នគរបាល​អន្តោប្រវេសន៍​បើកដៃ​ឲ្យ​ពលរដ្ឋ ឆ្លង​ដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ

ខេត្ត​ប៉ៃលិន ៖ ក្រោយ​ពី​រដូវ​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​កន្លង​ផុត​ទៅ​ថ្មី​ៗ​នេះ គេ​សង្កេត​ឃើញ​ក្រុម​ពលករ​រាប់​សិប​នាក់ បាន​នាំ​គ្នា​សម្រុកចូល​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​វិញ​ទាំង​អ្នកមាន​ច្បាប់ និង​អត់​ច្បាប់​តាម​ច្រក​ទ្វារ និង​ច្រករបៀង​នានា ដោយឡែក​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ក៏​មាន​ប្រជាពលរដ្ឋ​ឆ្លង​ដែន ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​ផង​ដែរ ដោយ​ពួក​គាត់​និយាយ​ខ្សឹបខ្សៀវ​គ្នា​អះអាង​ថា បង់ប្រាក់​ឱ្យទៅ​នគរបាល​អន្តោរ​ប្រវេសន៍​ច្រក​ទ្វារ​នេះ​អស់​ច្រើន​គួរសម​ដែរ ។

ជាក់ស្តែង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៦​កន្លង​ទៅ ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​ជិះ​រថយន្តឈ្នួល​ទៅ​ចត​ឈប់​ឈរ​នៅ​ក្បែរ​ទ្វាររបង​កាស៊ីណូ​មួយ​កន្លែង ដោយ​ម្នាក់​មាន​កាបូប​ខោអាវ និង​សម្ភារ​ផ្សេង​ៗ​មួយ​ចំនួន​ត្រៀមខ្លួន​ទិញ​សំបុត្រ និង​ធ្វើ​ប័ណ្ណ​ព្រំដែន​ឆ្លង​ដែន​ខុសច្បាប់​ចូល​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​វិញ ដោយ​មិន​គិត​ខ្វល់​ពី​ហា​នី​ភ័យ​កើតឡើង​នៅ​ពេល​ក្រោយ​នោះ​ទេ ។ ប្រជាពលរដ្ឋ​ទាំងនោះ​បាន​រៀបរាប់​ឱ្យ​ដឹង​ថា ខាង​សមត្ថកិច្ច​នគរបាល​អន្តោរ​ប្រវេសន៍​ប្រចាំ​ច្រក​ទ្វារ​មិន​អនុញ្ញាតិ​ឱ្យ​ឆ្លង​ដែន​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​ឡើយ ព្រោះ​ពួក​គាត់ គ្មាន​លិខិត​ស្នាម ឬ​ប័ណ្ណ​ឆ្លង​ដែន​អ្វី​ទាំងអស់ តែ​នៅ​ពេល​នេះ គេ​តម្រូវ​ឱ្យ​បង់ប្រាក់​ថ្លៃ​ទិញ​សំបុត្រ ក្នុង​ម្នាក់​តម្លៃ​១​ម៉ឺន​រៀល ដែល​សំបុត្រ​នោះ​ជា​ធម្មតា​គេ​លក់​ថ្លៃ​ត្រឹមតែ​១​ពាន់​រៀល​ប៉ុណ្ណោះ សម្រាប់​ឆ្លង​ដែន​ទៅ​លេង ឬ​ទៅ​ទិញ​ទំនិញ​នៅ​ផ្សារ​ថៃ លុះដល់​ពេល​ល្ងាច​ទើប​ត្រឡប់​មក​ខ្មែរ​វិញ ។

លើស​ពី​នេះ​ទៀត ខាង​នគរបាល​អន្តោរ​ប្រវេសន៍​បាន​តម្រូវ​ឱ្យ​ពួក​គាត់ ដែល​មក​ពី​ខេត្ត​ជិត​ឬ​ឆ្ងាយ​ៗ ធ្វើ​ប័ណ្ណ​ព្រំដែន ដោយ​ឱ្យ​បង់ប្រាក់​ក្នុង​ម្នាក់​ៗ ចាប់ពី​៧​ទៅ​៨​ម៉ឺន​រៀល​ឯណោះ ទើប​ឱ្យ​ឆ្លង​ដែន​ចូល​ទឹកដី​ថៃ រួច​ថៅកែ​ថៃ​មក​ទទួល​នៅ​ទីនោះ​តែ​ម្តង ។ ពួក​គាត់​បន្ត​ទៀត​ថា ក្នុង​ចំណោម​អ្នក​ឆ្លង​ដែន​ខុសច្បាប់​ទាំងនោះ អ្នក​ខ្លះមក​ពី​ខេត្តព្រៃវែង ស្វាយ​រៀង ពោធិ៍សាត់ និង​ខេត្តបាត់ដំបង ខណៈ​ពួក​គាត់​បាន​ត្រឡប់​មក​ពី​លេង​ស្រុក​កំណើត​រៀង​ៗ​ខ្លួន រួច​នាំ​គ្នា​សម្រុកចូល​ទៅ​ក្នុង​ប្រទេស​ថៃ​វិញ ដើម្បី​បន្ត​រក​ការងារ​ធ្វើ ។ ដូច្នេះ​ពួក​គាត់​ត្រូវ​បង្ខំចិត្ត​បង់ប្រាក់​ទិញ​សំបុត្រ​ឆ្លង​ដែន​ខុសច្បាប់​ឱ្យទៅ​មន្ត្រី​នគរបាល​ខាងលើ បើ​ទោះបីជា​ថ្លៃ​បន្តិច​ក៏​ដោយ ហើយ​មិន​ហ៊ាន​ស្ពាយ​វ៉ា​លី​ខោ​វ​អាវ​តាម​ខ្លួន​នោះ​ទេ ទើប​ជួល​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​ក្នុង​១​ជើង​គេ​ទារ​៣​ទៅ​៤​ម៉ឺន​រៀល ឱ្យ​ដឹក​យក​ចូល​ទៅ​ក្នុង​ទឹកដី​ថៃ​តែ​ម្តង ។

  បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ថៃ​ដេញចាប់​ដាក់​រថយន្ត​បញ្ជូន​ចូល​មក​ក្នុងស្រុក​ខ្មែរ​វិញ​នោះ​បានឱ្យ​ដឹង​ថា ប័ណ្ណ​ព្រំដែន (Border Pass) នេះ ខាង​ភាគី​ថៃ គេ​លែង​ទទួលស្គាល់ ឬ​អនុញ្ញាត​ឱ្យ​ខ្មែរ​ស្នាក់​នៅ​ធ្វើការ​ទៀត​ហើយ គឺ​គេ​ទទួលស្គាល់​តែ​លិខិតឆ្លងដែន​ធ្វើ​ការងារ​ប៉ុណ្ណោះ​( Working Passport ) ហេតុ​ដូច្នេះ​ហើយ បើសិនជា​ទាហាន ឬ​តម្រួត​ថៃ​ចាប់​បាន​គេ​នឹង​ដាក់គុក​ច្រ​វ៉ា​ក់ វាយ​ធ្វើបាប​គ្រប់​បែប​យ៉ាង រួច​ទើប​បញ្ជូន​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ​តែ​ម្តង ។ ដូច្នេះ​បើ​ខាង​នគរបាល​អន្តោប្រវេសន៍​អនុញ្ញាត​ឱ្យ​ពួក​គាត់​ឆ្លង​ដែន​ខុសច្បាប់ និង​ធ្វើ​ប័ណ្ណ​ព្រំដែន​ឱ្យ​ប្រជាពលរដ្ឋ​ឆ្លង​ដែន​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​បែប​នេះ គឺ​ប្រឈម​នឹង​គ្រោះថ្នាក់​ទាំង​ប្រថុយប្រថាន​ខ្លាំង​ណាស់ ។ ពួក​គាត់​សំណូមពរ​ថា មុន​នឹង​ចេញ​លិខិត ឬ​អនុញ្ញាតិ​ឱ្យ​ពួក​គាត់​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​ត្រូវ​តែ​គិត គូរ​ឱ្យ​បាន​ច្បាប់​លាស់​សិន មិនមែន​ដើម្បី​លុយ​បណ្តែត​ណ្តោ​យ​ឱ្យ​ប្រជាពលរដ្ឋ​ទទួល​រង គ្រោះថ្នាក់​បែប​នេះ​ទេ ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ លោក សួ​ស សុខ​ដា​រ៉ា ប្រធាន​ការិយាល័យ​ប៉ុស្តិ៍​នគរបាល​អន្តោរ​ប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ បាន​បដិសេធ​ឱ្យ​ដឹង​ថា ខាង​លោក​មិន​អនុញ្ញាតិ​ឱ្យ​មន្ត្រី​របស់​ខ្លួន​ទទួលយក​លុយ​ពី​ប្រជាពលរដ្ឋ ដោយ​ឱ្យ​ឆ្លង​ដែន​ខុសច្បាប់​ទៅ​ធ្វើ​ការងារ​នៅ ប្រទេស​ថៃ​នោះ​ឡើយ បើ​រក​ឃើញ​ថា​មន្ត្រី​ណា​ម្នាក់​ហ៊ាន​យក​លុយ សូម​រាយការណ៍​ជូន លោក​ជា​បន្ទាន់ លោក​នឹង​ធ្វើការ​ដាក់​ពិន័យ​ចំពោះ​មន្ត្រី​ល្មើស​នោះ ។ ម្យ៉ាងវិញទៀត​ខាង​លោក តែងតែ​ពន្យល់​ណែនាំ​ដល់​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន ឱ្យ​គោរព​បទបញ្ជា និង​បំពេញ​តួនាទី​ឱ្យ​បាន​ត្រឹមត្រូវ មិន​អាច​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចេញ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ដោយ​ខុសច្បាប់​នោះ​ឡើយ ។ ចំណែកឯ​ការ​យក​កម្រៃ​ពី​ប្រជាពលរដ្ឋ​ឆ្លង​ដែន​វិញ គឺ​ធ្វើ​តាម​ការ​កំណត់​របស់​ថ្នាក់លើ ដែល​បាន​ដាក់​តាម​តារាង​នៃ​ច្បាប់​ប៉ុណ្ណោះ ៕