ពេល​ណា​បាន​អស់? ខែ​មុន​៤​គីឡូក្រាម ព្រឹកមិញ១​គីឡូក្រាម​ទៀត

ខេត្តស្ទឹងត្រែង ៖ គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ក្រាម​ពណ៌​ស ហៅ​ម៉ា​ទឹកកក ចំនួន​១​គីឡូក្រាម និង​ជនសង្ស័យ​ជា​មេខ្លោង​ជនជាតិ​ឡាវ​២​នាក់ ត្រូវ​បាន​ចាប់ខ្លួន​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង បន្ទាប់​ពី​ជន​ទាំង​២​នាក់​បាន​កាន់​គ្រឿងញៀន​ឆ្លង​ដែន​ចូល​កម្ពុជា ។

សមត្ថកិច្ច​នគរបាល​ស្នងការ​ខេត្ត សហការ​ជាមួយ​នគរបាល BLO បាន​ព័ទ្ធ​ចាប់​ជន​ទាំង​២​នាក់​​នៅ​ចំណុច​វឺ​នខា​វ ក្បែរ​ច្រកព្រំដែន​អន្តរជាតិ កម្ពុជា​-​ឡាវ ត្រពាំង​ក្រៀល ក្នុង​ព្រៃ​ភូមិ​ខាំ​ផា​ន់ សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង កាលពី​វេលា​ម៉ោង​៧ និង​២៥​នាទី​ព្រឹក ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០១៦ ។

លោក សាន់ និមល ស្នងការ​រង​ទទួល​បន្ទុក​បទល្មើស​សេដ្ឋកិច្ច និង​កិច្ចការ​គ្រឿងញៀន បាន​មាន​ប្រសាសន៍​ថា សកម្មភាព​រត់ពន្ធ​គ្រឿងញៀន​ចូល​មក​កម្ពុជា​របស់​ជនជាតិ​ឡាវ​នេះ គឺ​មាន​បក្សពួក​ជា​ច្រើន​នាក់​បាន​ធ្វើ​សកម្មភាព មាន​អ្នក​ឃ្លាំមើល​សមត្ថកិច្ច អ្នករាយការណ៍​ជាដើម តែ​ខណៈ​ដដែល​នោះ​ដែរ​សមត្ថកិច្ច​ឡោម​ព័ទ្ធ​ចាប់​បាន​ជាក់ស្តែង​២​នាក់ ដោយឡែក​២​នាក់​ទៀត​រត់​តាម​គុ​ម្ពោ​ធ​ព្រៃ​ចូល​ទឹកដី​ឡាវ​បាត់​ស្រមោល ។

មន្ត្រី​នគរបាល​បង្ក្រាប​បទល្មើស​គ្រឿងញៀន​របស់​ស្នងការ​នគរបាល​ខេត្ត​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ចាប់ខ្លួន​បាន ១-ឈ្មោះ សង កាង​វៀង​សៃ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​អ្នក​លក់ដូរ រស់នៅ​ភូមិ​សាណត ស្រុក​សាំង​ថង ខេត្ត​ណា​ខន​លួង ប្រទេស​ឡាវ និង ២-​ឈ្មោះ ថាវ ប៊ុ​ន​មី ដួង​ម៉ា​នី​នី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​កម្មករ រស់នៅ​ភូមិ​ហួយ​ផាត ស្រុក​មឿង មឹង ខេត្ត​លួង​ផា​បាង ប្រទេស​ឡាវ ។

ខណៈ​ពេល​ជនសង្ស័យ​ទាំង​២​នាក់ រួម​និង​វត្ថុ​តាង​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ក្រាម​ពណ៌​ស ហៅ​ម៉ា​ទឹកកក​ចំនួន​១​គីឡូក្រាម បញ្ជូន​មក​ស្នងការ​នគរបាល​ខេត្ត លោក​ស្រី ស៊ុន យឺត ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង បាន​ចូលរួម​ជាមួយ​មន្ត្រី​នគរបាល​ជំនាញ​ធ្វើការ​ពិនិត្យ និង​ថ្លឹង​គ្រឿងញៀន​ជាក់ស្តែង ហើយ​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​បន្ត​ទៅ​តុលាការ ។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១៦ វេលា​ម៉ោង​៥ និង​៥០​នាទី​ល្ងាច កម្លាំង​នគរបាលដែល​មានការ​សហការ​រវាង​នគរបាល​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រសួង​មហាផ្ទៃ នគរបាល BLO និង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង ចាប់​បាន​ជនសង្ស័យ​ជា​មេខ្លោង​គ្រឿងញៀន​ម្នាក់​ឈ្មោះ ខាំ សៃ​ញ៉ា​វង្សា ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជនជាតិ​ឡាវ រស់នៅ​ភូមិ​ចម​ភិត ស្រុក​ខាំ​ខេត ខេត្ត​ខាំ​មួន ប្រទេស​ឡាវ រួម​និង​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​ហេ​រ៉ូ​អី​ន និង​មេ​តំ​ហ្វេ​តា​មីន ក្រាម​ពណ៌​ស ហៅ​ម៉ា​ទឹកកកទាំងអស់​៤​គីឡូក្រាម និង​រថយន្ត Vigo ពណ៌​ស មួយ​គ្រឿង​ជា​មធ្យោបាយ នៅ​ចំណុច​ក្បែរ​ច្រក​ទ្វារ​អន្តរជាតិ​ត្រពាំង​ក្រៀល ព្រំដែន​កម្ពុជា​-​ឡាវ ស្ថិត​ក្នុងភូមិ​ខាំ​ផា​ន់ សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង​ ៕