បន្ទាប់​ពី​រាំង​ស្ងួត​… ភ្លៀង​ធ្លាក់ ខ្យល់​កន្ត្រាក់​អស់​៧២​ខ្នង

ខេត្តរតនគិរី ៖ ភ្លៀង​កក់ខែ​មួយ​មេ​យ៉ាង​ធំ និង​ខ្យល់​កន្ត្រាក់ បណ្តាល​ឱ្យ​រលំ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣៦​ខ្នង និង​រលំ​ដេក​ដួល​ដល់​ដី​៧​ខ្នង ស្លាប់​មនុស្ស​ម្នាក់ ។ ទាក់ទិន​ទៅ​នឹង​ករណី​ខាងលើ ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​បានឱ្យ​ដឹង​ថា ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៨ មេ​សា ២០១៦ វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ស្ថិត​នៅ​ក្នុងភូមិ​ប៉ុង ឃុំ​ប៉ុង ស្រុក​វ៉ើ​ន​សៃ ។

ព្រឹក​ថ្ងៃ​ទី​២៩ មេ​សា ២០១៦ លោក លី ធុ​ជ ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​នាំ​អំណោយ ដូច​ជា​គ្រឿង​ឧបភោគ បរិភោគ​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​រលំ​ផ្ទះ ។ បើ​តាម​អាជ្ញាធរ​មូលដ្ឋាន​បានឱ្យ​ដឹង​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ​មាន​ភ្លៀង​ធ្លាក់​មួយ​មេឃ​យ៉ាង​ខ្លាំង និង​មាន​ខ្យល់​កន្ត្រាក់​ថែម​ទៀត​ផង បណ្តាល​ឱ្យ​បុរស​ម្នាក់​ស្លាប់ មានឈ្មោះ ប៉ូ ហិន  អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ​។ ផ្ទះ​ប្រជាពលរដ្ឋ​ដួល​រលំ​៣៦​ខ្នង​នោះ មាន​៧​ខ្នង​រាប​ដល់​ដី និង​២៩​ខ្នង​ទៀត​គ្រាន់តែ​ប៉ើង​ស័ង្កសី​។

គ្រោះ​មន្ត​រាយ​ដោយ​ធម្មជាតិ​នេះ អាជ្ញាធរ​ខេត្ត​មានការ​សោកស្តាយ និង​ចុះ​ជួយ ដោយ​មាន​ទាំង​អំណោយ​ជូន​ពួក​គាត់​មួយ​ចំនួន ដើម្បី​ដោះ​ទាល់​បាន​មួយ​គ្រា​ផង​ដែរ ។ បើ​តាម​របាយការណ៍​របស់​របស់​អាជ្ញាធរ​ខេត្តរតនគិរី បានឱ្យ​ដឹង​ថា មាន​ភ្លៀង​ធ្លាក់​មួយ​មេ និង​ខ្យល់​កន្ត្រាក់​នេះ ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ដួល​រលំ​ផ្ទះ​ចំនួន​២​ស្រុក សរុប​ចំនួន​៧២​ខ្នង​ផ្ទះ​។ តែ​ពេល​នេះ​អាជ្ញាធរ​ខេត្ត​កំពុង​យកចិត្តទុកដាក់​គោលការណ៍​របស់​រដ្ឋាភិបាល​មិន​ឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​រង​គ្រោះ​អត់បាយ​ហូប​ទេ ។​សូម​បញ្ជាក់​ថា ប្រជាពលរដ្ឋ​នៅ​ស្រុក​វ៉ើ​ន​សៃ ក៏​រង​គ្រោះ​ដោយសារ​ពស់​ចឹក​ស្លាប់​ម្នាក់​ផង​ដែរ​៕