មហាសង្ក្រាន្ត​ឆ្នាំវក អដ្ឋស័ក២៥៦០ គ្រិស្ត​សករាជ២០១៦

សម្រាប់ប្រិយមិត្ត ដែលចង់ដឹង ពីមហាសង្ក្រាន្ត ឆ្នាំវក អដ្ឋស័ក ចុល្លសករាជ ១៣៧៨ មហា​សករាជ ១៩៣៨ ពុទ្ធសករាជ ២៥៦០ គ្រិស្តសករាជ ២០១៦ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមដក​ស្រង់​នូវ​ឯកសារ មហា​សង្ក្រាន្ដ​​ឆ្នាំ​ថ្មី​នេះ​​ទាំង​​ស្រុង ដែលរៀបរៀងដោយលោក អ៊ឹ​ម បុរិន្ទ និងផ្សាយចេញ ពី​ពុទ្ធសាសនបណ្ឌិត្យ នៃ​ក្រសួង​ធម្មការ និង​សាសនា មក​ជម្រាប​ជូន ដូចតទៅ។
មហាសង្ក្រាន្ត​ឆ្នាំវក អដ្ឋស័ក២៥៦០ គ្រិស្ត​សករាជ២០១៦

ពិធីផ្លាស់ប្ដូរតំណែង របស់ទេវធីតាទាំងពីរអង្គ រៀបចំឡើងដោយក្រុមសិល្បៈការិនី របស់សាលាភូមិន្ទវិចិត្រសិល្បៈ។ (រូបថតផ្តិតពីវីដេអូ)

ព្រះពុទ្ធ​សករាជ​ព្រះ​សាសនា អតិ​ក្កន្តា​កន្លង​ទៅ​ហើយ​បាន ២៥៥៩ ត្រឹម​ថ្ងៃ​១៥​កើត ខែ​ពិសាខ លុះដល់​ថ្ងៃ​១​រោច ខែ​ពិសាខ ឆ្នាំវក អដ្ឋស័ក តទៅ​ចូល​ពុទ្ធសករាជ ២៥៦០ ។ នឹង​គណនា​ឆ្នាំវក​ឥឡូវនេះ​សង្ក្រាន្ត​ចូល​មក​នៅ​​ថ្ងៃ​ពុធ ៧ កើត ខែចេត្រ ត្រូវ​នឹង​ថ្ងៃ​ទី​១៣ ខែមេសា គ្រិស្តសករាជ ២០១៦ វេលា​ម៉ោង​២០​និង​០០​នាទី។

ពេល​នោះ​ ព្រះអាទិត្យ​ចេញពី​មីនរាសី ​ទៅ​ឋិត​នៅ​ឯ​មេសរាសី តាម​ផ្លូវ​គោ​វិ​ថី គឺ​ផ្លូវ​កណ្តាល ទើប​មាន​ទេវធីតា​មួយ​ព្រះ​អង្គ ជា​មគ្គនាយិកា​ព្រះ​នាម ម​ណ្ឌា​ទេវី ជា​បុត្រី​ទី​៤​នៃ​កបិល​មហាព្រហ្ម ទ្រង់​គង់នៅ​ចា​តុ​ម្មហា​រា​ជិ​កា ទ្រង់​អម្ពរ​ពណ៌ អន លម្អ​នៅ​ព្រះ​កាណ៌​ដោយ​សៀតផ្កា​ច​ម៉្បា អ​ភ​រណៈ​ទ្រង់​កែវ​ពិទូរ្យ ភក្សាហារ​ទ្រង់​សោយ សប្បិ ព្រះ​ហស្ត​ស្តាំ​ទ្រង់​ម្ជុល ព្រ​ហស្ត​ឆ្វេង​ទ្រង់​ឈើច្រត់ ទ្រង់​គង់​ផ្ទំ​បើកព្រះនេត្រ​លើ​ខ្នង គ​ទ្រ​ភៈ (​សត្វ​លា​) ជា​ពាហនៈ។ ទើប​នាំ​អស់​ទេវបុត្រ​ទេវធីតា​ទាំង​មួយ​សែន​កោដិ​ ហោះ​ទៅ​កាន់ គុហា​កែវ​គន្ធ​មាលី នាទី​ភ្នំ​កៃលាស​ខេត្ត​ហិមពាន្ត ជាទី​តម្កល់​ទុក​នូវ​ព្រះ​សិរសា​កបិល​មហាព្រហ្ម ដែល​តម្កល់​លើ​ពានមាស នាំ​មក​ដង្ហែ​ប្រទក្សិណ​ភ្នំ​ព្រះ​សុមេរុ​រាជ តាម​ផ្លូវ​ព្រះអាទិត្យ​ចរ​ចំនួន​៦០​នាទី (២៤​ម៉ោង​) ។ ទើប​នាំ​យក​ទៅ​តម្កល់​ទុក​កន្លែង​ដើម​វិញ ហើយ​ប្រជុំ​ទេវបុត្រ​ទេវធីតា​ ទាំង​មួយ​សែន​កោដិ​ចូល​ទៅ​ស្រង់ទឹក អនោតត្ត​មហា​ស្រះ ដែល​មានទឹក​ហូរ​ចេញពី​បំពង់​ថ្មកែវ ដែល​ជា​មាត់​គោ​ឧសភរាជ​ទាំង​៧​ត្រជាក់​ក្សេមក្សាន្ត ព្រះរាជ​ហឫទ័យ ហើយ​នាំ​គ្នា​ចូល​ទៅ​សមាទាន​រក្សាសីល ដោយ​សោមនស្ស​រីករាយ​គ្រប់​ព្រះ​អង្គ ក្នុង​ភគវតី​សភា​សាលា​ដែល​វិស្សកម្ម​ទេវបុត្រ​និមិត្ត​ ថ្វាយ​ដើម្បី​បន្ទោបង់​អពមង្គល​ ឱ្យ​ជ្រះស្រឡះ ហើយ​ចម្រើន​នូវ​សិរី​សួស្តី ជ័យ​មង្គល ជន្មាយុ​យឺនយូរ​ដល់​​ទេវតា និង​មនុស្ស​សត្វ​ផង​ទាំងឡាយ តាំងពី​ឆ្នាំ​ថ្មី​ចូល​មកនេះ បាន​ទូលំទូលាយ​សុខក្សេមក្សាន្ត​តរៀង​ទៅ។

