ផ្ទុះ​អាវុធ​កណ្ដាល​រាជធានី​ រវាង​អាវុធ​ហត្ថ​និង​ខ្មាន់​កាំភ្លើង៖ អ្វី​ដែល​គេ​ដឹង​ចុង​ក្រោយ

ខាងក្រោមនេះ ជាតុល្យភាពចុងក្រោយ (មិនទាន់ផ្លូវការ) ដែលអ្នកសារព័ត៌មានទទួលបាន ពីការផ្ទុះ​អាវុធ​រាប់​រយ​គ្រាប់ លាន់​ឮ​សូរ​ដូច​លាជ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះ៖ មនុស្សពីរនាក់ស្លាប់ ក្នុងនោះ​មានមន្ត្រីរាជ​អាវុធ​ហត្ថ​ម្នាក់ និង​ជន​សង្ស័យ​៥នាក់ ត្រូវបានចាប់ខ្លួន។
ផ្ទុះ​អាវុធ​កណ្ដាល​រាជធានី​ រវាង​អាវុធ​ហត្ថ​និង​ខ្មាន់​កាំភ្លើង៖ អ្វី​ដែល​គេ​ដឹង​ចុង​ក្រោយ

ជនខ្មាន់កាំភ្លើង ដែលសង្ស័យថា ជាមេក្លោងជួញដូរគ្រឿងញៀន ត្រូវបានបាញ់សម្លាប់ នៅនឹងកន្លែង។ (រូបថតសហការី)

មនុស្សពីរនាក់បានស្លាប់ ក្នុងនោះ​ម្នាក់​ជាមន្ត្រីរាជអាវុធហត្ថ និងម្នាក់ទៀត ជាខ្មាន់កាំភ្លើង ដែលបាន​បាញ់​ឆ្លើយឆ្លង ជាមួយកងកម្លាំងអាជ្ញាធរ។ ជនសង្ស័យចំនួន៥នាក់ ត្រូវបានចាប់ខ្លួន និងវាយ​ខ្នោះបញ្ជូន​ទៅ​សួរ​ចម្លើយ។ នេះបើតាមតុល្យភាពចុងក្រោយ ដែលមន្ត្រីរាជអាវុធហត្ថនៅនឹងកន្លែង បានប្រកាសឲ្យដឹង។ ហេតុការណ៍​បានផ្ទុះឡើង នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះ វេលាម៉ោងប្រមាណ ១៦ និង១០នាទី នៅ​ផ្ទះ​​លេខ​៣៧ ផ្លូវ​៣៥១ សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក។ ពលរដ្ឋក្នុងរាជធានីភ្នំពេញ ជាពិសេស​អ្នក​នៅ​ជុំវិញ​តំបន់កើតហេតុ ត្រូវរងចាំរហូតដល់២ម៉ោងក្រោយ ទើបការផ្ទុះអាវុធបានបញ្ចប់ទៅ ជាស្ថាពរ។

លោក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានី ភ្នំពេញ បានថ្លែងទៅកាន់អ្នកសារព័ត៌មានថា ជន​ម្នាក់​ដែលត្រូវ​​កងកម្លាំង​អាជ្ញាធរ​បាញ់ស្លាប់ នៅក្នុងផ្ទះនោះ ជាមេក្លោងនៅក្នុងការជួញដូរគ្រឿងញៀន។ ប្រតិបត្តិការ​នេះ អាជ្ញាធរបានធ្វើការចាប់ខ្លួន មនុស្សសង្ស័យដែលជាបក្ខពួក របស់ជនខាងលើ បាន​ចំនួន​៥នាក់។ ក្នុង​នោះ​មាន​ម្នាក់ (ដែលអត់អាវ រូបខាងក្រោម) មានឈ្មោះ លី កុក​ហ៊ុយ ជា​ម្ចាស់​ផ្ទះ​កើត​ហេតុ និង​ជា​មន្ត្រី​អធិការកិច្ច​នៅក្រសួងមហាផ្ទៃ ហើយ​ក៏​ជា​ថៅកែ​​ជ្រូកខ្វៃ មួយរូបផងដែរ។

លោកមេបញ្ជាការបានបន្ថែមថា ខាងអាជ្ញាធរវិញ មន្ត្រីម្នាក់បានរងការបាញ់រះ ពីសំណាក់ខ្មាន់កាំភ្លើង នៅ​ពេល​ដំបូង ហើយបានស្លាប់ នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។  លោក រ័ត្ន ស្រ៊ាង បានអះអាងបន្ថែមថា សព​​របស់​មន្ត្រីរបស់លោក នឹងត្រូវបានយក​មកធ្វើ​បុ​ណ្យ នៅទីបញ្ជាការដ្ឋានអាវុធហត្ថរាជធានី​ភ្នំពេញ។​ ភ្លាមៗ​នៅ​ក្រោយដំណឹងនេះ ត្រូវបានផ្សាយចេញនោះ រូបភាពជាច្រើន ដែលបង្ហាញពីមន្ត្រីរាជអាវុធហត្ថ ដែល​បាន​ពលីជីវិតខាងលើ ត្រូវបានបង្ហោះ នៅតាមបណ្ដាញសង្គម​យ៉ាងព្រោងព្រាត។

រំលឹកសាច់រឿងដំបូង...

