ភ្លាត់ស្នៀត ឬ​ខុស​បច្ចេកទេស បានជា​ផ្ទុះ​របួស​ធ្ងន់​

ខេត្តពោធិ៍សាត់ ៖ មន្ត្រី​បម្រើ​ការងារ​ផ្នែក​បោសសំអាត​មីន​ម្នាក់​នៅ​អង្គការ Hallo Trust បាន​រង​របួសធ្ងន់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ប្រទេស​ថៃ បន្ទាប់​ពី​ជួប​គ្រោះថ្នាក់​ដោយ​ចៃដន្យ​ក្នុង​ពេល​បំពេញភារកិច្ច​ដោះ​មីន​កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០១៦ នៅ​ភូមិ​ឯកភាព ឃុំ​ថ្មដា ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ ។

លោក​វរសេនីយ៍ត្រី ធាង ឡេ​ង អធិការ​នគរបាល​ស្រុក​វាល​វែង បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ផែន ណារ័ត្ន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កែវ​សុវណ្ណ សង្កាត់​បន្ទាយ​ដី ក្រុង​ពោធិ៍សាត់ បម្រើ​ការងារ​នៅ​អង្គការ Hallo Trust ដែល​ជា​អង្គការ​បោសសំអាត​មីន ។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ថ្ងៃ​នោះ​ជន​រង​គ្រោះ​រួម​ជាមួយ​ក្រុមការងារ​បាន​បំពេញបេសកកម្ម​បោសសំអាត​មីន​នៅ​មុខ​មណ្ឌល​សុខភាព​ថ្មដា ស្ថិត​ក្នុងភូមិ​ឯកភាព ឃុំ​ថ្មដា ស្រុក​វាល​វែង ខណៈ​ពេល​កំពុង​ប្រើ​ឧបករណ៍​រាវ​លើ​ដី​ក៏​បាន​ប្រទះ​ឃើញ​គ្រាប់​មីន​កប់​ក្នុង​ដី​មួយ​គ្រាប់​ហើយ​ក៏​បាន​ជីក​ដើម្បី​យក​ទៅ​រក្សា​ទុកជា​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ ។ ក្នុង​ពេល​កំពុង​ជីក​យក​នោះ ទំនង​ភ្លាត់ស្នៀត ឬ​ខុស​បច្ចេកទេស​យ៉ាងម៉េច​មិនដឹង​ស្រាប់តែ​ផ្ទុះ​តែ​ម្ដង បណ្ដាល​ឲ្យ​ចំ​ដើមទ្រូង​និង​ដៃ​ឆ្វេង​របួស​យ៉ាងធ្ងន់ធ្ងរ ៕