ម្តាយ​ញ៉ាំ​ពង​ក្ងាន កូន​ឆ្លាត តែ​រពឹស​? អញ្ចឹង ត្រូវ​ញ៉ាំ ប៉ុន្មាន​គ្រាប់​ទៅ​?

ម្តាយ​ញ៉ាំ​ពង​ក្ងាន កូន​ឆ្លាត តែ​រពឹស​? អញ្ចឹង ត្រូវ​ញ៉ាំ ប៉ុន្មាន​គ្រាប់​ទៅ​?

​ប្រជា​ពលរដ្ឋ​ខ្មែរ មួយចំនួន​មាន​ជំនឿ​ថា ការ​ញ៉ាំ​ពង​ក្ងាន នឹង​ជួយ​ឲ្យ​ទា​រកលូតលាស់​បានល្អ រហ័សរ​ហួន និង​ឆ្លាត​វាងវៃ​ទៀតផង​។​ ​ពង​ក្ងាន គឺជា​អាហារ​ដែល​ប៉ូវ​ដល់​គភ៌ និង​ធ្វើឲ្យ​ទារក​ក្នុងផ្ទៃ ធំធាត់​ប្រកបដោយ​ភាព​ឆ្លាត​វៃ​។​

​ដោយសារតែ​ហេតុនេះហើយ ទើប​ធ្វើឲ្យ​ពង​ក្ងាន មាន​តម្លៃ​ថ្លៃ​គួរសម (​មួយ​គ្រាប់ ប្រហែល ១ ម៉ឺន​រៀល​)​។​

​តើ​ការ​ញ៉ាំ​ពង​ក្ងាន កូន​ពិតជា​រពឹស និង​ឆ្លាត​មែន​ទេ​?

- ជា​ម្តាយ​របស់​កូន​ពីរ​នាក់ លោកស្រី ងួន ណាវី បានឲ្យដឹងថា ៖ "ខ្ញុំ​មិន​ច្បាស់​ទេ ប៉ុន្តែ ខ្ញុំ​លឺ​ពាក្យ​នេះ តាំង​ពី​តូច​មក​ម្លេះ ហើយ​កូនប្រុស​ដំបូង​របស់​ខ្ញុំ គឺថា​រពឹស មហា​រពឹស ហើយ​ឆ្លាត​មែន​។ នេះ​គឺថា ខ្ញុំ​ញ៉ាំ​បានតែ ៦ គ្រាប់​ប៉ុណ្ណោះ​។ ចំពោះ​កូនស្រី​ទី​ពីរ​ខ្ញុំ​វិញ មិន​ត្រឹមតែ​ញ៉ាំ​ពង​ទេ តែ​ញ៉ាំ​ទាំង​មេ​ទៀត អញ្ចឹង ចាំ​មើល​គេ​ធំ​បន្តិច​សិន​ទៅ ទើប​អាច​និយាយបាន​"។​

- ដៃ​មួយ​អោប​ពោះ ដៃ​មួយ​កាន់​ពង​ក្ងាន លោកស្រី ចាន់ រដ្ឋា បាន​រៀបរាប់​ប្រាប់​យើងខ្ញុំ​ថា ៖ "មិត្តភក្តិ និង​បងប្អូន​ខ្ញុំ​ទាំងអស់ សុទ្ធតែ​ញ៉ាំ​ពង​ក្ងាន មុន​ពេល​កើតកូន​។ តែ​ខ្ញុំ​សង្កេតឃើញថា មាន​កូន​ខ្លះ​ឆ្លាត កូន​ខ្លះ​រពឹស កូន​ខ្លះ ក៏​សម្ងំ​ស្ងៀម​ទ្រឹង​។ ខ្ញុំ​ចេះតែ​ញ៉ាំ ឲ្យបាន​ពីរ​បី​គ្រាប់​ដែរទៅ ព្រោះ វា​គ្មាន​ខាត​អី​ទេ​"។​

​សារៈប្រយោជន៍ នៃ​ពង​ក្ងាន​

១. ពង​ក្ងាន សម្បូរ​សារធាតុចិញ្ចឹម ដូចជា ប្រូតេអ៊ីន ខ្លាញ់ វីតាមីន និង​សារធាតុ​រ៉ែ​
២. ពង​ក្ងាន មាន​ផ្ទុក​វីតាមីន A, D, E វី​បូ​ហ្លា​វីន ថ្យា​មីន ជាតិ​ដែក ផូស្វ័​រ និង​កាល់ស្យូម​
៣. កូ​លីន (Choline) ៖ ពង​ក្ងាន​មួយ មាន​ជាតិកូលី​ន​ប្រហែល ៣៧៩ មី​លី​ក្រាម (​កូ​លីន មាន​តួនាទី​យ៉ាងសំខាន់ ក្នុង​ការលូតលាស់​នៃ​កោសិកា​)
៤. ពង​ក្ងាន ជួយ​ដល់​ការលូតលាស់ របស់​ខួរក្បាល និង​កោសិកា​សរសៃប្រសាទ​។​

​វីតាមីន និង​សារធាតុចិញ្ចឹម​ល្អៗ​ទាំងនេះហើយ ដែលជា​មូលហេតុ អាច​នាំ​ឲ្យ​កូន​របស់​អ្នក មាន​សុខភាព​ល្អ និង​ឆ្លាត​វៃ​។​ យ៉ាងណាមិញ បងប្អូនអាចញ៉ាំពីរបីគ្រាប់ទៅ កុំឲ្យស្តាយក្រោយ។

​ប្រុងប្រយ័ត្ន​

-​    ​បើ​អ្នក​មិន​អាច​ទ្រាំ នឹង​រសជាតិ​វា​បានទេ ចូរ​កុំ​បង្ខំ​ញ៉ាំ​វា​អី អ្នក​អាច​ញ៉ាំ​ពងមាន់ ឬ​ពង​ទា​បាន​ដូចគ្នា​
-​    ​ពង​ក្ងាន មាន​កូលេ​សស្តេ​រ៉ុល​ខ្ពស់ ដូច្នេះ ស្ត្រី​ជា​ម្តាយ​គួរ​មានការ​ប្រុងប្រយ័ត្ន ហើយ​យក​ល្អ គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី20 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។