កុំ​បណ្ដោយ​ក្មេង​លេង​ភ្លើង ប្រយ័ត្ន​ភ្លើង​ឆេះ​ផ្ទះ

ខេត្តបន្ទាយមានជ័យ ៖ ក្មេង​ៗ២-៣​នាក់​បាន​នាំ​គ្នា​លេង​ភ្លើង​នៅ​ក្រោមផ្ទះ​បណ្ដាល​ឲ្យ​កើតជា​អគ្គិភ័យ​ឆេះ​ផ្ទះ​អស់ទាំង​ស្រុង ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោងជាង​២​រសៀល ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០១៦ ស្ថិត​ក្នុងភូមិ​អូរ​ជ្រៅ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ម្ចាស់ផ្ទះ​រង​គ្រោះ​ឈ្មោះ ហ៊ុន រ៉ា ភេទ​ស្រី អាយុ​៥៧​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ មានកូន​៦​នាក់ ។

បើ​តាម​សំដី​ស្ត្រី​ម្ចាស់ផ្ទះ​បាន​ប្រាប់​ថា ផ្ទះ​របស់​គាត់​មាន​ទំហំ​៤​ម៉ែត្រ​គុណ​នឹង​៨​ម៉ែត្រ សង់​ពី​ឈើ ប្រក់​ស័​ង្កី ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង សល់​តែ​ស័ង្កសី​ប៉ុណ្ណោះ ដែល​មុន​ពេល​កើតហេតុ​គឺ​គាត់​ទៅ​អង្គុយ​លេង​នៅផ្ទះ​អ្នក​ជិតខាង​ប្រមាណ​ជា​១០០​ម៉ែត្រ​ពី​ផ្ទះ​គាត់ ហើយ​មានកូន​៤​នាក់​នៅ​ចាំផ្ទះ ស្រាប់តែ​កូន​ដែល​ចាំផ្ទះ​រត់​បណ្ដើរ​ស្រែក​ឲ្យ​គេ​ជួយ​បណ្ដើរ​ថា ភ្លើង​ឆេះ​ផ្ទះ​ហើយ​ៗៗៗ ។ ភ្លាម​ៗ​នោះ​អ្នក​ជិតខាង​ក៏​បាន​ជួយ​ជះ​ទឹក​ពន្លត់​ដែរ តែ​មិន​រលត់​សោះ តែ​២០​នាទី​សោះ​ក៏​ឆេះ​អស់ទាំង​ស្រុង​តែ​ម្តង ។

ស្ត្រី​ម្ចាស់ផ្ទះ​បញ្ជាក់​ថា មុន​ពេល​អគ្គិភ័យ​កើតឡើង​គឺ​ឃើញ​ក្មេង​ៗ២-៣​នាក់​ដែល​ជា​កូន​អ្នក​ជិតខាង​លេង​ភ្លើង​ក្រោយ​ផ្ទះរបស់​គាត់ ៕