គង្គ ប៊ុនឈឿន កវី​ស្ទឹង​សង្កែ​បាន​លាចាក​លោក​ហើយ

មនុស្សតិចណាស់ ដែលមិនស្គាល់ មិនបានស្ដាប់ចម្រៀង «ឱស្ទឹងសង្កែ» ដែលបកស្រាយ​ដោយ​លោក ស៊ីន ស៊ីសាមុត និង​និពន្ធ​ទំនុក​ច្រៀង-ភ្លេង ដោយ«កវី»​លោក គង្គ ប៊ុនឈឿន។ តែនៅ​ថ្ងៃ​នេះ ម្ចាស់កវីដែលសល់​ពី​សង្គម​ចាស់​រូប​នេះ បាន​លា​ចាកលោក​យើងនេះទៅហើយ។
គង្គ ប៊ុនឈឿន កវី​ស្ទឹង​សង្កែ​បាន​លាចាក​លោក​ហើយ

លោក គង្គ ប៊ុនឈឿន ជាមួយនឹងរហស្សនាម «កវី ម្ចាស់ស្ទឹងសង្កែ» និងរូបថតនៅក្នុងប្រទេសណ័រវេស។ (រូបថតហ្វេសប៊ុក)

ជាការចាកចេញ ដោយគ្មានពេលវិលត្រឡប់ និងមិនអាចរកពាក្យអ្វី មកថ្លែងជំនួសការសោកស្ដាយ បានឡើយ។ គឺលោក មុត ថារី ដែលជាកូនប្រសារ ជាអ្នកប្រកាស នូវដំណឹងដ៏រន្ធត់នេះ នៅលើទំព័រហ្វេសប៊ុក​របស់​លោក កាល​ពី​ប៉ុន្មាន​ម៉ោងមុននេះ។

លោក គង្គ ប៊ុនឈឿន កវីដែលនៅសល់ពីសង្គមចាស់ បានលាចាកលោកយើងនេះ នៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែមេសា ឆ្នាំ២០១៦នេះ នៅក្នុងមន្ទីរពេទ្យមួយ នៃប្រទេសណ័រវេស វេលាម៉ោង ០៧ និង២០នាទី ម៉ោង​ក្នុង​ស្រុក។

លោក មុត ថារី បានថ្លែងប្រាប់ សារព័ត៌មានក្នុងប្រទេសកម្ពុជាមួយថា លោកឪពុកក្មេករបស់លោក បាន​ធ្លាក់​ក្នុងសភាពធ្ងន់ធ្ងរ កាលពីថ្ងៃសៅរ៍ម្សិលម៉ិញ បន្ទាប់ពីម្ចាស់កម្រងចម្រៀង ស្ទឹងសង្កែរូបនេះ បានរងនូវជំងឺ​មហារីក អស់ជាច្រើនឆ្នាំកន្លងមក។ ធាតុរបស់លោក គង្គ ប៊ុនឈឿន គ្រោងនឹងយកមកបញ្ចុះ នៅអាស្រម ឬមណ្ឌលមួយ​នៅក្នុង​វត្ត​ត្រពាំងគិន នៃស្រុក​សំរោងទង ខេត្តកំពង់ស្ពឺ បន្ទាប់ពីធ្វើបុណ្យសព នៅក្នុង​ប្រទេស​ណ័រវេស​រួចរាល់។

អ្នកនិពន្ធជើងចាស់ ដែលមានគ្រប់ស្នារដៃ ទាំងចម្រៀង កំណាព្យ ប្រលោមលោក ភាពយន្ដ បានចាប់កំណើត​ នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ១៩៣៩ នៅភូមិ-ឃុំ-ស្រុកចំការសំរោង ខេត្តបាត់ដំបង។ ឪពុករបស់លោក ឈ្មោះ គង់ ឈិន ជាអ្នកស្រុកតាកែវ ខណៈម្ដាយរបស់លោក ឈ្មោះ ម៉រ ភីង ជាអ្នកស្រុកបាត់ដំបង។

យុវជន គង្គ ប៊ុនឈឿន ដែលមាននិស្ស័យខាងតែងនិពន្ធ តាំងពីតូចក្រូចឆ្មារ បានចាប់ផ្ដើមប្រឡូក ចូលក្នុង​វិស័យតែងនិពន្ធច្បាស់លាស់ នៅខណៈពេលដែលយុវជន ទើបតែមានអាយុ ១៦ឆ្នាំ គឺនៅឆ្នាំ១៩៥៥។ បន្ទាប់​មក នៅឆ្នាំ១៩៥៧ យុវជន ប៊ុនឈឿន បានដណ្ដើមជ័យលាភី បានលេខមួយ នៅក្នុងមហាស្រព​អក្សរសិល្ប៍មួយ នាខេត្តបាត់ដំបង ជាមួយនឹងស្នាដៃ «ស្នេហារលុះអវសាន្ត»។

នៅឆ្នាំ២០០០ លោក គង្គ ប៊ុនឈឿន ដែលពេលនោះ មានអាយុ៦១ឆ្នាំ បានក្លាយជាអ្នកនិពន្ឋខ្មែរទី២ បន្ចាប់​ពីលោក ពេជ្រ ទុំក្រវិល ដែលទទួលបានជ័យលាភី ស្នាដៃតែងនិពន្ធក្របខណ្ឌអាស៊ាន។

នៅខែកក្កដា ឆ្នាំ២០០០ លោក គង្គ ប៊ុនឈឿន បានសរសរប្រលោមលោកមួយ មានចំណងជើង​ថា​«វាសនា​នាង ម៉ារីណា» ដោយដកស្រង់ យកសាច់រឿងពិត នៃស្នេហាត្រីកោណ របស់មន្ត្រីរដ្ឋាភិបាលកម្ពុជា ដ៏​មាន​អំណាច​ម្នាក់ និងកញ្ញា តាត ម៉ារីណា (អតីតតារាសម្ដែង) យកលាតត្រដាង។

បន្ទាប់ពីសៀវភៅនេះ ត្រូវបានបោះពុម្ភផ្សាយ លោក គង្គ ប៊ុនឈឿន បានរងការគំរាមសំលាប់ ទាំង​គ្រួសារ​ជាញឹកញាប់ ដែលជាហេតុធ្វើឲ្យលោក និងគ្រួសារបង្ខំចិត្តរត់ភៀសខ្លួន ទៅកាន់ប្រទេសថៃ និងនៅទីបំផុត ទទួល​បាន​សិទ្ធិ​រស់នៅ ជាជនភៀសខ្លួន នៅក្នុងប្រទេសណ័រវ៉េស រហូតដល់សព្វថ្ងៃ៕