សាក្សី​រស់ ​ស្រីមុំ​ ចូល​តុលាការ​ឆ្លើយ​បំភ្លឺ​លើ ​សុវណ្ណ​ថា ប្ដឹង​ លោក កឹម សុខា​

សាក្សី​រស់ ​ស្រីមុំ​ ចូល​តុលាការ​ឆ្លើយ​បំភ្លឺ​លើ ​សុវណ្ណ​ថា ប្ដឹង​ លោក កឹម សុខា​



ភ្នំពេញ ៖ កញ្ញា ខុម ចាន់​តារា​ទី ហៅ​ស្រីមុំ កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៦ បា​ន​ចូល​មក​តុលាការ​ ដើម្បី​ឆ្លើយ​បំភ្លឺ​ព្រះរាជអាជ្ញា​អម​តុលាការ​ជុំវិញ​ពាក្យបណ្ដឹង​របស់ ធី សុវណ្ណ ដែ​ល​បាន​ប្ដឹង​ លោក កឹម សុខា អំពី​ករណី​បរិហារកេរ្តិ៍​តាមរយៈ​ខ្សែអាត់​សំឡេង។​

ដំណើរ​របស់ ស្រីមុំ ​ចូល​តុលាការ​នា​ថ្ងៃនេះ​ខុសពី​លើក​មុន ដោយសារ​គ្មាន​អ្នកកាសែត​ណា​ចាប់​អារ​ម្មណ៍​ថតរូប ឬ​ព្យាយាម​សម្ភាសន៍​នាង​ទៀត​ទេ គឺ​ចូល​ស្ងាត់ ចេញ​ស្ងាត់​តាម​សម្មាអាជីវោ​របស់​នាង ។​

ទោះ​បី​យ៉ាង​ណា ការ​សួរ​យក​ចម្លើយ​ពី​សំណាក់​លោក​ព្រះរាជអាជ្ញា​រង កែវ សុជាតិ ស្រីមុំ ​បាន​ផ្ដល់​ចម្លើយ​​ប្រហែល​មួយ​ម៉ោង​ប៉ុណ្ណោះ​ ទើប​ចប់​សព្វ​គ្រប់ ហើយ​ ស្រីមុំ​ ក៏​ត្រឡប់​ទៅវិញ​យ៉ាង​ស្ងៀម​ស្ងា​ត់។​

សូម​បញ្ជាក់​ថា ​ក្នុង​សំណុំរឿង​នេះ​ដែរ កាលពី​ថ្ងៃទី​២៧ ខែ​មេសា ធី សុវណ្ណ​ថា បាន​មក​ផ្ដល់​ចម្លើយ​ឲ្យ​លោក​ព្រះរាជអាជ្ញា​រួចហើយ​ ក្នុងនាម​ជាដើម​បណ្ដឹង។​

ក្រៅពី​ជា​សាក្សី​រស់​ក្នុង​សំណុំរឿង​ប្ដឹង​ដោយ ​ធី សុវណ្ណ​ថា ស្រីមុំ​ ក៏​ជាដើម​បណ្ដឹង​រដ្ឋប្បវេណី​ផង​ដែរ ដោយសារ​នាង​បាន​ប្ដឹង​ លោក​ កឹម សុខា​ ទាមទារ​សំណង ៣០​ម៉ឺន​ដុល្លារ​ពី ​លោក​ កឹម សុខា កាល​ពី​ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០១៦ កន្លងទៅ​នេះ។​

ក្នុង​ពាក្យបណ្ដឹង​នោះ ស្រីមុំ​ បាន​រៀប​រាប់​ថា កាលពី​ថ្ងៃទី​១៩ ខែ​មេសា ឆ្នាំ​២០១៦ សាលាដំបូង​រាជ​ធានី បាន​កោះហៅ​នាង​ឲ្យ​មក​ឆ្លើយ​បំភ្លឺ​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​ចុះ​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​២០​១​៦ តែ​ក្នុង​សំណុំរឿង​នោះ​ នាង​មិនទាន់​បាន​ទាមទារ​សំណង​អ្វី​ទេ ពី​លោក​ កឹម សុខា។​

ឆ្លងកាត់​សំណុំរឿង​នោះ ​នាង​បាន​ខាតបង់​នូវ​សេចក្ដីថ្លៃថ្នូរ សេដ្ឋកិច្ច​គ្រួសារ ដោយសារតែ លោក កឹម សុខា ​បាន​សន្យា​ជាច្រើន​ជាមួយ​នាង​ដូចជា សន្យា​ផ្ដល់​ប្រាក់ ៣០០០​ដុល្លារ សន្យា​ទិញ​ផ្ទះ និង​អ្វីៗ​ផ្សេងទៀត​ដែល​នាង​ត្រូវការ តែ​រហូតដល់​ពេលនេះ​ លោក កឹម សុខា​ មិនបាន​ធ្វើតាម​ការសន្យា​ឡើយ។​

នៅ​ចុងបញ្ចប់​នៃ​បណ្ដឹង ​ស្រីមុំ ​បាន​ទាមទារ​ជំងឺ​ចិត្ត​ពី​​ លោក​ កឹម សុខា ​ជា​ប្រាក់​ចំនួន ៣០​ម៉ឺន​ដុល្លារ និង​សុំ​ឲ្យ​ផ្ដន្ទាទោស ​លោក ​កឹម សុខា និង​គូកន​តាមច្បាប់៕