ព្រានព្រៃ​ភ្លាត់ស្នៀត​ត្រូវ​ភ្នែក​ខ្លួនឯង​របួសធ្ងន់

ខេត្តឧត្តរមានជ័យ ៖ បុរស​ម្នាក់​ជា​ព្រាន​បរបាញ់​សត្វព្រៃ​ដោយ​កាំភ្លើង​កែ​ច្នៃ ស្រាប់តែ​ភ្លាត់ស្នៀត​បែ​រ​ជា​ត្រូវ​ភ្នែក​ខ្លួនឯង​រង​របួសធ្ងន់ ។ ហេតុការណ៍​ភ្លាត់ស្នៀត​ត្រូវ​ភ្នែក​ខ្លួនឯង​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០១៦ នៅ​ចំណុច​ព្រៃ​ស្អា​ក ក្នុងភូមិ​អូរ​តា​មេ​ង ហៅ​ភូមិ​អណ្តូង​៣ ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា បុរស​រង​គ្រោះ​ឈ្មោះ កំបោ  ត្រា ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

យោង​តាម​សម្តី​អ្នក​ភូមិ​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុងភូមិ​នេះ​សំបូរ​កាំភ្លើង​កែ​ច្នៃ​សម្រាប់​បរបាញ់​សត្វ​ណាស់ ហើយ​កន្លង​មក​ដើរ​បរបាញ់​ត្រូវ​ខ្លួនឯង​ស្លាប់​បាត់បង់​ជីវិត​ជា​ច្រើន​នាក់​មក​ហើយ ។ អ្នក​ភូមិ​បាន​បន្ត​ថា នៅ​ក្នុងភូមិ​បើ​កើត​មាន​អាវុធ​កែ​ច្នៃ​កើត​មាន​បែប​នេះ ប្រជា​ពលរដ្ឋ​មាន​អារម្មណ៍​ភ័យ​ខ្លាច​នៅ​ពេល​កើត​មាន​ជម្លោះ​បន្តិច​ប​ន្ទួ​ច អាច​នឹង​យក​កាំភ្លើង​មក​បាញ់​សម្លាប់​គ្នា​ក៏​អាច​ថា​បាន​ដែរ គួ​ណាស់​សមត្ថកិច្ច​រួម និង​អាជ្ញាធរ​មូលដ្ឋាន​ជួយ​ធ្វើការ​បង្ក្រាប​ផង ។

អ្នក​ភូមិ​បញ្ចា​ក់ថា ជាក់ស្តែង​បុរស​ម្នាក់​ឈ្មោះ កំបោ  ត្រា បាន​យក​កាំភ្លើង​កែ​ច្នៃ​ដើ​បរបាញ់​សត្វព្រៃ ស្រាប់តែ​ជួប​អកុសល​ដាច់​គូទ​ឆ្នុក​គ្រាប់កាំភ្លើង​រត់​ចេញ​មក​ក្រោយ​ត្រូវ​ភ្នែក​ខ្លួនឯង​ខាងស្តាំ​រង​របួស​ធ្ងន់ធ្ងរ ត្រូវ​ក្រុម​គ្រួសារ​នាំ​មក​ធ្វើការ​សង្គ្រោះ​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ស្រុក​អន្លង់​វែង ។

ក្រុម​គ្រូពេទ្យ​បាន​ឲ្យ​ដឹង​ថា យោង​ទៅ​លើ​របួស​នេះ​ធ្ងន់ធ្ងរ​ណាស់ ក្បាល​គ្រាប់​នៅ​ក្នុង​ក្បាល ត្រូវការ​វះកាត់​យក​ក្បាល​គ្រាប់​ចេញ គ្រូពេទ្យ​បាន​បញ្ជូន​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ​ខេត្តសៀមរាប​ធ្វើការ​សង្គ្រោះ​បន្ត​ទៀត ៕