- ថ្ងៃ​ពុធ ៧​កើត ខែចេត្រ ត្រូវ​នឹង​ថ្ងៃ​ទី​១៣ ខែមេសា គ្រិស្តសករាជ ២០១៦ វេលា​ម៉ោង​២០​និង​០០​នាទី ជា​ថ្ងៃ​ចូល​ឆ្នាំវក អដ្ឋស័ក (​ជា​វារៈ​មហាសង្ក្រាន្ត​)។
- ថ្ងៃ​ព្រហស្បតិ៍ ៨​កើត ខែចេត្រ ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែមេសា គ្រិស្តសករាជ ២០១៦ ជា​វារៈ​វ័ន​បត។
- ថ្ងៃ​សុក្រ ៩​កើត ខែចេត្រ ត្រូវ​នឹង​ថ្ងៃ​ទី​១៥ ខែមេសា គ្រិស្តសករាជ ២០១៦ ជា​វារៈ​វ័ន​បត។
- ថ្ងៃ​សៅរ៍ ១០​កើត ខែចេត្រ ត្រូវ​នឹង​ថ្ងៃ​ទី​១៦ ខែមេសា គ្រិស្តសករាជ ២០១៦ នៅ​វេលា​ម៉ោង​០​និង​២៤​នាទី ១២​វិនាទី ជា​វារៈ​ឡើងស័ក គម្រប់​ជា​សង្ក្រាន្ត​បួន​ថ្ងៃ​ស្រេច​បរិបូណ៌ ចូល​ជាស​កល ឆ្នាំវក អដ្ឋស័ក ចុល្លសករាជ ១៣៧៨ និង មហាសករាជ ១៩៣៨ តទៅ។

នៅ​ក្នុង​ឱកាស​សង្ក្រាន្ត​ទាំង​បី​ថ្ងៃ សូម​អស់​ប្រជាពលរដ្ឋ​​ប្រុស​ស្រី​ផង​ទាំងឡាយ រៀបចំ​ពលីការ គ្រឿង​សក្ការបូជា អុជ​ប្រទីបជ្វាលា ថ្វាយ​ព្រះ​រតនត្រ័យ និង​ទទួល​ស្វាគមន៍​ទេវបុត្រ ទេវធីតា​ឆ្នាំ​ថ្មី ហើយ​ខំ​លះបង់​ចិត្តអាក្រក់​អន្យតិរ្ថីយ៍​ ជា​ចិត្ត​អប្រិយ​ ជាប់​ដោយ​គំនុំគុំកួន​ព្យាបាទ​ឈ្នានីស ដែល​កើត​មាន​ក្នុង​ឆ្នាំ​ចាស់​​ឱ្យ​ជ្រះស្រឡះ​ តាំងចិត្ត​ប្រព្រឹត្ត​ល្អ ប្រកបដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និង​បញ្ញា ធ្វើបុណ្យ​សុន្ទរ៍ទាន​តាម​ប្រពៃណី រក្សាសីល​ប្រាំ​ឱ្យ​បាន​ជាប់​ជា​និច្ច នោះ​ទេវតា​នឹង​ឱ្យ​ពរ​សព្ទសាធុការ លោក​អ្នក​នឹង​មាន​សិរី​សួស្តី សុភមង្គល វិបុល​សុខ​គ្រប់​ប្រការ​ តាំងពី​ឆ្នាំ​ថ្មី​នេះ​តរៀង​ទៅ។

