អគ្គី​ភ័យ​ឆាបឆេះ​រោងចក្រ​កិន​ដើម​អាកា​ស្យា និង​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៣​ខ្នង

ខេត្ត​ព្រះ​សីហ​នុ ៖ យ៉ាង​ហោច​ណាស់​ក៏​មានផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៣​ខ្នង រួម​ជាមួយ​សម្ភារ​និង​ម៉ាស៊ីន​កិន​ដើម​អាកា​ស្យា​បាន​រង​ការ​ខូចខាត ដោយសារ​អគ្គី​ភ័យ​ឆាបឆេះ រាលដាល​ចេញពី​ការ​ឆេះ​គំនរ​ឈើ​របស់​រោងចក្រ HMM ដែល​ជា​រោងចក្រ​កិន​ដើម​អាកា​ស្យា​ស្ថិត​នៅ ក្បែរ​ខាងក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​បិត​ត្រាំ​ង ស្ថិត​ក្នុងភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាង ស្រុក​ព្រៃ​នប់​កាលពី​វេលា​ម៉ោង​០១​និង​៥៤​នាទី​រសៀល ថ្ងៃ​២៥ ខែមេសា ឆ្នាំ​២០១៥​នេះ​។

យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល និង​កងរាជអាវុធហត្ថ​ដែល​ទទួល​បន្ទុក​បង្ការ និង​ពន្លត់អគ្គីភ័យ​ខេត្ត​ព្រះ​សីហ​នុ បាន​អះអាង​ថា​ជុំវិញ​អគ្គី​ភ័យ​ឆាបឆេះ​នេះ​បាន​កើតឡើង​នៅ​ចំណុច​កើតហេតុ​ខាងលើ កំលាំង​ជំនាញ​ការិយាល័យ​បង្ការ និង​ពន្លត់អគ្គីភ័យ​បាន​សហការ​គ្នា​ប្រើ​រថយន្ត​ពន្លត់​អគ្គី​ភ​យ័រ​បស់​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ និង​របស់​ប៉ូ​លី​សបាន​ចុះ​អន្តរា​គម​ន៏​ភ្លាម​ៗ មិន​ឲ្យ​រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ក្បែរ​នោះ​បន្ត​ទៀត ។ នៅ​ក្នុង​អគ្គី​ភ័យ​នេះ​ផង​ដែរ បាន​បង្ករ​ឲ្យ​ខូចខាត​សម្ភារ​មួយ​ចំនួន​រួម​ជាមួយ​ម៉ាស៊ីន​កិន​ដើម​អាកា​ស្យា​ចំនួន​០១ និង​ផ្ទះ​ប្រជាពលរដ្ឋ​ទុក​ចោល​ចំនួន​០៣​ខ្នង ដែរ​នៅ​ក្បែរ​កន្លែង​កើតហេតុ​។

ចំពោះ​មូលហេតុ​នៃ​ការ​ឆាបឆេះ​នោះ សមត្ថកិច្ច​អាច​សន្និដ្ឋាន​ជំហាន​ដំបូង​ថា បណ្តាល​មក​ពី​មូលហេតុ​ចំនួន​០២ គឺ ទី​១ អាច​មក​ពី​កន្ទុយបារី បោះចោល​បណ្តាល​ឲ្យ​ឆេះ​ស្មៅ​ដែល​ស្ងួត​ៗ និង​ទី​២ អាច​មក​ពី​កម្ដៅថ្ងៃ​កើន​ឡើ​ន​ក្នុង​ពំនូក​គំនរ​ឈើ​ដ៍​ធំ ក្រោយ​ពេល​ខាង​រោងចក្រ​គរ​ទុក​មិន​មាន​សុវត្ថិភាព​។ ក្នុង​យុទ្ធនាការ​អន្តរាគមន៍​ជួយ​ពន្លត់ ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​រាលដាល​បន្ត ក្នុង​នោះ​សមត្ថកិច្ច​បាន​ប្រើ​រថយន្ត​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ចំនួន​០២​គ្រឿង និង​រថយន្ត​ពន្លត់​អគ្គី​ភ​យ័រ​បស់​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ ដោយ​ប្រើប្រាស់​ទឹក​អស់​ចំនួន​០៨​ឡាន ទើប​ធូរស្រាល​។

ផ្ទះ​ដែល​រង​គ្រោះ​មាន ១.​ផ្ទះ​ទំហំ​៤​គុណ​៥ ជញ្ជាំង​ឈើ​ប្រក់​ស្បូវ ម្ចាស់​ឈ្មោះ​ថំ ខ្លូ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ​មុខរបរ​កសិករ បាត់បង់​ប្រាក់​រៀល​ចំនួន​១០​ម៉ឺន និង​សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ​មួយ​ចំនួន​។
២.​ផ្ទះ​ទំហំ​៤​គុណ​៥​ម៉ែត្រ ជញ្ជាំង​ឈើ​ប្រក់​ស្បូវ​លា​យស​ង្ក័​សី​ម្ចាស់​ឈ្មោះ​ពេជ្រ លន ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំ​មុខរបរ កសិករ បាត់បង់​សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ​មួយ​ចំនួន​។ ៣.​ផ្ទះ​ទំហំ​៤​គុណ​៥​ម៉ែត្រ ជញ្ជាំង​ឈើ​ប្រក់​ស្បូវ​ម្ចាស់​ឈ្មោះ​នុប វន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មុខរបរ​កសិករ បាត់បង់​សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ​មួយ​ចំនួន​៕