ដីកា​បង្គាប់ តាម​ចាប់ខ្លួន​ជន​ដៃដល់ សំ ចាន់​ធួន ហៅ​កង

 ខេត្ត​ព្រះ​សីហ​នុ ៖ លោក គឹ​ម អេ​ង ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ នៅ​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ ២០១៦ បាន​ចេញ​ដីកា​បង្គាប់​លេខ ២៣ ជ​.​ច​.​ព​.​ខ /១៦ ចុះ​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០១៦ បង្គាប់​ឲ្យ​ភ្នាក់ងារ​មាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ស្រាវជ្រាវ​រក​ចាប់ និង​នាំ​ខ្លួន​ឈ្មោះ សំ ចាន់​ធួន ហៅ​កង ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មានស្រុក​កំណើត ភូមិ​ស្វាយ​តា​ក្លរ ឃុំ​បា​សាក់ ស្រុក​ស្វាយ​រៀង ខេត្តស្វាយរៀង មុខរបរ​ជា​កម្មករ​នេសាទ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួល​ស្ថិត​នៅ​ក្រុម​ទី​៨ ភូមិ​១ សង្កាត់​១ ក្រុង​ខេត្ត​ព្រះ​សីហ​នុ ។

នៅ​ក្នុង​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន ឃុំខ្លួន​ខាងលើ​បាន​បញ្ជាក់​ថា ជនល្មើស​ដែល​មានឈ្មោះ​ខាងលើ​ត្រូវ​បាន​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ចោទប្រកាន់​ពី​បទ​ឃាតកម្ម ដែល​បាន​ប្រព្រឹត្តិ​នៅ​ចំណុច​ផ្លូវ​ចូល​រោងចក្រ ញូ​វ​ស៊ី​ន ស្ថិត​នៅផ្ទះ​ជន​រង​គ្រោះ ឈ្មោះ ថន ចាន់​រត្ន​នា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនល្មើស​ខាងលើ​បាន​ប្រើ​ពូថៅ​កាប់​ប្រហារ​ត្រង់​កញ្ចឹងក និង​ក្បាល​ជន​រង​គ្រោះ កាលពី​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៥ កន្លង​មក បណ្តាល​ឲ្យ​ជន​រង​គ្រោះ​រង​របួស​ធ្ងន់ធ្ងរ ហើយ​បាន​ស្លាប់​ខណៈ​គ្រួ​សារបាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ព្យាបាល​នៅ​ឯ​ប្រទេស​ថៃ ។

គួរ​រំលឹក​ផង​ដែរ​ថា តាម​គ្រួសារ​សាច់ញាតិ​ជន​រង​គ្រោះ​ខាងលើ បាន​រៀបរាប់​ថា រឿងរ៉ាវ​ឈាន​ដល់​ការ​កាប់​ប្រហារ​មក​លើ​ជន​រង​គ្រោះ ដោយសារ​តែ​ជនល្មើស​ខាងលើ បាន​ប្រចណ្ឌ​ប្រពន្ធ​របស់​ខ្លួន​ជាមួយ​ជន​រង​គ្រោះ​ថា​លួច​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា គេ​ក៏​ផ្តើម​ជា​គំនុំ​ឆេះ​ឡើង លុះដល់​ថ្ងៃ​កើតហេតុ ខណៈ​ដែល​ជន​រង​គ្រោះ​កំពុង​តែ​អង្គុយ​លេង ជាមួយ​អ្នក​ជិតខាង​ក្បែរ​ផ្ទះ ពេល​នោះ​ជនល្មើស​ឆក់​យក​ឱកាសល្អ បាន​យក​ពូថៅ​ដើរ​លបចូល​មក​ពីក្រោយ​ខ្នង​ជន​រង​គ្រោះ ហើយ​ក៏​ធ្វើ​សកម្មភាព​កាប់​ប្រហារ​មក​លើ​ជន​រង​គ្រោះ បណ្តាល​ឲ្យ​ដួល​ស​ន្លឹ​ប​ស្តូកស្តឹង​នៅ​ក្នុង​ថ្លុកឈាម​។ បន្ទាប់​មក​ជនល្មើស​ក៏​បាន​រត់គេច​ខ្លួន រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ។

លោក ថន ច​ន្ថា ត្រូវជា​ឪពុក​ជន​រង​គ្រោះ​ខាងលើ បាន​លើក​ឡើង​ទាំង​ក្តុកក្តួល​ថា ក្រោយ​ពេល​កើតហេតុ រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ការ​ស្រាវជ្រាវ​រកមុខ​ឃាត​កមក​ផ្តន្ទាទោស​របស់​សមត្ថកិច្ច​ហាក់បីដូចជា​ងងឹតសូន្យ​សុង​តែ​ម្តង លោក​បន្ថែម​ទៀត​ថា សូម​សំណូមពរ​ដល់​ស្ថាប័ន​មាន​សមត្ថកិច្ច​ទាំង​២៥​រាជធានី​-​ខេត្ត ក្រុង មេត្តា​ជួយ​ស្វែងរក​ជនល្មើស​ជា​ឃាតក​ឈ្មោះ សំ ចាន់​ធួន ហៅ​កង ឈាន​ដល់​ការ​ឃាត់ខ្លួន ឃុំខ្លួន​បាន លោក​នឹង​ជូន​ជាស​គុណ​ចំនួន​ទឹកប្រាក់​៥០០​ដុល្លា​អា​មេ​រិ​ក​។ ប្រសិនបើ​បងប្អូន​បាន​ជួប​ប្រទះ ឬ​ស្គាល់​ភិនភាគ​សូម​ទាក់ទង​មក​លេខ​ទូរស័ព្ទ ០៩៧ ៧៥ ៦១ ១១១ , ០៩៧ ៩៣ ៤៧ ៤១៧ ។