អា «សំបូរ» ដំរីខ្ញុំ ល្បី​ពេញ​ទ្វីប​អ៊ឺរ៉ុប

ការឡើងកម្ដៅ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសនៅក្នុងប្រទេសកម្ពុជា បានធ្វើឲ្យសត្វ​ចតុបាត​ជា​ច្រើន ស្លាប់ជា​បន្តបន្ទាប់​គ្នា។ ក្នុងនោះ មានដំរីមួយក្បាល ឈ្មោះ «សំបូរ» ដែលក្រុម​អ្នក​ទេសចរណ៍ នៅក្នុង​តំបន់អង្គរ​ស្គាល់​សឹង​តែ​គ្រប់គ្នា។ តែមរណភាពរបស់ «សំបូរ» ពិតជា​មិន​ធម្មតា​ទេ ព្រោះ​សារព័ត៌មាននានា នៅក្នុង​ទ្វីប​អ៊ឺរ៉ុប​បាន​យក​ទៅ​ចុះ​ផ្សាយ សឹងតែគ្រប់ៗគ្នា។
អា «សំបូរ» ដំរីខ្ញុំ ល្បី​ពេញ​ទ្វីប​អ៊ឺរ៉ុប

«សំបូរ» ស្លាប់ព្រោះហត់ដង្ហក់ រហូតគាំងបេះដូង បណ្ដាលមកពីកម្ដៅថ្ងៃឡើងខ្លាំង។ (រូបថតហ្វេសប៊ុក)

ប្រសិនជានៅក្នុងប្រទេសកម្ពុជា សំនុំរឿង «កឹម សុខា-ធី សុវណ្ណថា-ស្រី ចំរើន-ស្រីមុំ» បានបង្ក​ចំណាប់​អារម្មណ៍ សម្រាប់មនុស្សជាច្រើននោះ តែចំពោះនៅក្រៅប្រទេសវិញ គេបានចាប់អារម្មណ៍ខ្លាំងក្លា នឹង​មរណភាព​របស់ «សំបូរ» ដំរីមួយក្បាល ដែលទើបនឹងដួលងាប់ កាលពីពេលថ្មីៗនោះ នៅក្នុងតំបន់​រមណីយដ្ឋាន​វប្បធម៌​អង្គរ​ទៅវិញ។ នាទ្វីបអ៊ឺរ៉ុប សារព័ត៌មានតូចធំ ចេញផ្សាយ​ទាំងនៅលើក្រដាស ទាំង​តាម​បណ្ដាញ​អ៊ិនធើណែត បាន​យក​ករណី​របស់ «សំបូរ» យកមកចុះផ្សាយយ៉ាងព្រោងព្រាត តាំងពីដើមសប្ដាហ៍ រហូត​មក​​ដល់​​ថ្ងៃ​​នេះ។

សារព័ត៌មានទាំងនោះមួយចំនួន បានដកស្រង់យកអត្ថបទទាំងមូល ឬផ្នែកខ្លះរបស់ទីភ្នាក់ងារព័ត៌មានបារាំង «AFP» យកមកចុះផ្សាយ នៅលើទំព័ររបស់គេ។ តែសារព័ត៌មានខ្លះទៀត បានចូលទៅដកស្រង់ព័ត៌មាននេះ ពីសារព័ត៌មានក្នុងស្រុក ដូចយ៉ាង «ភ្នំពេញប៉ុស្ដ៍» ឬ «ខេមបូឌៀដេល្លី» ជាដើម ដោយដាក់បន្ថែម ពីការ​ស្រាវ​ជ្រាវរ​បស់​អ្នកនិពន្ធ ទៅលើមូលហេតុដែលធ្វើឲ្យ «សំបូរ»ស្លាប់។

