ខេត្តសៀមរាប​ក៏​មិន​អន់​ដែរ​… ភ្លៀង និង​ខ្យល់​កន្ត្រាក់

ខេត្តសៀមរាប ៖ ភ្លៀង​លាយឡំ​និង​ខ្យល់​ក​ន្ទ្រា​ក់មួយ​មេ​ធំ កាលពី​វេលា​ម៉ោង​១៧​និង​០០​នាទី ថ្ងៃ​ទី​២៨ មេ​សា ២០១៦ បណ្តាល​ឱ្យ​ប៉ះពាល់​ចំនួន​៥​ភូមិ ក្នុង​នោះ​មាន​ភូមិ​វត្ត​, ភូមិ​ស្រែ​ពោធិ៍ ភូមិ​ដៃ​អាវ ភូមិ​គោក​វត្ត ភូមិ​ស្រែ​ណូ​យ ក្នុង​ឃុំ​ស្រែ​ណូ​យ ស្រុក​វ៉ា​រិ​ន ខេត្តសៀមរាប ។

លោក​វរសេនីយ៍ទោ ណុ​ប សា​រ៉ា​ក់ អធិការ​នគរបាល​ស្រុក​វ៉ា​រិ​ន បាន​ប្រាប់​កោះសន្តិភាព​នៅ​ល្ងាច​វេលា​ម៉ោង​៧​និង​១៥​នាទី ថ្ងៃ​ទី​២៨ មេ​សា ២០១៦ នេះ​ថា បន្ទាប់​ពី​មាន​ករណី​​ភ្លៀង​លាយឡំ​និង​ខ្យល់​ក​ន្ទ្រា​ក់មួយ​មេ​ធំ កាលពី​វេលា​ម៉ោង​១៧​និង​០០​នាទី ថ្ងៃ​ទី​២៨ មេ​សា ២០១៦ បណ្តាល​ឱ្យ​ប៉ះពាល់​ចំនួន​៥​ភូមិ ក្នុង​ខេត្តសៀមរាប ។ លោក​បន្ត​ថា ក្រោយ​ពី​ភ្លៀង​លាយ​ខ្យល់​ក​ន្ទ្រា​ក់មួយ​មេ​ធំ រួច​មក​ក៏​បាន​ឈប់​ទៅ​វិញ បណ្តាល​ឱ្យ​មានផ្ទះ​ពលរដ្ឋ​ខូចខាត​អស់​ចំនួន​២៥៩​គ្រួសារ ស្មើនឹង​២៥៩​ផ្ទះ ក្នុង​នោះ (​ខូចខាត​រលំ​ផ្ទាល់​ដី​ទាំងស្រុង​អស់​២៤​ខ្នង ស្មើនឹង​២៤​គ្រួសារ​) និង​ប៉ើង​ដំបូល​២៣៥​ខ្នង (​ស្មើនឹង​២៣៥​គ្រួសារ​) ខូច​រថយន្ដ​០៦​គ្រឿង និង​អីវ៉ាន់​គ្រឿង​ឧបភោគ បរិភោគ​មួយ​ចំនួន​ធំ ព្រមទាំង​មាន​អ្នក​របួសធ្ងន់​-​ស្រាល​៣​នាក់ ស្រី​២​នាក់ (​ក្នុង​នោះ​ស្រាល​០២ ធ្ងន់​១ )​។

បច្ចុប្បន្ន​ជន​រង​គ្រោះ​របួសធ្ងន់​ក្នុង​ហេតុការណ៍​គ្រោះ​ធម្មជាតិ​រលំ​ផ្ទះ​នោះ ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​បញ្ជូន​យក​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​។ ចំណែក​អ្នក​របួស​ស្រាស​ទាំង​២​នាក់ ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​មក​ព្យាបាល​ទៅ​មណ្ឌល​សុខភាព ឃុំ​ស្រែ​ណូ​យ​។