រណ្តាប់​ទទួល​ទេវតា

រណ្តាប់​ទទួល​ទេវតា​ តាម​ទំនៀម​ពី​បុរាណ​រៀង​រហូត​មក ត្រូវ​រៀប​រាន​ទទួល​ទេវតា​ នៅ​ខាង​មុខ​ផ្ទះ​មួយ​សម្រាប់​ តាំង​គ្រឿង​ពលីការ​ផ្សេង​ៗ​។ ត្រូវ​រៀប​ក្រាល​សំពត់​ពណ៌​ស ហើយ​រៀបចំ​នូវ​គ្រឿង​សក្ការបូជា​ទេវតា​ មាន​ជា​អាទិ៍ បាយសី​៩​ថ្នាក់​មួយគូ បាយសី​៧​ថ្នាក់​មួយគូ បាយសី​៥​ថ្នាក់​មួយគូ បាយសី​៣​ថ្នាក់​មួយគូ បាយសី​បា​៉​ឆា​ម​មួយគូ ស្លាធម៌​មួយគូ ទឹកអប់​មួយគូ ទៀន​៥​ធូប​៥ លា​ច​៥ ផ្កា​៥ ដាក់​លើ​ជើងពាន​១​គូ ចេកនួន​ចេកណាំវ៉ា​ ដាក់​លើ​ជើងពាន​មួយគូ ផ្លែ​ឈើ​១១​មុខ រៀប​ដាក់​លើ​ជើងពាន​១១​គូ ដូង​ឡៅ​មួយគូ ទឹក​ស្អាត​ពីរ​កែវ ។ ស្រេច​ហើយ​ នៅ​វេលា​ម៉ោង​ដែល​ទេវតា​ចុះ​មក ត្រូវ​ជួបជុំ​ក្រុម​គ្រួសារ​ដើម្បី​ថ្វាយបង្គំ​ព្រះ នមស្ការ​ព្រះ​រតនត្រ័យ​សមាទានសីល ហើយ​តាំងចិត្ត​ឱ្យ​បាន​ស្អាត​បរិសុទ្ធ ​ជ្រះស្រឡះ​នូវ​មន្ទិល​ទាំងពួង តម្កល់ចិត្ត​រំពឹងគិត​ទៅ​លើ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទី​ពឹង​ទីរឭក លុះ​ចប់​ពិធី​ទទួល​ទេវតា។

ចំពោះ​បាយសី​៩​ថ្នាក់ ៧​ថ្នាក់ ជា​ទំនៀម​មាន​ចែង ​នៅ​ក្នុង​សៀវភៅ​ព្រ​រាជពិធី​ទ្វាទសមាស និង​មាន​អនុវត្ត​នៅ​ព្រះ​បរមរាជវាំង តែ​ចំពោះ​ប្រជារាស្ត្រ​គួរ​ធ្វើ​ត្រឹម​៥​ថ្នាក់​ចុះ​មក ឬ​រៀប​ត្រឹម​គ្រឿង​សក្ការបូជា ដែល​មាន​ទៀន​ប្រាំ ធូប​ប្រាំ ស្លាធម៌​កូន​ចេក​មួយគូ ក៏​ល្មម​សមគួរ​ដែរ។ ចំពោះ​ផ្លែ​ឈើ សម្រាប់​ប្រជារាស្ត្រ​គួរ​រៀប​ឱ្យ​បាន​ត្រឹម​៣​ឬ​៥​មុខ ក៏​ជា​ការ​ប្រសើរ គឺ​រៀប​ទៅ​តាម​ធនធាន​របស់​ខ្លួន។ នៅ​គ្រប់​តង្វាយ​ទាំងអស់ ត្រូវ​ដាក់​ផ្កាម្លិះ​ភួង​ពីលើ​គ្រប់​តង្វាយ នៅ​លើ​ជើងពាន និង​លើ​បាយសី​ត្រូវ​ដោត​ទៀន​ហើយ​ដុត​បំភ្លឺ ។

