លោក​កូន​ថ្លើមពាសមេឃ ឪពុក​ស្ដីប្រដៅ​គំរាម​ដុត​ខ្លួនឯង

កំពង់ស្ពឺ ៖ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០១៦ មាន​ករណី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​របស់​ឈ្មោះ ភឿ​ង លន់ ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ ស្ថិត​នៅ​ក្នុងភូមិ​ដំណាក់​ត្រាច ឃុំ ក្សេមក្សាន្ត ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ដែល​បង្ក​ដោយ​ឈ្មោះ លន់ សុ​ផាត ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ត្រូវជា​កូន រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ បាន​ធ្វើ​សកម្មភាព​យក​ប្រេងសាំង​ចំនួន​៣០​លី​ត្រ និង​ដែកកេះ ចាក់​គំរាម​ដុត​សំលាប់​ខ្លួន និង​ផ្ទះ ។

ប្រភព​ពី​ឪពុក​ជន​បង្ក​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ក្នុង​នាម​គាត់​ជា​ឪពុក​បាន​ស្ដីប្រដៅ​កូន ដែល​ជា​ជន​បង្ក ថា​កុំ​ឲ្យ​ដើរ​លេង​ផ្ដេសផ្ដាស កុំ​សេពគប់​មិត្តភក្ដិ​បន​ភឿន​មិនល្អ កុំ​ដើរ​ស៊ីផឹក ត្រូវ​ជួយ​ធ្វើ​ការងារ​ផ្ទះសម្បែង ។ គ្រាន់តែ​ប៉ុណ្ណឹង លោក​កូន​ថ្លើមធំ​ពាសមេឃ ទៅ​ទិញ​ប្រេងសាំង​៣០​លី​ត្រ គំរាម​ដុត​ខ្លួនឯង ដុត​ផ្ទះ​ជាដើម  ហើយ​បាន​ដុត​កន្ទេល​ខ្នើយ ឆេះ​អស់​មួយ​ចំនួន ។ រហូត​ដល់​វេលា​ម៉ោង​៣​និង​៣០​នាទី កម្លាំង​អន្តរាគមន៍​អគ្គី​ភ័យ​ខេត្ត សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ឧដុង្គ បាន​ឃាត់​មុខសញ្ញា​ខាងលើ​ទាន់​ពេលវេលា និង​បំពេញ​កំណត់ហេតុ​តាម​នីតិវិធី​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ៕