៣​ខែ​ឆ្នាំនេះ​ ទំហំ​វិនិយោគ​លើ​វិស័យ​សំណង់ ​មាន​តម្លៃ​ទឹកប្រាក់​១៦៤៧​លាន​ដុល្លារ​

៣​ខែ​ឆ្នាំនេះ​ ទំហំ​វិនិយោគ​លើ​វិស័យ​សំណង់ ​មាន​តម្លៃ​ទឹកប្រាក់​១៦៤៧​លាន​ដុល្លារ​



ភ្នំពេញ ​៖ ​មន្ត្រីជាន់ខ្ពស់​ក្រសួង​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​បាន​ឲ្យ​ដឹង​ថា ​ក្នុង​រយៈពេល​៣​ខែ​ឆ្នាំ​២០១៦ ​គម្រោង​វិនិយោគ​ផ្នែក​សំណង់​មាន​ចំនួន​៤៧៣​ ​គម្រោង​​មាន​ផ្ទៃក្រឡា​៣,៧​លាន​ម៉ែត្រ​កា​រ៉េ​មាន​ទុន​វិនិយោគ​ចំនួន​១៦៤៧​លាន​ដុល្លារ​អាមេរិក​។​

លោក​ ប៉ែន​ សុផល ​រដ្ឋលេខាធិការ​ក្រសួង​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​បាន​លើក​ឡើង​បែបនេះ​នៅក្នុង​សិក្ខាសាលា​អន្តរ​សកម្ម​មួយ​ស្ដីពី​“​ការ​អភិវឌ្ឍ​រាជធានី​ភ្នំពេញ ​៖ ​បញ្ហា​ប្រឈម និង​ដំណោះ​ស្រាយ​”​កាលពី​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៦ សណ្ឋាគារ​អាំងទែ​កុងទីណង់តាល់​។​

លោក​បាន​បន្ត​ថា ​គម្រោង​​វិនិយោគ​ផ្នែក​សំណង់​ក្នុង​រយៈពេល​៣​ខែ​នេះ ​បើ​ធៀប​នឹង​រយៈពេល​៣​ខែ​ដូចគ្នា​កាលពី​ឆ្នាំ​២០១៥​កន្លងទៅ​ឃើញថា ​មានការ​កើនឡើង​ដល់​ទៅ​២៥៧,៥១​ភាគរយ​។ ​ភាគច្រើ​ន​នៃ​ការ​កើន​ឡើង​សំណង់​នេះ​គឺ​៦៥​ទៅ​៧០​ភាគរយ​នៃ​ទុន​វិនិយោគ​គឺ​នៅ​រាជធានី​ភ្នំពេញ​។​

លោក​ ប៉ែន​ សុផល ​បាន​បន្ថែម​ថា ​នៅ​ពេល​ដែល​វិស័យ​សំណង់​កើនឡើង​ក៏​មាន​សម្ពាធ​ជាច្រើន​ដែរ​ដូចជា​តម្រូវ​ការ​ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា​ទឹក​ភ្លើង​ផ្លូវ​ការ​ដឹក​ជញ្ជួន ​និង​ការ​ធ្វើ​ដំណើរ​សម្រាប់​បំពេញ​នៃ​កំណើន​ទៅលើ​វិស័យ​នេះ​ ដោយសារតែ​វិស័យ​សំណង់​ចេះតែ​កើនឡើង​បែបនេះ​បាន​ជំរុញ​ឲ្យ​ចំនួ​ន​ប្រជាពលរដ្ឋ​ ដែល​មក​រស់​នៅ​តាម​ទីក្រុង​កើនឡើង​ទៅតាម​នោះ​ដែរ​។​

លោក​បាន​បញ្ជាក់​ថា ​កំណើន​ប្រជាពលរដ្ឋ​នៅ​ទីក្រុង​មានការ​កើនឡើង​គឺ​ពី​២៧,១​ភាគរយ​នៅ​ឆ្នាំ​២០​០​៨​ កើនឡើង​៣០​ភាគរយ​ត្រូវជា​៤,៥​លាន​នាក់​​ នៅ​ឆ្នាំ​២០១៤​ហើយ​រំពឹង​ថា ​នៅ​ឆ្នាំ​២០៣០​កំណើន​ប្រជាពលរដ្ឋ​នៅ​ទីក្រុង​នឹង​កើន​ដល់​៤៤​ភាគរយ​នៃ​ប្រជាជន​សរុប​ប្រមាណ​៧,៩២​លាន​នាក់​នៃ​ប្រជា​ជន​កម្ពុជា​សរុប​១៨​លាន​នាក់​ នៅ​ឆ្នាំ​២០៣០​។​

ចំពោះ​ដង់ស៊ីតេ​នៃ​ប្រជាជន​រស់នៅ​ភាគច្រើន​នៅ​រាជធានី​ភ្នំពេញ​តំបន់​ជាយ​រាជធានី​ភ្នំពេញ​តំបន់ឆ្នេរ​ខេត្ត​ព្រះ​សីហនុ​ និង​តំបន់​ជុំវិញ​បឹង​ទន្លេសាប​។​ ដូច្នេះ​ប្រជាជន​ជាង​៩០​ភាគរយ​ បាន​រស់​នៅ​តំបន់​នេះ ​ដែល​មាន​ផ្ទៃដី​តូច​ជាង​៤០​ភាគរយ​នៃ​ផ្ទៃដី​ទូទាំង​ប្រទេស​។ លោក​បាន​បន្ត​ទៀត​ថា​ នេះ​បង្ហាញ​ឲ្យ​ឃើញថា​ តុល្យភាព​នៃ​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ត្រូវ​យកចិត្តទុកដាក់​បន្ថែម​ ព្រោះថា​ កំណើន​នគ​រូបនីយកម្ម​នាំ​ឲ្យ​មាន​ពលរដ្ឋ​នៅ​តាម​ជនបទ​ស្វែងរក​ឱកាស​ការងារ​នៅ​ទីក្រុង​។​

គួរ​បញ្ជាក់​ថា ​វិនិយោគ​វិស័យ​សំណង់​នៅ​ឆ្នាំ​២០១៥​កន្លងមក​ មាន​គម្រោង​វិនិយោគ​ផ្នែក​សំណង់​ចំនួ​ន​២៣០៥​គម្រោង ​មាន​ក្រឡា​ផ្ទៃ​៧,៦​លាន​ម៉ែត្រការ៉េ​ មាន​តម្លៃ​ទឹកប្រាក់​៣៣៣៨​លាន​ដុល្លារ ​បើ​ធៀ​ប​នឹង​ឆ្នាំ​២០១៤​មានការ​កើនឡើង​៣១,១៤​ភាគរយ​។​

​ទំហំ​វិនិយោគ​លើ​វិស័យ​សំណង់​រយៈពេល​ជាង​១៤ ឆ្នាំ ពោល​គឺ​ចាប់ពី​ឆ្នាំ​២០០០​ ដល់​ឆ្នាំ​២០១៤ គិត​ជា​មធ្យម​មាន​១៥០០​លាន​ដុល្លារ​ក្នុង​១ ឆ្នាំៗ​។ ​ក្នុង​នោះ​នៅក្នុង​ឆ្នាំ​២០១២​ការ​វិនិយោគ​បាន ២ ១០៩ លាន​ដុល្លារ ឆ្នាំ​២០១៣ មាន ២ ៧៧៣​លាន​ដុល្លារ និង​ឆ្នាំ ២០១៤ មាន ២៥០៧ លាន​ដុល្លារ​៕