ឱម យិនទៀង៖ កូន​ខ្ញុំ​ចេះ​ភាសា​អង់គ្លេស បាញ់​កាំភ្លើង និង​ស៊ើប​អង្កេត

នៅចំពោះការរិះគន់ ដែលលើកឡើងថា លោកនិយមបក្ខពួក ឬគ្រួសារ តាមរយៈការ​តែងតាំង​កូន​បង្កើត​ខ្លួន ឲ្យ​ធ្វើ​ជា​ជំនួយការ​ឲ្យ​អង្គភាព​នោះ នៅថ្ងៃនេះ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យិនទៀង បាន​អះអាង​ថា កូន​លោក​ទាំង​ពីរ មានសមត្ថភាពជាច្រើន៖ ចេះភាសាអង់គ្លេស ចេះបាញ់កាំភ្លើង និងចេះស៊ើបអង្កេតប្រឆាំង​ភេរវកម្ម។
ឱម យិនទៀង៖ កូន​ខ្ញុំ​ចេះ​ភាសា​អង់គ្លេស បាញ់​កាំភ្លើង និង​ស៊ើប​អង្កេត

លោក ឱម យិនទៀង ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ។ (រូបថត MONOROOM.info/ S. Tith)

បក្ខពួក​និយម គ្រួសារនិយម លុះត្រាតែសាច់ញាតិ​អញ គ្នា​អញ គ្រួសារ​អញ អត់​ចេះ​អ្វី​ក៏ដោយ ក៏​អញ​តែងតាំង​ដែរ អ្នក​ផ្សេង​ទោះ​ល្អ​ប៉ុណ្ណា​ក៏​អញ​អត់​ឲ្យ។ នេះជានិយមន័យ លើកឡើងដោយលោក ឱម យិនទៀង ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី​២៩ ខែ​មេសា​នេះ ទាក់ទងនឹងពាក្យ បក្ខពួកនិយម គ្រួសារនិយម។

តែសម្រាប់រូបលោកផ្ទាល់ ការតែងតាំងកូនប្រុសលោកទាំងពីរ គឺលោក យ៉ិនទៀង ពុទ្ធិរិទ្ធ និង យ៉ិនទៀង ពុទ្ធិរ៉ា នោះ ត្រូវបានធ្វើឡើង តាមរយៈសមត្ថភាពសុទ្ធសាធ។ លោក បានពន្យល់ថា សមត្ថភាពកូនលោកមានបី៖ ទី​១ មុខវិជ្ជា​ភាសា​អង់គ្លេស - ទី​២ មុខវិជ្ជា​ការប្រើប្រាស់​អាវុធ និង​ទី​៣ មុខវិជ្ជា​ការស៊ើបអង្កេត​ប្រឆាំង​ភេរវកម្ម។ លោកបញ្ជាក់ទៀតថា បើនរណាមានសមត្ថភាពលើសកូនលោក អាចមកប្រកួត​ប្រជែង ដើម្បី​ដណ្ដើម​​តំណែង​​ពី​ពួកគេបាន​។

កាលពី​ថ្ងៃ​ទី​២៣ មេសា ឆ្នាំ​២០១៦​ថ្មីៗ​នេះ ព្រះមហាក្សត្រខ្មែរ បាន​ចេញ​​ព្រះរាជក្រឹត្យ ​ត្រាស់បង្គាប់​​តែងតាំង កូន​ប្រុសបង្កើតទាំង២​រូប របស់​លោក ឱម យ៉ិនទៀង ឲ្យមានតួនាទីជាជំនួយការ (ឧបការី) របស់អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​ ក្នុង​លោក យ៉ិនទៀង ពុទ្ធា​រិទ្ធ មានឋានៈ​​ស្មើ​​រដ្ឋលេខាធិការ និង​​លោក​យ៉ិនទៀត ពុទ្ធា​រ៉ា មាន​​ឋានៈ​​ស្មើ​​​អនុរដ្ឋលេខាធិការ​។

ក្រុមសង្គមស៊ីវិល និងក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម បានរិះគន់ការតែងតាំងខាងលើ ដោយចាត់ទុក​ទង្វើ​នេះ ថា​ជាអំពើបក្ខពួកនិយម គ្រួសារនិយម ដែលជាផ្នែកមួយនៃអំពើពុករលួយ ដែលកំពុងស៊ីរូងផ្ទៃក្នុង​សង្គម​កម្ពុជា​សព្វថ្ងៃ។ ជាពិសេសក្រុម​សង្គម​ស៊ីវិល​ទាំងនោះ បានព្រមាន​ថា ប្រសិនបើ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​សព្វ​​ថ្ងៃ នៅ​តែ​បន្ត​រៀបចំ​ស្ថាប័ន​មួយ​ ដែល​ពោរពេញ​ ទៅ​ដោយសាច់ញាតិរបស់​ថ្នាក់ដឹកនាំដូច្នេះ វា​នឹង​ធ្វើ​ឲ្យ​​មហាជន​​លែង​ទុក​ចិត្ត ហើយ​បាត់បង់​ជំនឿ​ ទៅ​លើ​កិច្ចការ​ប្រឆាំង​អំពើ​ពុករលួយ។

