ភ្លៀង​ធ្លាក់​លើ​ស្រុក​៥ ក្នុង​ខេត្តរតនគិរី

ខេត្តរតនគិរី ៖ ស្រុក​ចំនួន​០៥​នៅ​ក្នុង​ខេត្តរតនគិរី កំពុង​ត្រូវ​រង​សំពាធ​ភ្លៀង ផ្គរ ខ្យល់​កន្ត្រាក់​មួយ​មេ​យ៉ាង​ធំ បណ្តាល​ឱ្យ​ផ្ទះ​ជា​ច្រើន​ខ្នងរ​លំបាក់ និង​សង្កត់​មនុស្ស​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​។

ហេតុការណ៍​ខ្យល់​កន្ត្រាក់​បាក់​រលំ​ផ្ទះ​នេះ​បាន​កើតឡើង​នៅ​វេលា​យប់ ថ្ងៃ​ទី​២៨​ឈាន​ចូល​ថ្ងៃ​ទី​២៩ មេ​សា ២០១៦ នេះ ខណៈ​ដែល​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​យ៉ាង​ធំ បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​ម្នាក់​ឈ្មោះ​ប៊ួ​រ ហ្រ៊ី​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ប្រពន្ធ​ឈ្មោះ​សៃ ថង មានកូន​បី​នាក់​ក្នុង​បន្ទុក មាន​ទីលំនៅ​ភូមិ​ប៉ុង ឃុំ​ប៉ុង ស្រុក​វ៉ើ​ន​សៃ​។

តាម​ប្រភព​ពី​ក្រុម​គ្រួសារ​នៃ​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា ក្នុង​ពេល​កើតហេតុ​មាន​មនុស្ស​ចំនួន​១៣​នាក់ នាំ​គ្នា​ជ្រក​ភ្លៀង​ក្នុងផ្ទះ​ចំការ​តែ​មួយ ស្ថិត​នៅ​ផ្លូវ​ចូល​ក្រុមហ៊ុន​ឆេ​ង​ឡុ​ក លុះដល់​មាន​ភ្លៀង​ខ្យល់​កន្ត្រាក់​ខ្លាំង ក៏​បាន​នាំ​គ្នា​រត់​ចេញ​ក្រៅ​ទាំងអស់ ដោយឡែក​ជន​រង​គ្រោះ​ដែល​ត្រូវ​ផ្ទះ​រលំ​សង្កត់​ស្លាប់​នោះ នឹក​ស្តាយ​ម៉ូតូ ទើប​រត់​ចូល​ទៅ​យក​ម៉ូតូ ស្រប​ពេល​នោះ​ផ្ទះ​ក៏​រលំ​បាក់​សង្កត់​បោក​ចំ​ក្បាល​ដួល​ស្លាប់​តែ​ម្តង​។

យោង​តាម​របាយការណ៍​ពី​នគរបាល​សន្តិសុខ​នៃ​ស្នងការដ្ឋាន​ខេត្ត​បានឱ្យ​ដឹង​ថា ស្រុក​ចំនួន​៥​ដែល​ទទួល​រង​គ្រោះ​ភ្លៀង​ផ្គរ​លាយឡំ​ខ្យល់​កន្ត្រាក់​នេះ មានស្រុក​កូន​មុំ ស្រុក​អណ្តូង​មាស ស្រុក​តា​វែង ស្រុក​វ៉ើ​ន​សៃ និង​ក្រុង​បា​ម​លុង បណ្តាល​ឱ្យ​ផ្ទះ​រលំ​ចំនួន​១៥​ខ្នង ផ្ទះ​របើក​ដំបូល​៥៨​ខ្នង និង​ស្លាប់​មនុស្ស​ម្នាក់​។