ប្រយ័ត្ន​! ឥឡូវ​ក្រុម​ជនសង្ស័យ កំពុង​បាញ់​តបត​អត់​ឈប់

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បន្ត​ទៀត​ថា គិត​ត្រឹម​វេលា​ម៉ោង​០៥​ល្ងាច​ថ្ងៃ​ទី​២៧ មេ​សា ២០១៦​នេះ កម្លាំង​អាវុធហត្ថ​រាជធានី និង​អាវុធហត្ថ​ខណ្ឌទួលគោក រួម​សមត្ថកិច្ច កំពុងធ្វើការ​ឡោម​ព័ទ្ធ​ផ្ទះ​ជនសង្ស័យ​ក្នុង​ករណី​បង្ក្រាប​គ្រឿងញៀន ដោយ​ត្រូវ​ជនសង្ស័យ កំពុង​បាញ់​តដៃ​ជាមួយ​កម្លាំង​សមត្ថកិច្ច​យ៉ាង​សាហាវ​បំផុត ។

គួរ​បញ្ជាក់​ថា មានការ​ផ្ទុះអាវុធ​ទៅ​វិញ​ទៅ​មករ​វាង​កម្លាំង​អាវុធហត្ថ​រាជធានី និង​កម្លាំង​អាវុធហត្ថ​ខណ្ឌទួលគោក ជាមួយ​ក្រុម​ជនសង្ស័យ បណ្តាល​ឱ្យ​អាវុធហត្ថ​ម្នាក់​ត្រូវ​ជនសង្ស័យ​បាញ់​ឱ្យ​រង​របួស ហើយ​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ភ្លាម​ៗ ។

ហេតុការណ៍​នេះ កើតឡើង​ក្នុង​ពេល​ចុះ​ទៅ​បង្ក្រាប​គ្រឿងញៀន ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​២​នាក់ ហើយ​ត្រូវ​ក្រុម​នោះ​បាញ់​តែ​ម្តង បង្ក​ឱ្យ​ភ្ញាក់ផ្អើល​នា​រសៀល​ថ្ងៃ​ទី​២៧ មេ​សា ២០១៦ ស្ថិត​នៅ​ខាងត្បូង​រង្វង់​មូល​កាំ​កូ​ស៊ី​ធី ផ្លូវ​លេខ​៣៥១ ក្នុង​សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក ។

ជំហាន​ដំបូង គេ​មិន​ទាន់​ស្គាល់ឈ្មោះ​ជន​រង​គ្រោះ​នោះ​ទេ ។ ចំណែកឯ​ជនសង្ស័យ​២​នាក់ ក៏​ត្រូវ​កម្លាំង​ធ្វើការ​ក្របួច​ចាប់​បាន ដោយ​មាន​កាំភ្លើង​អាកា​មួយ​ដើម​ផង​ដែរ ។

សេចក្តីរាយការណ៍​ចុង​ក្រោយ​បន្ត​ទៀត​ថា អាវុធហត្ថ​ដែល​រង​របួស​នោះ ត្រូវ​បាន​ស្លាប់​ហើយ បន្ទាប់​ពី​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។