ដោយសារអតីតប្រធានមន្ទីរចូលនិវត្តន៏ ចង់លើកបន្តុបកូនស្រីឡើងស្នងតំណែង មន្ទីរធម្មការខេត្តកោះកុង គ្មានអ្នកដឹកនាំជិត១ខែហើយ

ខេត្តកោះកុង ៖ មន្ទីរធម្មការខេត្តកោះកុង ដែលកន្លងមកសំបូរ ទៅដោយរឿង អាស្រូវពុករលួយ និងគ្រួសារនិយម ដែលបង្កដោយលោក អតីតប្រធានមន្ទីរ លោក  ដួង សាវឿន និងកូនស្រី ជាអនុប្រធានមន្ទីរ ទទួលបន្ទូកការងាររដ្ឋបាល និង ហិរញ្ញវត្ថុនោះ។ ឥឡូវក្រោយពីលោក ដួង សាវឿន បានចូលនិវត្តន៏ កាលពី ថ្ងៃទី១មេសា ឆ្នាំ២០១៦កន្លងទៅនេះ មន្ទីរមួយនេះពុំទាន់មានប្រធានថ្មី ប្រធាន ស្តីទី ឬអនុប្រធានក្តាប់រួមនៅឡើយទេ ដោយការងារមិនដឹងថា អ្នកណាជា អ្នក បញ្ជារអ្នកណាទេ។ព្រោះថា អនុប្រធានទាំង២ គឺលោក សំ ធឿន ដែលជាអនុ ប្រធាន មន្ទីរយូរឆ្នាំ និង លោក ស្រី វ៉ា រ៉ាវី ដែលឡើងតាមជើងខោឳពុក មិនត្រូវ បានខេត្ត និងក្រសួងចាត់តាំងអោយដឹកនាំមន្ទីរបណ្តោះអាសន្ន ដូច្នោះទើបធ្វើ អោយមន្ទីរមួយនេះគ្មានអ្នកដឹកនាំនោះ។

តាមប្រភពបានអោយដឹងថា បើតាមគោលការណ៏ នៅពេលប្រធានចូលនិវត្តន៏ អ្នកដែលអាចទទួល ប្រធានស្តីទី គឺលោក សំ ធឿន ប៉ុន្តែដោយសារតែលោក អតីតប្រធានមន្ទីរ ដួង សាវឿន ចង់អោយ កូនស្រីគាត់ឡើង ជាប្រធានមន្ទីរ ជំនួសគាត់នោះ ទើបលោក ដួង សាវឿន រៀបចំទប់ស្កាត់មិនអោយ លោក សំ ធឿន ឡើងជាប្រធានស្តីទី ដោយខ្លាចតំណែងប្រធានមន្ទីរ ធ្លាក់ទៅលើលោក សំ ធឿន ដូច្នោះទើបបង្កអោយមានបញ្ហានេះកើតមានឡើង។

តាមប្រភពបានអោយដឹងថា មួយរយៈកន្លងមកនេះ លោក ដួង សាវឿន បាន ប្រឹងប្រែងរត់ការអោយកូនស្រីរបស់ខ្លួនឡើងជាប្រធានមន្ទីរខ្លាំងណាស់។ទទឹម នឹងនោះ រូបគាត់កំពុងអោយដៃអោបជើងនាយករដ្ឋបាលសាលាខេត្ត ដែលជា មនុស្សជំនិតរបស់លោក អភិបាលខេត្ត រួមនឹងលោកស្រី កែវ សុធារី ដែលជា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុក្រសួងធម្មការ និងក៏ជា មនុស្សជំនិតរបស់អតីតរដ្ឋមន្ត្រី មិន ឃិន ផងដែរដើម្បីជ្រោមជ្រែងអោយលោក ស្រី វ៉ា រ៉ាវី បានឡើងជាប្រធានមន្ទីរទាំងអាយុនិងបទពិសោធន៏នៅក្មេងខ្ចី។

ទាក់ទងករណីនេះលោក អភិបាលខេត្តកោះកុង ប៊ុន លើត បានមានប្រសាសន៏ ប្រាប់អ្នកសារព៍ត័មានថា  មូលហេតុ ដែលមន្ទីរធម្មការមិនទាន់មានអ្នកដឹកនាំគឺ ដោយសារខេត្ត ទុកពេលគិតពិចារណាថា នឹងត្រូវតែងតាំងនរណាជា ប្រធាន មន្ទីរអោយបានច្បាស់លាស់ ជៀសវៀងការតែងតាំងខុស។ ចំនែក លោក សេង សុមុនី អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធម្មការ បានថ្លែង ប្រាប់អ្នក សារព៍ត័មានថា  មូលហេតុមកដល់ពេលនេះមន្ទីរធម្មការខេត្តកោះកុង គ្មានអ្នក ដឹកនាំ ដោយសារអាជ្ញាធរខេត្ត មិនទាន់បញ្ចូនសំណើរមកក្រសួង ហើយបញ្ហា យឺត យាវនេះ ដោយសារក្រសួង ផ្លាសប្តូររដ្ឋ មន្ត្រី៕

ដោយសារអតីតប្រធានមន្ទីរចូលនិវត្តន៏ ចង់លើកបន្តុបកូនស្រីឡើងស្នងតំណែង   មន្ទីរធម្មការខេត្តកោះកុង គ្មានអ្នកដឹកនាំជិត១ខែហើយ