ទំនាយ​ប្រចាំឆ្នាំកេណ្ឌ​ព្រះ​ពិរុណសាស្ដ្រ ៖

ឆ្នាំ​នេះ ភព​ចន្ទ ជា​អធិបតី ដឹកនាំ​ផ្លូវ​ទៅ​សុំ​ទឹកភ្លៀង​ពី​ស្ដេច​នាគ ហើយ​បាន​នាគ​២​បង្អុរ​ទឹកភ្លៀង​៥០០​មេ ​ដែល​ចែក​ចេញ​ជា ៖
- ​ចក្កវាឡ ២០០​មេ
-​ ព្រៃ​ហេមពាន្ដ ១៥០​មេ
-​ មហាសមុទ្រ ១០០​មេ
-​ និង​ជម្ពូទ្វីប​មនុស្សលោក​យើង​ មាន​ចំនួន​៥០​មេ បណ្ដាល​ឱ្យ​ទឹកភ្លៀង​នៅ​ដើមឆ្នាំ​តិច កណ្ដាល​ឆ្នាំ​ភ្លៀង​ល្អ និង​ចុងឆ្នាំ​ភ្លៀង​តិច។

កេណ្ឌ​ធា​រា​ទិ​គុណ ៖

ឆ្នាំ​នេះ​មាន​កេណ្ឌ​(២) ត្រូវ​ត្រង់​បឋវីធាតុ​ចុះ ទំនាយ​ថា មិន​ក្ដៅ​មិន​ត្រជាក់ មាន​ខ្ស​ល់​ព្យុះ​ខ្លាំង​ៗ​ជា​ច្រើន អាច​កើតហេតុ​ល្អ​អាក្រក់​អំពី​ដី។

ទំនាយ​ទឹកទន្លេ ៖

ឆ្នាំ​នេះ ទំនាយ​អំពី​ទឹកទន្លេ​មាន​សំណង់ ០ (​សូន្យ​) ទំនាយ​ថា ទឹកទន្លេ​បឹងបួ ទឹកជំនន់​ដោយ​ទឹកភ្លៀង មាន​ចំនួន​ច្រើន​ណាស់ ច្រើន​លើស​អស់​ឆ្នាំ​ទាំងពួង។

កេណ្ឌ​ធ​ញ្ញា​ហារ ៖

ឆ្នាំ​នេះ​មាន​កេណ្ឌ​(៤) មានឈ្មោះ​ថា ម​ជ្ឈិ​មា ទំនាយ​ថា ស្រូវ សំណាប ស្រែ​ចម្ការ នឹង​បាន​ផល​ពាក់កណ្តាល ខូចខាត​អស់​ពាក់កណ្ដាល ភោជនាហារ​បាន​ផល​ជា​មធ្យម​។ ប្រជានុរាស្ត្រ​មាន​សេចក្តីសុខ​ខ្លះ ទុក្ខ​ខ្លះ​ស្មើគ្នា។

ទំនាយ​ការ​ធ្វើស្រែ ៖

ទំនាយ​កេណ្ឌ​ការ​ធ្វើស្រែ​មាន​សេស​(៤) ទំនាយ​ថា ស្រែ​ដី​ទំនាប​និង​ស្រែ​ដី​ទួល​គ្រប់​ទីកន្លែង បាន​ផល​ល្អ​ដូច​គ្នា​ទាំង​២​យ៉ាង។

កេណ្ឌ​ព្រឹក្សា ៖

ឆ្នាំ​នេះ​ត្រូវ​ចំ​សេស​(៣) ត្រូវ​ត្រង់​ដើម​កកោះ​ជា​ស្ដេច មាន​ទំនាយ​ថា មនុស្ស​ផង​ទាំងឡាយ និង​មាន​កលិយុគ។

កេណ្ឌ​ព្រះអាទិត្យ ៖

ឆ្នាំ​នេះ​យានជំនិះ​របស់​ព្រះអាទិត្យ​ គឺ​សត្វ​ដំរី ទំនាយ​ថា ភ្លើង​កាច​សាហាវ​ស្រុក​នាម​នាគ ធ្វើ​យុទ្ធ​សង្គ្រាម​នឹង​ស្រុក​នាម​គ្រុឌ និង​នាម​កណ្ដុរ។

