ចោរ​កាច់​.​ក​ម៉ូតូ​អាយុ​៦០​ឆ្នាំ ត្រូវ​ជាប់​ខ្នោះ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​វ័យ​ចំណាស់​ម្នាក់ ទំពែក​ទាំង​ក្បាល​អស់​សក់​រលីង​ហើយ មិន​គិត​ចូល​វត្តវ៉ា​ធ្វើបុណ្យ​កាន់សីល​ទាន​នោះ​ឡើយ បែរជា​ធ្វើ​ចោរ និង​បាន​ធ្វើ​សកម្ម​ភាព​កាច់​សោ​.​ក​ម៉ូតូ​១​គ្រឿង​បាន​សម្រេច​ហើយ​។ ប៉ុន្តែ​ជិះ​រត់គេច​មិន​រួច ត្រូវ​បាន​កម្លាំង​ប៉ូលិស​ប៉ុស្ដិ៍​ចោម​ចៅ សហការ​ជាមួយ​ប្រជាពលរដ្ឋ​ប្រដេញ​តាម​ចាប់​បាន​ភ្លាម​ៗ រួម​ទាំង​ម៉ូតូ​១​គ្រឿង​ផង​ដែរ បន្ទាប់​មក​បាន​នាំ​ទៅ​សាកសួរ និង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់​។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២៣ មេ​សា ២០១៦ នៅ​ចំណុច​ផ្ទះ​ជួល​ម្តុំ​ព្រះ​វិហា​ឥ​ស្លា​ម ស្ថិត​ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ម រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ខាងលើ​នោះ ឈ្មោះ ទី​ន ធី ភេទ​ប្រុស  អាយុ​៦០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ក្តៀង​រាយ ឃុំ​ក្តៀង​រាយ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង ។ ប៉ូលិស​ឆែកឆេរ​រក​ឃើញ​មាន​វត្ថុ​តាង​ដែក​ស្រួច​សម្រាប់​កាច់​បំបាក់​សោ​.​ក​ម៉ូតូ ហើយ​ម៉ូតូ​ដែល​ទើប​និង​កាច់​.​កបាន​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FJ-8853 ដែល​ជា​កម្មសិទ្ធិ​របស់​ឈ្មោះ ណា​ង ណ​ត ភេទ​ប្រុស  អាយុ​២៤​ឆ្នាំ មាន​មុខរបរ​កម្មករ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​កើតហេតុ​ខាងលើ និង​មានស្រុក​កំណើត នៅ​ភូមិ​ស្ដុក​ឆ្លាត ឃុំ​មាន​ជ័យ ស្រុក​ឧត្តុង្គ ខេត្តកំពង់ស្ពឺ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ទុក​ម៉ូតូ​នៅ​ចំ​ណុ​ខ​មុខ​បន្ទប់​ផ្ទះ​ជួល​ខាងលើ ហើយ​ត្រូវ​បាន​ជនសង្ស័យ​ដែល​ជា​មុខសញ្ញា​ចោរលួច​ម្នាក់​នោះ ធ្វើ​សកម្មភាព​លួច​កាច់​សោ​.​កបាន​សម្រេច និង​បាន​ជិះ​គេចខ្លួន ប៉ុន្តែ​ត្រូវ​បាន​ម្ចាស់ និង​ប្រជាពលរដ្ឋ​ឃើញ​ទាន់ ក៏​បាន​ស្រែក​ឆោឡោ​បង្ក​ការ​ភ្ញាក់ផ្អើល​។​ខ ណៈ​នោះ​កម្លាំង​ប៉ូលិស​ប៉ុស្ដិ៍​ចោម​ចៅ បាន​ចេញ​អន្តរាគមន៍ ទើប​ជួប​មុខសញ្ញា​ចោរ​នោះ​នៅ​តាម​ផ្លូវ ក៏​បាន​ចាប់ខ្លួន​បាន​ភ្លាម​ៗ​តែ​ម្ដង បន្ទាប់​មក​ជនសង្ស័យ​នោះ រួម​ជាមួយ​វត្ថុ​តាង​ទៅ​កាន់​ប៉ុស្តិ៍​ចោម​ចៅ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