ថ្លែងក្នុងកិច្ចសម្ភាសមួយ ជាមួយ​វិទ្យុអាស៊ីសេរី លោក អំ សំអាត មន្ត្រី​ផ្នែក​ស៊ើបអង្កេត ​របស់​អង្គ​ការពារ​សិទ្ធិ​មនុស្ស​​លីកាដូ (Licadho) បានចោទជាសំនួរថា បើសិនជាមានការប្ដឹង ទៅអង្គភាពណាមួយ ចោទថា​ប្រធាន​អង្គភាព​នោះ​ពុករលួយ ហើយបើដំណើរការ​នៃការស៊ើបអង្កេត ធ្វើឡើងដោយ​កូនចៅសាច់ញាតិ របស់​ប្រធាន​នោះ​ដដែល តើគេអាចជឿជាក់ ទៅលើតម្លាភាព របស់អង្គភាពនោះបានយ៉ាងដូចម្ដេច? លោកបានថ្លែងថា៖ «តើ​យើង​អាច​ជឿ​ទុក​ចិត្ត​បាន​ (ឬ)ទេ ​នៅ​ក្នុង​ការ​ប្ដឹង បើសិនជា​ការ​រិះគន់​ទៅ​លើ​ប្រធាន​អង្គភាព​ណា​មួយ ហើយ​​ប្ដឹង​ទៅ​លើ​ប្រធាន​អង្គភាព​ហ្នឹង ហើយ​ប្រធាន​អង្គភាព​ហ្នឹង ​ជា​អ្នក​ដំណើរការ តើ​វា​អាច​មាន​តម្លាភាព ហើយ​អាច​ជឿ​ទុក​ចិត្ត​បាន​ទេ?»។

រីឯប្រធានអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល វិញ ក៏ធ្លាប់បានលើកឡើង ទៅកាន់អ្នកសារព័ត៌មាន ក្នុង​ពេល​កន្លង​​មក​ដែរថា៖ «បញ្ហាសាច់ញាតិនិយមនេះ ជាបញ្ហាធំមែនទែន។ គ្រប់ស្ថាប័ន គ្រប់ក្រសួង ដែល​យើង​បាន​សង្កេត មាន​​ពាក់ព័ន្ធសាច់ញាតិ ពាក់ព័ន្ធក្រុមគ្រួសារ។ (...) តែប្រទេសយើង ច្រើនតែយកកូន ឬ​សាច់​ញាតិ​​បង្កើត​​​របស់​​​ខ្លួន ទៅដាក់ក្រោមក្លៀក ស្រួលប្រើ ស្រួលបញ្ជា ស្រួលមើលការខុសត្រូវ។»

ទាក់ទងនឹង សមត្ថភាពទាំងបី​ដែលលើកឡើង ដោយលោក ឱម យិនទៀត ត្រូវបានលោក ព្រហ្ម គិត អ្នក​វិភាគ​ឲ្យទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ និងជាអតីតមន្ត្រីច្បាប់ ពីប្រទេសកម្ពុជា វាយតម្លៃថា សមត្ថភាពទាំងនេះ មិន​ប្រាកដ​ថា ខ្មែរទាំងជាង១៤លាន​នាក់​គ្មាន​នោះទេ ខណៈជំនាញទាំងប៉ុន្មានខាងលើ សុទ្ធតែអាច​ធ្វើ​ការ​បណ្ដុះបណ្ដាលបាន។ រីឯការប្រកាសរកអ្នក​មាន​សមត្ថភាព​ជាងកូនលោក របស់លោក ឱម យិនទៀង នោះ ត្រូវបានអ្នកវិភាគចំណាស់រូបនេះ យក​ឧទាហរណ៍មួយ មកពន្យល់ថា លោក ឱម យិនទៀង បាន​អ៊ុំទូក​ប្រណាំងតែម្នាក់ឯង មកទីផ្ដាច់ព្រ័ត្រហើយ ទើបងាកក្រោយស្រែក ថា«បើអ្នកឯងគ្រាន់បើ ប្រណាំង​ឲ្យ​ឈ្នះ​អញមក (SIC)»។ លោក ព្រហ្ម គិត ថា បើទោះជាមាន​អ្នក​ដែលចង់ប្រណាំងតាម ក៏ពិបាកដែរ ព្រោះ​លោក ឱម យិនទៀង បានចេញ​ទូកប្រណាំង​ពីដំបូងទី ដោយគ្មាន​តម្លាភាព​រួច​ទៅ​ហើយ៕