ដុត​ផ្ទះ​ហើយ​ដេញ​កាប់​គេ​មិន​ឲ្យ​ជួយ​ពន្លត់​ទៀត

ខេត្តមណ្ឌលគិរី ៖ ផ្ទះ​ចំនួន​២​ខ្នង​របស់​ជនជាតិ​ព្នង​នៅ​ភូមិ​ដំរី​ជាន់ សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​អស់ទាំង​ស្រុង​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៦​មេ​សា​នេះ សង្ស័យ​ថា​បង្ក​ឡើង​ដោយ​ស្ត្រី​មេម៉ាយ​ម្ចាស់ផ្ទះ​ដែល​មាន​សតិ​មិន​គ្រប់​ជា​អ្នក​ដុត ។

អ្នក​ភូមិ​ដែល​បានឃើញ​ហេតុការណ៍​នេះ​និយាយ​ថា មុន​ពេល​ភ្លើង​ឆេះម្ចាស់ផ្ទះ​របស់​ឈ្មោះ ម្យ៉ា​ស់ យេ ភេទ​ស្រី អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ ជា​ស្រី​មេម៉ាយ​​សតិ​មិន​គ្រប់​ មាន​អាកា​រៈ​កាច ដំបូង​គេ​ឃើញ​មាន​ផ្សែងហុយ​ទ្រលោម​ចេញពីផ្ទះ​ស្ត្រី​នោះ បន្តិច​ក្រោយមក​មាន​អណ្តាតភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ​តែ​ម្តង ទើប​ដឹង​ថា​ស្ត្រី​នោះ​ជា​អ្នក​ដុត​ភ្លើង ពេល​នោះ​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ជួយ​ពន្លត់​ដែរ តែ​ស្ត្រី​សតិ​មិន​គ្រប់​នោះ​បាន​ទាញ​កាំបិត​យ៉ាង​ធំ​ដេញ​កាប់​អ្នក​ភូមិ​មិន​ឱ្យ​ជួយ​ពន្លត់​ឡើយ ។ ពេល​នោះ​អ្នក​ភូមិ​បាន​ទូរស័ព្ទ​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​ខេត្ត​ឲ្យ​ជួយ​ពន្លត់​ដែរ តែ​អកុសល​ភ្លើង​បាន​ឆេះ​ពេញបន្ទុក​ទៅ​ហើយ ធ្វើ​ឱ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជួយ​មិន​ទាន់ ។

លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី បាន​ប្រាប់​ឲ្យ​ដឹង​ថា បន្ទាប់​ពី​លោក​ទទួល​បាន​ព័ត៌មាន​ថា​មាន​ភ្លើង​ឆេះ​ផ្ទះ​ភ្លាម លោក​បាន​បញ្ជា​ទៅ​លោកស្នងការ​ខេត្ត​ភ្លាម​ដើម្បី​ឲ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញ​ទៅ​ជួយ​សង្គ្រោះ​ភ្លាម តែ​អកុសល​ចម្ងាយ​ផ្លូវ​ឆ្ងាយ ពេល​ទៅ​ដល់​ភ្លើង​បាន​ឆេះ​អស់​ទៅ​ហើយ ។

លោក​អភិបាលខេត្ត​ឲ្យ​ដឹង​ទៀត​ថា ក្រុមការងារ​កាកបាទក្រហម​ខេត្ត​នឹង​ចុះ​ទៅ​សួរសុខទុក្ខ និង​ផ្តល់​ជា​អំណោយ​មនុស្សធម៌​ដល់​គ្រួសារ​រង​គ្រោះ ។ លោក​អភិបាលខេត្ត​បាន​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​កំពុង​រស់នៅ​ក្នុង​តំបន់​ខេត្តមណ្ឌលគិរី​ ក៏​ដូច​ជា​ប្រជា​ពលរដ្ឋ​ទាំង​អស់​មេត្តា​នាំ​គ្នា​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់​ក្នុង​ការ​ការពារ​កុំ​ឲ្យ​កើត​មាននូវ​ករណី​អគ្គិភ័យ ព្រោះ​រដូវ​នេះ​ជា​រដូវប្រាំង​វា​អាច​កើត​មាន​គ្រោះ​អគ្គិភ័យ​យ៉ាង​ផុយ​ស្រួយ​បំផុត ។

លោក ភី ងូ​ក ចៅសង្កាត់រ​មនា បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ក្នុង​គ្រួសារ​ស្ត្រី​មាន​សតិ​មិន​គ្រប់​ខាងលើ​នេះ​មាន​សមាជិក​ចំនួន​៥​នាក់​ស្ត្រី​មេម៉ាយ​២​នាក់​គិត​ទាំង​ស្ត្រី​សតិ​មិន​គ្រប់​នេះ ហើយ​ពួក​គាត់​សុទ្ធតែ​ជនជាតិ​ព្នង ។

លោក តូច យ៉ុ​ន ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី បាន​ប្រាប់​ថា លោក​បាន​បញ្ជា​ឲ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញ​ទៅ​ជួយ​ពន្លត់​ភ្លាម​ៗ​ដែរ​តែ​ពេល​រថយន្ត​ចេញ​ទៅ​ដល់​កន្លែង​កើតហេតុ​ផ្ទះ​ដែល​ឆេះ​នោះ​វា​បាន​ហួសពេល​ទៅ​ហើយ ដោយសារ​ភ្លើង​ឆេះ​លឿន​ពេក មូលហេតុ​ធាតុអាកាស​ក្តៅ​ខ្លាំង និង​មាន​ខ្យល់​ខ្លាំង​ទៀត​ផង ។ លោកស្នងការ​បាន​សម្តែង​នូវ​ការ​សោកស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​ករណី​នេះ​ផង​ដែរ ៕