ផឹកស្រា​ស្រវឹង​ខឹង​ប្រពន្ធ​សុំ​លែង យក​សាំង​២០​លី​ត្រ​ដុត​ផ្ទះ​ឆេះ​ហ្មត់

ខេត្តកណ្តាល ៖ បុរស​ម្នាក់​បាន​ផឹកស្រា​ស្រវឹង​ជោគ​ជាំ​ហើយ​មក​ដល់​ផ្ទះ​រករឿង​ប្រពន្ធ ខណៈ​ពេល​នោះ​ប្រពន្ធ​ក៏​បបួល​ទៅ​សាលាឃុំ ដើម្បី​សុំ​លែងលះ​គ្នា​ធ្វើ​ឲ្យ​បុរស​ជា​ប្តី​ខឹង​យ៉ាង​ខ្លាំង ហើយ​បាន​យក​សាំង​២០​លី​ត្រ​ចាក់​ដុត​ផ្ទះ​ឆេះ​ហ្មត់​។ ក្រោយ​ធ្វើ​សកម្មភាព​ដុត​ផ្ទះ​រួច​បុរស​ចិត្ត​ភ្លើង​រូប​នោះ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​។ ហេតុការណ៍​ដុត​ផ្ទះ​ខ្លួនឯង​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​រសៀល ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​កណ្តាល ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

ជន​រង​គ្រោះ​ឈ្មោះ សយ យ៉ា​រិ​ទ្ធ ភេទ​ស្រី​អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ មុខរបរ​កសិករ​ជា​ប្រពន្ធ ចំណែក​ជនសង្ស័យ​ឈ្មោះ កង​ខែ​ត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយ​គ្នា មុខរបរ​កសិករ ត្រូវជា​ប្តី​ស្ត្រី​រង​គ្រោះ​បាន​រត់គេច​ខ្លួន ។ សម្ភារ​ដែល​ខូចខាត ឆេះ​ផ្ទះ​១​ខ្នង​មាន​ទំហំ​ទទឹង​៥​ម៉ែត្រ​បណ្តោយ​៦​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់ស​ង្ក័​សី​ជញ្ជាំង​ស​ង្ក័​សី ក្រាល​ក្តារ​រួម​និង​សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ​អស់ទាំង​ស្រុង ។

ប្រភព​ផ្ដល់​ព័ត៌មាន​បាន​បញ្ជាក់​ថា នៅ​មុន​ពេល​កើតហេតុ​ជន​ស​ង្ស​យ័​ជា​ប្តី​បាន​ផឹកស្រា​ស្រវឹង​ជោគ​ជាំ​ហើយ​មក​ដល់​ផ្ទះ​រករឿង​ប្រពន្ធ ពេល​នោះ​ប្រពន្ធ​ក៏​និយាយ​ទៅ​កាន់​ប្តី​ថាបើ​ឯង​រករឿង​ខ្ញុំ​ចឹ​ង​ទៅ​សាលាឃុំ​លែងលះ​គ្នា​ទៅ ស្រាប់តែ​ប្តី​ឮ​ដូចនេះ​ក៏​បាន​ទៅ​ប្រាប់​ម្តាយក្មេក​ថា ម៉ែ​ប្រពន្ធ​ខ្ញុំ​ចង់​លែង​ខ្ញុំ​ហើយ​ឮ​ដូចនេះ​ម្តាយក្មេក​ក៏​និយាយ​ទៅ​វិញ​ថា​វា​និយាយ​លេង​ទេ​បន្ទាប់​មក​បុរស​រូប​នោះ​ក៏​បាន​ដើរទៅ​ផ្ទះ​ខ្លួន​វិញ​ដោយ​មាន​កាន់​ពូថៅ​នៅ​ក្នុង​ដៃ​និង​ប៊ីដុង​សាំង​ប្រហែល​២០​លី​ត្រ ទៅ​ឡើង​លើ​ផ្ទះ​ចាក់​សាំង​លើ​ក្តា​យក​ដែកកេះ កេះ​ដុត​ផ្ទះ​ខ្លួនឯង​បណ្តាល​ឲ្យ​ឆេះ​អស់​តែ​ម្តង រួច​រត់គេច​ខ្លួន​បាត់​ស្រមោល​។ ករណី​នេះ​កំលាំង​ប៉ុស្តិ៍​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​បាន​កសាង​សំណុំ
រឿង​តាម​នីតិវិធី ៕