ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ពី​បទ​ឃាតកម្ម​សម្លាប់​ស្ត្រី​ម្នាក់​បណ្តែត​ទឹក

ខេត្តកំពង់ធំ ៖ ជនសង្ស័យ ចំនួន​៣​នាក់​ត្រូវ​បាន​កំលាំង​សម្ថ​កិច្ច​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​អធិការ​ក្រុង​ស្ទឹង​សែន ធ្វើការ​ឃាត់ខ្លួន នៅ​ព្រឹក ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៦ និង​រសៀល​ថ្ងៃ​ដដែល​អំពី​បទ​ឃាតកម្ម​ពាក់ព័ន្ធ​នឹង​រឿង​ករណី​ឃាតកម្ម​ខាងលើ​នេះ ។ លោក​វរ​សេនី​យ៏​ទោ ញ៉ែ​ម ឈុ​ន​លី អធិការដ្ឋាន​នគរបាល​ក្រុង​ស្ទឹង​សែន​បាន​ឲ្យ​ដឹង​ថា ករណី​ឃាតកម្ម​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រហែល​១​និង​១០​នាទី​យប់ ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៦ នៅ​ចំនុច​ខាងក្រោម​ស្ពាន​កំពង់ធំ ក្នុងភូមិ​ទី​៤ សង្កាត់​កំពង់ធំ ក្រុង​ស្ទឹង​សែន ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ ឈាន ធុ​ជ ភេទ​ស្រី អាយុ​៤៥​ឆ្នាំ ជា​ស្ត្រី​ដែល​មាន​សតិ​មិនសូវ​គ្រប់ ដែល​មាន​ទីលំនៅ​ភូមិ​ថ្នល់ ឃុំ​ទួល​គ្រើល ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ បច្ចុប្បន្ន​ចេះ​តែ​ដើរ​តាម​សំ​យ៉ាប​ថ្ទះ​ថ្ម តាម​តូប​លក់​ឥ​វ៉ា​ន់​របស់​ប្រជាពលរដ្ឋ នៅ​យប់​ថ្ងៃ​កើតហេតុ​ខាងលើ ស្ត្រី​រូប​នេះ​ក៏​ត្រូវ​ឃាតក​សម្លាប់​រូ​ច​អូស​ទម្លាក់​ចូល​ទៅ​ក្នុង​ទឹកស្ទឹង​សែន ឲ្យ​បង្ក​រការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច ។

មុន​ដំបូង​សង្ស័យ​ថា​ជា​ករណី​រំលោភ​ហើយ​សម្លាប់ ក៏​ប៉ុន្តែ​បន្ទាប់​ពី​យក​សាកសព​ទៅ​ធ្វើការ​ពិនិត្យ​ទើប​រក​ឃើញ​ថា គឺជា​ករណី​ឃាតកម្ម​មិនមែន​ជា​ករណី​រំលោភ​សម្លាប់​នោះ​ទេ ។ ហើយ​សមត្ថកិច្ច​ក៏​បាន​បើក​ការ​ស្រាវជ្រាវ និង​ស៊ី​ប​អង្កេត​យ៉ាង​យកចិត្ត​ទុក ដាក់ ក្រោម​បទបញ្ជា​ពី​លោក អ៊ិ​ត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ និង​លោក​ឧត្តម សេនីយ​ត្រី ជូ សំ​អាន ស្នងការ​ខេត្ត ព្រមទាំង​លោក វរ​សេនី​យ៏​ឯក កែ ខាន់ ណា​រ៉ា ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ផែន​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​នគរបាល​ក្រុង​ស្ទឹង​សែន​នៅ​ព្រឹក​ថ្ងៃ​កើតហេតុ និង​ពេល​រសៀល​ថ្ងៃ​ដដែល​កម្លាំង​របស់​យើង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៣​នាក់ រួម​មាន ទី​១.​ឈ្មោះ ហេង ធា​រ៉ា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​ជា​ជន​ដៃដល់ រស់នៅ​ភូមិ​ស្ទឹង​សែន សង្កាត់​កំពង់​ក្របៅ ក្រុង​ស្ទឹង​សែន ទី​២.​ឈ្មោះ សុខ សីហា  ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​មិន​ពិត​ប្រាកដជា​អ្នក​ផ្សំ​គំនិត និង​ទី​៣.​ឈ្មោះ ណ​ន ណេ​ង ហៅ​ពក ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ជ័យ​ជំនះ  ឃុំ​កកោះ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ដែល​ជា​ជន​ដៃដល់​ឈ្មោះ ហេង ធា​រ៉ា បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​វាយ​ទៅ​លើ​ស្ត្រី​រង​គ្រោះ​ពិតប្រាកដ​មែន ដោយសារ​ខឹង​នឹង​ស្ត្រី​រង​គ្រោះ​ផឹកស្រា​ស្រវឹង​ប៉ោឡែ​រាល់ថ្ងៃ ហើយ​ទៅ​រករឿង​អុកឡុក​រំខាន​រូបគេ​រកតែ​ដេក​ពុំ​បាន​។ ដូចនេះ​គេ​បាន​អូស​ដៃ​ស្ត្រី​រង​គ្រោះ​ទៅ​លើ​ដីខ្សាច់​ខាងក្រោម​ស្ពាន​រួច​យក​ដំបង​ឈើ​វាយ​ជា​ច្រើន​ដំបង ចំ​ខ្នង ពោះ និង​ចំ​មុខ​មួយ​ដំបង មិនដឹង​ថា​ស្លាប់​ឬ​មិន​ទាន់​ស្លាប់​នោះ​ទេ0x017d7 ក៏​ដើរទៅ​ហៅ​ឈ្មោះ ណេ​ង និង​ឈ្មោះ សីហា ឲ្យ​ជួយ​អូស​ទម្លាក់​ទឹកស្ទឹង នៅ​ពេល​ដែល​អូស​នោះ ធ្វើ​ឲ្យ​សារុង​ទាក់​នឹង​ដុំ​ថ្ម​របូត​ទៅ គេ​មិន​បាន​រំលោភ​នោះ​ទេ ។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ក្រុង​ចងក្រង​សំណុំរឿង​ទៅ​កាន់​តុលាការខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