ហើយប្រសិនបើពួកគេចាប់អារម្មណ៍ ពីមរណភាពរបស់«សំបូរ»នោះ គឺដោយសារ«សំបូរ»ដំរីដ៏កំសត់ បាន​ស្លាប់​ដោយគាំងបេះដូង នៅខណៈពេល ដែលវាកំពុងបញ្ជិះអ្នកទេសចរណ៍ នៅពីលើខ្នងរបស់វាង។ ហើយ​មូលហេតុ ដែលធ្វើឲ្យដំរីមួយក្បាលនេះ ទន់ជង្គង់ដួល គឺដោយសារវាហត់ហេវខ្លាំង ខ្វះជាតិទឹក និង​មិន​អាច​ទ្រាំទ្រ​បាន នឹងអាកាសធាតុ ដែលឡើងជាង៤០អង្សា នៅក្នុងតំបន់។

អា «សំបូរ» ដំរីខ្ញុំ ល្បី​ពេញ​ទ្វីប​អ៊ឺរ៉ុប

បណ្ដាសារព័ត៌មាន បានរំលឹកចំណុចសំខាន់ៗ នៃរឿងរ៉ាវនោះ មកបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្ដាហ៍មុន «សំបូរ» ដែលមានអាយុរវាង ពី៤០ ទៅ៤៥ឆ្នាំ បានធ្វើដំណើរដឹកភ្ញៀវ ទៅមករវាងពីប្រាសាទបាយ័ន្ដ និង​ប្រាសាទ​បាខែង បានប្រមាណជា៤០នាទីហើយ មុននឹងវាបានដួលដេកទៅលើដី ហើយបានដាច់​ខ្យល់​ស្លាប់​ភ្លាម។ ទេព្យសត្វមួយរូប ដែលត្រូវបានស្រង់សំដី ដោយការសែត «ភ្នំពេញប៉ុស្ដ៍» បានថ្លែងឲ្យដឹងថា ដំរី​«សំបូរ»​បានរងគ្រោះដល់ជីវិត ដោយសារសីតុណ្ហភាពឡើងខ្លាំង ហើយខ្សោះខ្យល់។ វាគួរត្រូវបានដាក់ នៅក្នុង​កន្លែង​ត្រជាក់ ដែលមានទឹក ឬម្លប់។

ខ្លាំងក្លាជាងនេះ សារព័ត៌មាននៅអ៊ឺរ៉ុប បានលើកមកបញ្ជាក់ទៀតថា ក្រុមអ្នកការពារសត្វ នៅក្នុង​ប្រទេស​កម្ពុជា បានទាមទារឲ្យមានការស៊ើបអង្កេតមួយឡើង ដើម្បីចង់ដឹងពីមូលហេតុ ដែលប្រើដំរី ឲ្យមកដឹក​អ្នក​ទេសចរណ៍ ខណៈកម្ដៅបានឡើងខ្លាំង និងគ្មានខ្យល់បក់ទាល់តែសោះនោះ។ សូមបញ្ជាក់ដែរថា «សំបូរ»​បាន​ធ្វើ​ការងារ​​ឲ្យ​​ក្រុមហ៊ុន​មួយ ឈ្មោះ «Angkor Elephant Company» តាំងពីឆ្នាំ២០០១មក។

ប្រតិកម្មខ្លាំងក្លា ក៏បានកើតមានដែរ នៅតាមបណ្ដាញសង្គម បន្ទាប់ពីរូបភាព​មរណភាពរបស់«សំបូរ» ត្រូវ​បាន​យកមកបង្ហោះ។ នៅក្នុងពេលភ្លាមៗ ញត្តិប្រមូលហត្ថលេខាមួយ បានធ្វើឡើងនៅតាមបណ្ដាញ​អ៊ិនធើណែត ដើម្បីស្នើសុំឲ្យឈប់ប្រើប្រាស់ដំរី ឲ្យដឹកអ្នកទេសចរណ៍ នៅក្នុងតំបន់ប្រាសាទនានា ក្នុង​ប្រទេស​កម្ពុជា។ ញត្តិ​​នោះ​​ទទួល​​បាន​​ហត្ថលេខា ច្រើនជាង៥ម៉ឺននាក់ហើយ មកទល់នឹងពេលនេះ៕