សមាគម​អតីត​និស្សិត​អូស្ត្រាលី​ ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​ និង​ការ​អភិវឌ្ឍ​រាជធានី​ភ្នំពេញ​

សមាគម​អតីត​និស្សិត​អូស្ត្រាលី​ ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​ និង​ការ​អភិវឌ្ឍ​រាជធានី​ភ្នំពេញ​



ភ្នំពេញ ៖ នៅ​សណ្ឋាគារ អាំងទែ​កុងទីណង់តាល់​ កាលពី​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៦ សមាគម​កម្ពុជា​ នៃ​អតីត​និស្សិត​ពី​អូស្ត្រាលី (AAA-C) បាន​រៀបចំ​សិក្ខាសាលា​អន្តរ​សកម្ម​មួយ​ស្ដីពី​“​ការ​អភិវឌ្ឍ​រាជធានី​ភ្នំពេញ បញ្ហា​ប្រឈម​ និង​ដំណោះស្រាយ​ ”ដើម្បី​ស្វែងរក​ដំណោះស្រាយ​ក្នុង​ការ​អភិវឌ្ឍ​រាជ​ធានី​ភ្នំពេញ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង”។

នេះ​ជា​សិក្ខាសាលា​ប្រចាំ​ឆ្នាំ ដែល​បាន​រៀបចំ​ឡើងជា​បន្ត​បន្ទាប់​ដោយ​សមាគម AAA-C និង​មានការ​ឧបត្ថម្ភ​គាំទ្រ​ពី​ស្ថានទូត​អូស្ត្រាលី ក្នុង​គោលបំណង​ផ្តល់​ឲ្យ​សមាជិក ​និង​បុត្រ​សម្ព័ន្ធ​នូវ​ព័ត៌មាន​ និង​ចំណេះដឹង​ ស្ដីពី​ប្រធានបទ​ថ្មីៗ​ និង​ឱកាស​កសាង​បណ្ដាញ​ទំនាក់ទំនង​ ដើម្បី​រួមគ្នា​អភិវឌ្ឍន៍​សង្គម ពិសេស​រាជធានី​ភ្នំពេញ។

លោកស្រី សូ ភី​ណា ប្រធាន​ស្ដីទី​AAA-C បាន​ឲ្យ​ដឹង​ថា សិក្ខាសាលា​នេះ គឺជា​វេទិកា​សម្រាប់​អ្នក​ជំនាញ​ផ្នែក​រៀបចំ​ផែនការ​អភិវឌ្ឍន៍​តំបន់​ក្រុង​ និង​ភាគី​ពាក់ព័ន្ធ​សំខាន់ៗ ដើម្បី​ចែករំលែក​គំនិត​យោបល់​ចក្ខុវិស័យ ស្ដីពី​ការ​អភិវឌ្ឍ​អនាគត​របស់​រាជធានី​ភ្នំពេញ និង​បញ្ហា​ប្រឈម​មួយ​ចំនួន​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដ៏​មាន​សក្ដានុពល និង​និរន្តរភាព ដែល​ទាក់ទង​នឹង​ការ​អភិវឌ្ឍ​រាជធានី​ភ្នំពេញ ជាពិសេស​បញ្ហា​លំនៅឋាន បញ្ហា​ទឹក និង​អនាម័យ ការ​ដឹកជញ្ជូន​សាធារណៈ និង​បញ្ហា​សណ្ដាប់ធ្នាប់​ជាដើម។

លោក ប៉ែន សុផល រដ្ឋលេខាធិការ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​មាន​ប្រសាសន៍​ថា រាជធានី​ភ្នំពេញ​កំពុង​មាន​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស។ រីឯ​ក្រុង​រណប​ និង​គម្រោង​សាងសង់​អគារ​ខ្ពស់ៗ​ជាច្រើន​បាន​បញ្ចប់​រួចរាល់​ហើយ និង​គម្រោង​ខ្លះ​ទៀត​កំពុង​បន្ត​សាងសង់ បាន​កែប្រែ​សោភណភាព​រាជធានី​ដ៏​គួរ​ឲ្យ​ទាក់ទាញ។

លោក​សង្កត់​ធ្ងន់​ថា ផែនការ​មេ​នេះ នឹង​ត្រូវ​ចាត់ទុកជា​យុទ្ធសាស្ត្រ​គោលដៅ ស្ដីពី​ផែនការ​អភិវឌ្ឍន៍​តំបន់​ក្រុង ដើម្បី​ឆ្លុះបញ្ចាំង​ពី​កំណើន​យ៉ាង​ឆាប់រហ័ស លើ​ការ​វិនិយោគ​វិស័យ​ឯកជន ​និង​កំណើន​ប្រជាជន​ក្នុង​រាជធានី​ភ្នំពេញ។ ចំនួន​ប្រជាជន​សរុប​ក្នុង​រាជធានី​ភ្នំពេញ​រំពឹង​ថា នឹង​កើន​ឡើង​រហូតដល់​៣​លាន​នាក់ នៅ​ត្រឹម​ឆ្នាំ​២០២០។

ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ដែរ កំណើន​ នៃ​ការសាងសង់​សំណង់​នៅ​ក្នុង​តំបន់​កណ្ដាល​ក្រុង​ និង​ជាយក្រុង​កំពុងតែ​រីក​ដុះដាល​ដូច​ផ្សិត ដែល​តម្រូវ​ឲ្យ​មានការ​ពង្រីក​រដ្ឋបាល​ក្រុង ដើម្បី​ឲ្យ​ស្របតាម​ការ​អភិវឌ្ឍ​នេះ។ ម្យ៉ាងទៀត ដើម្បី​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​នៅ​ក្នុង​ក្រុង​ជាដើម។

លោក​ ប៉ែន ​សុផល ​បាន​ស្នើ​ឲ្យ​សិក្ខាសាលា​ធ្វើការ​ពិភាក្សា​គ្នា​ឲ្យ​បាន​ស៊ីជម្រៅ ​ដើម្បី​ឲ្យ​បាន​ធាតុ​ចូល​ជា​ការ​រួមចំណែក​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ​ ព្រោះថា​យើង​ទាំង​អស់​គ្នា​រួមចំណែក​អភិវឌ្ឍន៍​ទីក្រុង។

ហេតុនេះ​ត្រូវ​ចូលរួម​ដើម្បី​រិះគន់​ក្នុង​ន័យ​ស្ថាបនា ​ដើម្បី​ធ្វើ​ឲ្យ​ទីក្រុង​របស់​យើង​មាន​ហេដ្ឋារ​ចនា​សម្ព័ន្ធ​កាន់តែ​ល្អ​ មាន​សេវា​សាធារណៈ​កាន់តែ​ប្រសើរ​ ​មាន​ផ្ទៃ​បៃតង​កាន់​តែ​ច្រើន​ និង​មាន​សោភ័ណភាព​កាន់តែ​ស្រស់បំព្រង​ថែមទៀត​៕