រន្ទះ​បាន​បាញ់​ពន្ធនាគារ​ខេត្ត ឆេះ​កាមេរ៉ា​សុវត្ថិភាព

ខេត្តព្រៃវែង ៖ បុរស​ម្នាក់​ត្រូវ​រន្ទះភ្លើង​បាញ់​ឆេះ​ខ្លោច​ពេញ​ដងខ្លួន និង​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ខណៈ​ពេល​ដែល​បុរស​រូប​នោះ​កំពុង​ដេក​យាម​ទា​នៅ​ក្នុង​កូន​រោង​១ កណ្តាល​វាលស្រែ​។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​២៥​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​២៩ មេ​សា ២០១៦ នេះ នៅ​ចំណុច​វាលស្រែ​ក្នុង​សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង​។ បុរស​រង​គ្រោះ​ឈ្មោះ ពុន សំ​អឿ​ន អាយុ​៤៨​ឆ្នាំ មុខរបរ​ជា​អ្នក​ចិញ្ចឹម​ទា និង​មាន​ទីលំនៅ​ក្នុង​សង្កាត់​ជើង​ទឹក ក្រុង ព្រៃវែង​។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​តែងតែ​ទៅ​ដេក​យាម​ទា​របស់​ខ្លួន​នៅ​ក្នុង​កូន​រោង​កណ្តាល​វាលស្រែ​នោះ​ជា​រៀង​រាល់​យប់ មិន​ដែល​មាន​បញ្ហា​អ្វី​កើតឡើង​ទេ​។ ប៉ុន្តែ​ជា​អកុសល​នៅ​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​២៩ មេ​សា នេះ មេឃ​បាន​ធ្លាក់​ភ្លៀង​១​មេ​យ៉ាង​ធំ​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់​បោកបក់​យ៉ាង​ខ្លាំង និង​មាន​ផ្លេកបន្ទោ​ឆ្វេ​ច​ឆ្វាច​ផង​ដែរ ហើយ​នៅ​វេលា​ម៉ោង​៣​និង​២៥​នាទី​ទៀប​ភ្លឺ ក៏​មាន​រន្ទះបាញ់​ទៅ​ចំ​រោង​ដែល​ជន​រង​គ្រោះ​ដេក​យាម​ទា បណ្តាល​ឱ្យ​ឆេះ​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង ប៉ុន្តែ​រហូត​ដល់​ព្រឹក​ឡើង ទើប​មាន​អ្នក​ទៅ​ឃើញ និង​មានការ​ផ្អើល​ឆោ​រ​ឡោ​។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា តាម​ការ​ពិនិត្យ​នៅ​កន្លែង​កើតហេតុ ជន​រង​គ្រោះ​បាន​ពាក់​នាឡិកា ១​នៅ​នឹង​ដៃ ព្រមទាំង​មាន​ទូរស័ព្ទ​១​គ្រឿង​ទៀត​នៅ​ក្នុង​ហោប៉ៅ​ខោ​ផង​ដែរ ដូច្នេះ​ហើយ​ទើប​សមត្ថកិច្ច​សន្និដ្ឋាន​ថា រន្ទះ​ដែល​បាញ់​ទៅ​ចំ​រោង​ដែល​ជន​រង​គ្រោះ​ដេក​នោះ គឺ​អាច​បណ្តាល​មក​ពី​ចរន្ត​រន្ទះ​ស្រូប​ឆ្លង​នាឡិកា ឬ​ក៏​ទូរស័ព្ទ​ដៃ​នោះ​តែ​ម្តង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រៅពី​រន្ទះបាញ់​បុរស​ចិញ្ចឹម​ទា​ខាងលើ​ឱ្យ​ស្លាប់​ហើយ​នោះ រន្ទះ​ក៏​បាន​បាញ់​ទៅ​លើ​ពន្ធនាគារ​ខេត្តព្រៃវែង​ផង​ដែរ និង​ប​បណ្តាល​ឱ្យ​ខូច​កាមេរ៉ា​សុវត្ថិភាព​នៅ​ក្នុង​ពន្ធនាគារ​នោះ​អស់​ចំនួន​៩​គ្រឿង ឧបករណ៍​បញ្ជា​កាមេរ៉ា​១​ឈុត ទូរទស្សន៍​២​គ្រឿង និង​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​នៅ​ជុំវិញ​នោះ ក៏​ឆេះ​ទូរទស្សន៍​អស់​ជិត​១០​គ្រឿង​ផង​ដែរ៕