កាប់​ប្លន់​ម៉ូតូ MSX មួយ​គ្រឿង​បាន​សម្រេច​នៅ​ខណ្ឌទួលគោក

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០១៤ ម្តុំ​ខ្លោងទ្វារវត្ត​នាគ​វន្ត ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក ។ មាន​ករណី​ប្លន់​យក​ម៉ូតូ MSX បាន​សម្រេច​ដោយ​សុវត្ថិភាព ។ ប្រភព​ពី​ជន​រង​គ្រោះ​បាន​បញ្ជាក់​ថា រូបគេ​ជា​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ បម្រុង​ទៅ​ផ្ទះ​ម្ដុំ​ចំការមន តែ​ឆៀង​ចូល​ម្តុំ​វត្ត​នាគ​វន្ត​បន្តិច ពេល​នោះ​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​មាន​គ្នា​៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង បាន​ជិះ​ស្ទាក់​ពីមុខ​ម៉ូតូ​របស់​ខ្លួន ហើយ​ដក​កាំបិតប៉័ងតោ​កាប់​រូបគេ​ផ្ទួន​ៗ​ត្រូវ​ដៃ​ឆ្វេង​រង​របួសធ្ងន់ ។

ពេល​នោះ​គេ​ភ័យ​ខ្លាំង​ពេក​ក៏​ផ្ដួល​ម៉ូតូ ហើយ​រត់​ដើម្បី​គេចខ្លួន​ដើម្បី​សុវត្ថិភាព​។ ឃើញ​ឳ​កាស​ល្អ​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​៤​នាក់ បានរ​ត់ទៅ​លើក​ម៉ូតូ​ជិះ​គេចខ្លួន​ដោយ​សុវត្ថិភាព ។ ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុ​សម ហើយ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​នគរបាល​សង្កាត់​បឹង​កក់​២ ដើម្បី​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​ដែល​ប្លន់​យក​ម៉ូតូ​របស់​ខ្លួន​មក​ចាត់ការ​តាម​ផ្លូវច្បាប់ ៕