ប្រទះឃើញសត្វទន្សោង នៅសល់តែគ្រោងឆ្អឹងក្នុងព្រៃសហគមន៍

ខេត្តឧត្តរមានជ័យ ៖ តំបន់​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ​ន័ ដែល​មាន​ផ្ទៃដី​ទំហំ​ជាង​១​ម៉ឺន​ហិ​កតា ស្ថិត​ក្នុងស្រុក​អន្លង់​វែង ក្រុង​សំរោង និង​ស្រុក​ចុងកាល់ ខេត្តឧត្តរមានជ័យ ត្រូវ​បាន​ក្រុម​ព្រាន​លួច​ចូល​បរបាញ់​សត្វ​ជា​ញឹកញាប់​។ ជាក់ស្តែង​នៅ​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០១៦ ក្រុម​សមាជិក​សហគមន៍​រុក្ខ​វ​ន័​បាន​ដើ​ល្បាត​ព្រៃ​បាន​ប្រទះ​ឃើញ​គ្រោងឆ្អឹង​សត្វ​ទន្សោង​មួយ​ក្បាល ខណៈ​ក្រុម​ព្រាន​បាញ់​យក​សាច់​ទៅ​អស់​។ ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ខេត្ត​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ខេត្ត​នេះ​គឺ​សម្បូ​ទៅ​ដោយ​តំបន់​ព្រៃឈើ​ស្រោង​មើល​មេឃ​មិនឃើញ ហើយ​ទឹកបាន​ធ្លាក់​មិន​ថា​រដូវវស្សា ឬ​រដូវ​ប្រាំ​នោះ​ទេ ចំណែក​សត្វព្រៃ​គ្រប់​ប្រភេទ​ក៏​បាន​ជ្រកកោន​នៅ​ក្នុង​តំបន់​ព្រៃ​នេះ​ផង​ដែរ​។

ពលរដ្ឋ​បន្ត​ថា សព្វ​ថ្ងៃនេះ​នៅ​សល់​តែ​តំបន់​ព្រៃ​សហគមន៍​ស​ង្ឈ​រុក្ខ​វ​ន័​ដែល​ព្រះសង្ឃ​មេគណ ប៊ុ​ន សា​លួត ជា​ប្រធាន​សហគមន៍​បាន​ខិតខំ​មិន​ថា​យប់​ថៃ​ទេ​លោក​តែងតែ​នាំ​ព្រះសង្ឃ​រួម​ទាំង​សមាជិក​ការពារ​ព្រៃ​ដើរ​ល្បាត​មើល​ព្រៃ តែ​ទោះជា​បែប​ណា​ក៏​ដោយ នៅ​តែ​មាន​មនុស្ស​ទុច្ចរិត​បាន​ឆក់​ឳ​កាស​លួច​ចូល​បរបាញ់ និង​លួច​កាប់​ឈើ​ផង​ដែរ​។ ពលរដ្ឋ​បាន​បញ្ចា​ក់ថា ដោយសារ​តែ​មាន​ពលរដ្ឋ​មួយ​ចំនួន រួម​ទាំង​អ្នកមាន​អំណាច គិតតែ​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ដោយ​មិន​គិត​ពី​ផល​ប៉ះពាល​បាត់បង់​សម្បត្តិ​ធម្មជាតិ ទើប​ប្រទេស​កម្ពុជា​បាន​ប្រែប្រួល​នូវ​អាកាសធាតុ​ក្តៅ​ខ្លាំង មាន​ភ្លៀង ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ និង​គ្រោះ​ធម្មជាតិ​ផ្សេង​ៗ ។

ទាក់ទង​ហេតុការណ៍​នេះ នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៦ កោះសន្តិភាព​បាន​ទូ​ស័ព្ទ​ជួប​ព្រះ​តេជគុណ ប៊ុ​ន សា​លួត មេគណ​ខេត្ត​ព្រះ​អង្គ​មាន​ស​ង្ឈ​ដីកា​ឲ្យ​ដឹង​ថា សព្វ​ថ្ងៃនេះ​តំបន់​ព្រៃ​សហគមន៍​ស​ង្ឈ​រុក្ខ​វ​ន័​កំពុង​តែ​ទទួល​រង​ការ​កាប់​បំផ្លាញ់​អស់​មួយ​ចំនួន និង​ពពួក​ក្រុម​ព្រាន​បាន​លួច​ចូល​ដើរ​បរបាញ់​សត្វព្រៃ​ផង​ដែរ​។ ព្រះ​អង្គ​បន្ថែម​ថា កន្លង​មក​ក្រុម​ព្រាន​ដើរ​បរបាញ់​សត្វព្រៃ រួម​ទាំង​ក្រុម​អ្នក​លួច​ចូល​កាប់​ឈើ​នោះ សមាជិក​រួម​ទាំង​ព្រះ​ស​ង្ឈ​ការពារ​ព្រៃឈើ​បាន​ធ្វើការ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​ចាត់ការ​តាម​ផ្លូវច្បាប់​។ ជាក់ស្តែង​ក្រុម​ព្រាន​ដែល​លួច​ចូល​បរបាញ់​សត្វ​ទន្សោង​១​ក្បាល​កាលពី​អំឡុង​ថ្ងៃ​ទី​២២​មក​ដល់​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០១៦​នេះ ដែល​សមាជិក​ការពារ​ព្រៃ​បាន​ជួប​ប្រទះ​គ្រោងឆ្អឹង យើង​បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​២​នាក់​ហើយ កំពុង​កសាង​សំណុំរឿង​ចាត់ការ​តាម​ផ្លូវច្បាប់​៕