ទំនាយ​តាម​ថ្ងៃ​សង្ក្រាន្ត ទំនាយ​ថ្ងៃ​មហាសង្ក្រាន្ត ៖

ថ្ងៃ​ចូល​ឆ្នាំ​ - ត្រូវ​នឹង​ថ្ងៃ​ពុធ ទំនាយ​ថា ឆ្នាំ​នោះ​ព្រះមហាក្សត្រ​នឹង​បាន​ភស្តុ​ភារ​បណ្ណាការ​មក​អំពី​ប្រទេស​ផ្សេង​ៗ ប៉ុន្តែ​នឹង​ចាញ់កូន​ខ្ចី​កូន​តូច ។ មនុស្ស​នឹង​ស្លាប់​ព្រោះ​ជំងឺ​ច្រើន ឱ្យ​ក្រែង​សត្វពាហនៈ គោ ក្របី និង​បាវបម្រើ។

ទំនាយ​ថ្ងៃ​វ័ន​បត - ថ្ងៃ​កណ្តាល​ត្រូវ​ នឹង​ថ្ងៃ​ព្រហស្បតិ៍​និង​ថ្ងៃ​សុក្រ ទំនាយ​ថា ឆ្នាំ​នោះ​កូន​ឈើ​នឹង​ថ្លៃ ម្ទេស​នឹង​មាន​តម្លៃ សត្វ​ត្មាត ក្អែក​ស្លាប់​ដោយ​ជំងឺ​អាសន្នរោគ សត្វព្រៃ​ទាំងឡាយ​នឹង​វិនាស​អន្តរាយ ​ទៅ​ដោយ​ប្រការ​ផ្សេង​ៗ រាជត្រកូល​ទាំងឡាយ​ នឹង​ក្តៅក្រហាយ​ចិត្តច្រើន​ជា​អនេក តែ​ឯ​ស្ត្រី​មេ​ម៉ាយ​នឹង​មាន​លាភ។

ទំនាយ​ថ្ងៃ​ឡើងស័ក - ថ្ងៃ​ចុង​ក្រោយ​ត្រូវ​នឹង​ថ្ងៃ​សៅរ៍ ទំនាយ​ថា ឆ្នាំ​នោះ​ពពួក​ទាហាន ក្លាហាន​ទាំងឡាយ ប្រកបដោយ​សេចក្តីសុខ​និង​មាន​វិជ្ជាការ​ផ្សេង​ៗ ទោះបី​ធ្វើ​យុទ្ធ​សង្គ្រាម​នឹង​ប​ច្ចា​មិត្រ​គ្រប់​ទិស​ទី នឹង​មាន​ជ័យជម្នះ​គ្រប់ពេលវេលា ។ ទឹកធំ តែ​មាន​កើត​ចោរ​ខ្មួយ​ច្រើន។

ការ​កំណត់​ប្រតិទិនឆ្នាំ​នេះ​ ជា​ឆ្នាំ​ប្រក្រតី​មាស អធិកវារៈ អធិក​សុទិន ។ ខែចន្ទគតិ​ចំនួន​១២​ខែ ថ្ងៃ​ក្នុង​ឆ្នាំ​ចន្ទគតិ មាន​ចំនួន​៣៥៥​ថ្ងៃ ដោយ​ខែជេស្ឋ​មាន​ចំនួន​៣០​ថ្ងៃ លើស​ពី​ខែ​ធម្មតា​មួយ​ថ្ងៃ ដែល​ជា​ទូទៅ​ខែជេស្ឋ​មាន​តែ​២៩​ថ្ងៃ​ប៉ុណ្ណោះ ។ ថ្ងៃ​ក្នុង​ឆ្នាំ​សុរិយគតិ​មាន​ចំនួន​៣៦៦​ថ្ងៃ ។ ខែកុម្ភៈ ក្នុង​ឆ្នាំ​២០១៦ មាន​ចំនួន​២៩​ថ្ងៃ។

ចូល​វស្សា​នៅ​ថ្ងៃ​ពុធ ១​រោច ខែអាសាឍ ត្រូវ​នឹង​ថ្ងៃ​ទី​២០ ខែកក្កដា គ្រិស្តសករាជ ២០១៦ ជា​វារៈ​ចូឡា​ធិ​ក បាន​ឫក្ស​២១ តិថី​១៥ ជា​កាល​វស្សានរដូវ​ត្រូវ​តាម​គន្លង​ប្រពៃណី​ពី​បុរាណ ដែល​មាន​ព្រះអាទិត្យ​ព្រះ​ចន្ទ​ចរ​ជា​ប្រធាន​ត្រឹមត្រូវ​តាម​ចក្ររាសី​ឱ្យ​បានដឹង​កំណត់​ទ្វាទសមាស ទើប​ធ្វើការ​សារពើ​បាន​ចម្រើន​នូវ​សិរី​សួស្តី ជ័យ​មង្គល​បរិបូណ៌​ហោង៕