង​២​នាក់ ដែល​ត្រូវជា​បងប្អូន​បង្កើត​នឹង​គ្នា​យកប្តី​មួយ​ពីរ​នាក់​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ជា​បង​ជា​ប្រពន្ធ​ទី​១  មានឈ្មោះ ជេ​ត ខេ​ង អាយុ​៤១​ឆ្នាំ បានកូន​៥​នាក់ កូន​បង​អាយុ​១៧​ឆ្នាំ និង​ស្ត្រី​ប្អូន ជា​ប្រពន្ធ​ទី​២ មានឈ្មោះ ជេ​ត ខឿន អាយុ​៤០​ឆ្នាំ មានកូន​៦​នាក់ កូន​បង​អាយុ​១៨​ឆ្នាំ ចំណែក​បុរស​ជា​ប្តី​មានឈ្មោះ អឿ​ន វឿ​ន អាយុ​៤៧​ឆ្នាំ ពិការ​ជើង​ខាងឆ្វេង និង​ភ្នែក​ម្ខាង​។

គាត់​ពិការ​ភាព​ដោយសារ​ជាន់​មីន កាល​គាត់​នៅ​រកស៊ី​កាប់​ឈើ​តាម​បន្ទាត់​ព្រំដែន​ខ្មែរ​ថៃ ក្នុង​អំឡុង​ឆ្នាំ​១៩៨៨ ។ ប្រភព​ដដែល​បាន​បន្ត​ថា សព្វថ្ងៃ​គ្រួសារ​គាត់​ក្រីក្រ​ខ្លាំង​ណាស់ គ្មាន​ដីស្រែ​សម្រាប់​ធ្វើ​ទេ ខែវស្សា​ដើរ​ស៊ីឈ្នួល​ដក​ស្ទូង និង​ច្រូតកាត់​ឲ្យ​គេ ចំណែក​ខែប្រាំង​វិញ គឺ​ត្បាញ​កញ្ជើ​លក់​ដើម្បី​ចិ​ញ្ជឹ​ម​ជីវិត​។ សព្វ​ថ្ងៃនេះ​កូន​ៗ​មិន​បាន​រៀនសូត្រ​អ្វី​ទេ ព្រោះតែ​ភាព​ក្រីក្រ និង​ម្យ៉ាង​សាលារៀន​នៅ​ឆ្ងាយ​ជាង​៤​គីឡូម៉ែត្រ ។ អ្វី​ដែល​ពួក​គាត់​កាន់តែ​លំបាក​ទៀត​នោះ គ្រា​ដែល​កំពុង​តែ​ខ្វះខាត​នេះ​បុរស​ជា​ប្តី​បាន​ធ្លាក់ខ្លួន​ឈឺ ចុក​ក្នុង​ពោះ មិន​អាច​ងើប​ពី​កន្ទេល​បាន មិនដឹង​ថា​ជា​ជំងឺ​អ្វី​នោះ​ទេ ។​ពួក​គាត់​ជា​ប្រពន្ធ​ទាំង​ពីរ​នាក់ បាន​លើកដៃ​សំពះ​សុំ​អង្វរ ក្តី​មេត្តា​ពី​សប្បុរសជន នានា​សូម​មេត្តា​ជួយ​ឧ​ប​ត្ថ​ម​ដល់​គ្រួសារ​គាត់​ផង ព្រោះ​ពេល​នេះ​ក្តី​លំបាក​វេទនា​កាន់តែ​ខ្លាំង​ហើយដោយ​សារ​តែ​ប្តី​កំពុង​មាន​ជំងឺ និង​គ្មាន​ប្រាក់​យកប្តី​ទៅ​មន្ទីរពេទ្យ​ទៀត ។

លោក​មេ​ភូមិ ទា សៅ និង​លោកស្រី​ក្រុមប្រឹក្សា​ឃុំ ចាន់ សុក បាន​និយាយ​ដូច​គ្នា​ថា គ្រួសារ​ខាងលើ​ពិតជា​ក្រីក្រ​ខ្លាំង​ណាស់ ប្តី​ប្រពន្ធ​រួម​ទាំង​កូន​ៗ​បង ផង​បាន​ស៊ីឈ្នួល​ធ្វើស្រែ កាប់​គាស់​គល់ឈើ​ឲ្យ​គេ និង​កាប់​ឬ​ស្សី ត្បាញ​កញ្ជើ​លក់ ដើម្បី​ចិ​ញ្ជឹ​ម​ជីវិត  ។ ថ្វីបើ​គ្រួសារ​នេះ​មាន​ប្តី​១​ពីរ​នាក់​ពិតមែន តែ​អាជ្ញាធរ​មូលដ្ឋាន មាន​ក្តី​មេត្តា បាន​ដាក់​បំបែក​ឲ្យ​គាត់ មាន​ពីរ​គ្រួសារ​ដាច់​គ្នា ដើម្បី​ពេល​មាន​ជំនួយ​មក​គឺ​បាន​ពីរ​គ្រួសារ​ដែរ ។ ក្នុង​នាម​ពួក​គាត់​ជា​អា​ជ្ញ​ធរ ភូមិ ឃុំ  សូម​ធ្វើការ​អំពាវនាវ សុំ​ក្តី​មេត្តា​ពី​សប្បុរសជន ជិត​ឆ្ងាយ សូម​ជួយ​គ្រួសារ​ខាងលើ​នេះ​ផង ពេល​នេះ​ពិតជា​កំពុង​ជួប​ទុក្ខ​លំបាក​ខ្លាំង​ណាស់ សង្ឃឹមថា​បងប្អូន​ពិតជា​ជួយ​ឧ​ប​ត្ថ​ម តាម​ស​ទ្ឋា​ជ្រះថ្លា ជួយ​គ្រួសារ​ក្រីក្រ​នេះ​ជា​ពុំខាន ៕