ភ្លៀង​ធ្លាក់​ដើមឆ្នាំ​មួយ​មេ​ធំ​លាយ​និង​ផ្គរ​ន្ទះ

ខេត្តក្រចេះ ៖ ក្រៅពី​សន្ធឹក​ភ្លៀង​បាន​បង្អុរ​ធ្លាក់​យ៉ាង​ជោគ​ជាំ​មួយ​មេ​ធំ​មាន​រយៈពេល ជា​ច្រើន​ម៉ោង​ស្ទើរ​គ្រប់​បណ្តា​ស្រុក​-​ក្រុង​នៅ​ទូ​ទាំង​ខេត្ត កាលពី​វេលា​ជិត​ពាក់កណ្តាល​យប់ ថ្ងៃ​ទី​២៨ មេ​សា ក៏​នៅ​មាន​បាតុភាព​គ្រោះ​ធម្មជាតិ​រន្ទះបាញ់​មួយ​បាន​បាញ់​សម្លាប់​បុរស​វ័យ ចំណាស់​ម្នាក់​នៅ​ស្រុក​សំបូរ បណ្តាល​ឲ្យ​ស្លាប់​។

សន្ធឹក​ភ្លៀង​លាយ​ជាមួយ​សន្ធឹក​ខ្យល់​បក់ ផ្លេកបន្ទោរ និង​រន្ទះ​បាន​កើត​មាន​យ៉ាង ខ្លាំង​នៅ​វេលា​ជិត​ពាក់កណ្តាល​យប់ ។  ក្នុង​នោះ​ដែរ ករណី​រន្ទះបាញ់​សម្លាប់​បុរស​ម្នាក់ ដែល​កំពុង​តែ​ស្នាក់​នៅ​លើ​ផ្ទះ​ឈើ​ប្រក​ដែក​មួយ​ខ្នង​ជាមួយនឹង​ក្រុម​គ្រួសារ បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​។

បុរស​រង​គ្រោះ​ឈ្មោះ សៅ សារី អាយុ​៦២​ឆ្នាំ រស់នៅ​ភូមិ​យាវ ឃុំ​កំពង់ចាម  ស្រុក​សំបូរ ត្រូវ​បាន​ស្លាប់​នៅ​លើ​ផ្ទះ ដោយសារ​តែ​បាតុភូត​ធម្មជាតិ​រន្ទះបាញ់​។

ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ​ឲ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​កើតហេតុ​ពេល​មេឃ​ភ្លៀង​ខ្លាំង បុរស​រង​គ្រោះ​បាន​ចុះ​មក​ក្រោមផ្ទះ ដើម្បី​ចាប់​បំភ្លឺ​ភ្លើង​អា​គុយ ភ្លាម​ៗ​នោះ​ក៏​ត្រូវ​រន្ទះបាញ់​ស្លាប់ និង​បណ្តាល​ឲ្យ​បាក់​សសរផ្ទះ​មួយ​ដើម​។

ករណី​បាតុភូត​ធម្មជាតិ​រន្ទះបាញ់ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​នេះ ត្រូវ​បាន​អាជ្ញាធរ​ចាត់ ទុក​ថា បាន​កើត​មាន​ជា​លើក​ដំបូង​នៅ​ដើមរដូវ​វស្សា​នេះ បន្ទាប់​ពី​កើត​មាន​គ្រោះ​រាំង​ស្ងួត បាន​អូស​បន្លាយ​មាន​រយៈពេល​យូរ​រួច​មក​ហើយ​។

ជាមួយ​និង​ការ​ស្លាប់​របស់​បុរស​រង​គ្រោះ​វ័យ​ចំណាស់​រូប​នេះ ដោយសារ​គ្រោះ​ធម្មជាតិ រន្ទះបាញ់ ស្នងការ​នគរបាល​ខេត្តក្រចេះ​លោក​ឧត្តមសេនីយ៍ លន់ សុ​ផាត ក៏​បាន​ចូលរួម​រំលែក​ទុក្ខ និង​មាន​បច្ច័យ​ចំនួន​៤០​ម៉ឺន​រៀល ជូន​ដល់​គ្រួសារ​សព ។

មិន​មាន​សេចក្តីរាយការណ៍​ណាមួយ​បន្ថែម​ឲ្យ​ច្បាស់​អំពី​គ្រោះ​ធម្មជាតិ​ដែល​បាន​កើត ឡើង​ផ្សេង​ទៀត​នៅ​ក្នុង​ខេត្តក្រចេះ ជាមួយនឹង​សន្ធឹក​ភ្លៀង​ដែល​បាន​បង្អុរ​ធ្លាក់​ខ្លាំង​មួយ​មេ​ធំ​នេះ​ទៀត​នោះ​ទេ ។ ក្រៅពី​គ្រោះ​រន្ទះ​ធម្មជាតិ​បាញ់​សម្លាប់​មនុស្ស​មួយ​ករណី​នេះ​៕