តាមប្រភពស្និតនឹងអាជ្ញាធរ បាន​ឲ្យ​ដឹងថា នៅរសៀលថ្ងៃនេះ កងកម្លាំងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ​បាន​ធ្វើការ​​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន នៅក្នុងខណ្ឌឫស្សីកែវ។ ​ក្រុមសមត្ថកិច្ច បាន​ឲ្យ​ជន​នោះ​ប្រាប់​ពីកន្លែង ដែល​មេខ្លោងរបស់ជននោះតាំងនៅ។ បន្ទាប់មក​ ក្រុមអាជ្ញាធរទាំងនេះ បានធ្វើការ​ឃាត់​ខ្លួន​ជន​សង្ស័យ​​ម្នាក់​ទៀត​​ នៅ​ក្នុងផ្ទះ​មួយ​កន្លែង ​តាម​ការ​ចង្អុល​​បង្ហាញ តែ​មិន​មែន​ជា​មេខ្លោង​ឡើយ។ ប៉ុន្តែ​ភ្លាម​នោះ ការផ្ទុះអាវុធបាន​កើត​ឡើង រវាងកងកម្លាំងរាជអាវុធហត្ថទាំងនេះ ជាមួយនឹង ក្រុមខ្មាន់កាំភ្លើង បណ្ដាល​ឲ្យមន្ត្រីរាជអាវុធហត្ថម្នាក់ រង​របួស​ជា​ទម្ងន់ (មន្ត្រីដែលពលីខាងលើ)។

កង​កម្លាំងច្រើនជាង១០០នាក់ ត្រូវបានបញ្ជូនមកដល់កន្លែង និងធ្វើការឡោមព័ទ្ធផ្ទះ របស់​ក្រុមខ្មាន់កាំភ្លើង។ នៅក្នុងរយៈពេលនេះ ក្រុមអាជ្ញាធរបានធ្វើការឃាត់ខ្លួន មនុស្ស៣នាក់ទៀត បន្ថែមពីលើមនុស្សពីរនាក់ ដែល​ត្រូវ​បាន​ឃាត់ខ្លួន ពីខាងដើម ខណៈលោកឧត្ដមសេនីយ៍ រ័ត្ន ស្រ៊ាង ក៏បានចុះទៅដល់ទីកន្លែង​កើត​ហេតុ​ផ្ទាល់​ដែរ ដើម្បីដឹកនាំប្រតិបត្តិការនេះ។

ប៉ុន្តែបើទោះជាចាប់ខ្លួន បានរហូតដល់៥នាក់នេះហើយក៏ដោយ តែការផ្ទុះកាំភ្លើង នៅតែបន្តមួយប្រាវទៀត ដែល​ធ្វើឲ្យគេគិតថា ខ្មាន់កាំភ្លើងកំពុងស្ថិតក្នុងផ្ទះនេះនៅឡើយ។ សូមបញ្ជាក់ដែរថា គេហដ្ឋាននោះ ទំនង​ជា​មាន​​ការ​បំពាក់​ដោយកាមេរ៉ាសុវត្ថិភាពជុំវិញ ដែលធ្វើ​ឲ្យ​ក្រុម​ខ្មាន់​​កាំភ្លើង​​​អាចដឹង ពីកន្លែងឈរជើង និងការ​ចល័ត របស់កងកម្លាំងសមត្ថកិច្ច សឹងគ្រប់ពេល ហើយ​អាច​ធ្វើការ​បាញ់​តបត ក្នុងរយៈពេលយូរដូច្នេះ។

ប៉ុន្តែនៅទីបញ្ចប់ទៅ ជនខ្មាន់កាំភ្លើងម្នាក់នោះ ត្រូវបានបាញ់សម្លាប់ នៅនឹងកន្លែង។ គេនៅមិនទាន់ដឹង ពី​អត្តសញ្ញាណ​របស់ជននេះនៅឡើយ។ លោក រ័ត្ន ស្រ៊ាង បានបញ្ជាក់ទៀតថា កងកម្លាំងអាជ្ញាធរ បានដក​ហូត​កាំភ្លើង​វែងខ្លី បានចំនួន៥​ដើម និងរថយន្តមួយគ្រឿង​ ម៉ាកអូឌី (Audi Q7)។ ក្រោយពេល​កើតហេតុ​ សមត្ថកិច្ច​បាន​រក្សា​កន្លែង​កើតហេតុ ដើម្បី​ធ្វើ​កំណត់ហេតុ និង​ឆែកឆេរ​វត្ថុ​តាង ​នៅក្នុងផ្ទះ​នោះ​ជាបន្ត៕

ផ្ទុះ​អាវុធ​កណ្ដាល​រាជធានី​ រវាង​អាវុធ​ហត្ថ​និង​ខ្មាន់​កាំភ្លើង៖ អ្វី​ដែល​គេ​ដឹង​ចុង​ក្រោយ

ផ្ទុះ​អាវុធ​កណ្ដាល​រាជធានី​ រវាង​អាវុធ​ហត្ថ​និង​ខ្មាន់​កាំភ្លើង៖ អ្វី​ដែល​គេ​ដឹង​ចុង​ក្រោយ

ផ្ទុះ​អាវុធ​កណ្ដាល​រាជធានី​ រវាង​អាវុធ​ហត្ថ​និង​ខ្មាន់​កាំភ្លើង៖ អ្វី​ដែល​គេ​ដឹង​ចុង​ក្រោយ

ផ្ទុះ​អាវុធ​កណ្ដាល​រាជធានី​ រវាង​អាវុធ​ហត្ថ​និង​ខ្មាន់​កាំភ្លើង៖ អ្វី​ដែល​គេ​ដឹង​ចុង​ក្រោយ