ផ្ទះ​លក់​គ្រឿងទេស​ក្លាយជា​ចំណី​ភ្លើង​កណ្តាលរាត្រី

ខេត្តកណ្តាល ៖ ផ្ទះ​លក់​គ្រឿងទេស​មួយ​ខ្នង​នៅ​ភូមិ​ព្រែ​ប៉ុ​ល ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​អស់ទាំង​ស្រុង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៦ ។

បើ​តាម​សម្តី​ម្ចាស់ផ្ទះ​ឈ្មោះ អ៊ឹ​ង កៀង ភេទ​ស្រី អាយុ​៥២​ឆ្នាំ បាន​រៀបរាប់​ប្រាប់​អ្នក​យក​ព័ត៌មាន​ទាំង​ទឹកភ្នែក​ថា​ ផ្ទះ​របស់​គាត់​ដែល​ត្រូវ​ភ្លើង​ឆេះ​នេះ​មាន​ទំហំ​ទទឹង​៦​ម៉ែត្រ បណ្ដោយ​១២​ម៉ែត្រ សាងសង់​អំពី​ឈើ​ ដំបូល​ប្រក់ស​ង្ក័​សី ជញ្ជាំង​ក្ដារ និង​ក្រាល​ក្ដា រួម​ទាំង​​សម្ភារ​លក់​គ្រឿងទេស​ជា​ច្រើន​ទៀត​ត្រូវ​ឆេះ​អស់ទាំង​ស្រុង​ ។

ស្ត្រី​ម្ចាស់ផ្ទះ​បន្ត​ថា នៅ​វេលា​កើតហេតុ រូប​គាត់​កំពុង​ដេក​ជាមួយ​កូន និង​ចៅ​ៗ​នៅ​លើ​ផ្ទះ ស្រាប់តែ​ភ្ញាក់​ដឹងខ្លួន​ឡើង​ឃើញ​អណ្តាតភ្លើង​ឆាបឆេះ​ត្រង់​ចំណុច​ប៉ា​រ៉ែត​ភ្លើង​ក្នុងផ្ទះ ។ ពេល​ឃើញ​ដូច្នោះ​រូប​គាត់​ក៏​នាំ​កូន និង​ចៅ​ៗ​លោត​ចុះ​តាម​ទ្វារ​ក្រោយ ហើយ​ស្រែកហៅ​ឲ្យ​អ្នក​ជិតខាង​មក​ជួយ​ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ស្រុក និង​សមត្ថកិច្ច​ប៉ុស្តិ៍​ជួយ​ទាក់ទង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល​ចំនួន​២​គ្រឿង​មក​ជួយ​បាញ់​ទឹក​ពន្លត់ ប៉ុន្តែ​ដោយសារ​អណ្តាតភ្លើង​ឆាបឆេះ​លឿន ណាមួយ​រថយន្ត​ពន្លត់​អគ្គិ​ភ​យ័រ​បស់​ស្នងការ​ខេត្ត​នៅ​ឆ្ងាយ​ទៀត ទើប​មិន​អាច​គ្រប់គ្រង​ស្ថានភាព​បាន​ទាន់​ពេលវេលា ។

ទោះជា​យ៉ាងណា ហេតុការណ៍​ភ្លើង​ឆេះ​ផ្ទះ​នេះ​មិន​បណ្តាល​ឲ្យ​មនុស្ស​ណា​ម្នាក់​រង​របួស​ទេ គ្រាន់តែ​បាត់បង់​ផ្ទះ​ និង​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ធំ​តែ​ប៉ុណ្ណោះ ។

ប្រជា​ពលរ​ដ្ធ​បាន​លើក​ឡើង​ថា ករណី​នេះ​បើសិនជា​នៅ​តាម​អធិការ​ស្រុក​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ប្រាកដជា​គ្រប់គ្រង​ស្ថានការណ៍​ទាន់​ពេលវេលា​មិន​ខាន ៕