វិទ្យាស្ថាន​ខេ​ម​អេ​ដ​ប៊ី​ហ្ស​នេស​ស្គូ​ល​ប្រគល់​សញ្ញាប័ត្រ​ដល់​និស្សិត​បញ្ចប់​កម្មវិធីសិក្សា ACCA CAT ថ្នាក់​កម្រិត​បរិញ្ញាបត្រ​

វិទ្យាស្ថាន​ខេ​ម​អេ​ដ​ប៊ី​ហ្ស​នេស​ស្គូ​ល​ប្រគល់​សញ្ញាប័ត្រ​ដល់​និស្សិត​បញ្ចប់​កម្មវិធីសិក្សា ACCA CAT ថ្នាក់​កម្រិត​បរិញ្ញាបត្រ​



ភ្នំពេញ ​៖ ​កាលពី​ល្ងាច​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៦​ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ ភូ​គី​ត្រា វិទ្យាស្ថាន​ខេ​ម​អេ​ដ​ប៊ី​ហ្ស​នេស​ស្គូ​ល បាន​រៀបចំ​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​ដល់​និស្សិត ដែល​បាន​ប្រឡងបញ្ចប់​កម្មវិធីសិក្សា ACCA CAT ថ្នាក់​កម្រិត​បរិញ្ញាបត្រ និង​និស្សិត​ឆ្នើម​សម្រាប់​ឆមាស​ខែ​មិថុនា និង​ខែ​ធ្នូ ឆ្នាំ​២០១៥ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​បណ្ឌិត​ងី តា​យី រដ្ឋលេខាធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​គណនេយ្យ និង​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោកនាយក​វិទ្យាស្ថាន​ខេ​ម​អេ​ដ​ប៊ី​ហ្ស​នេស​ស្គូ​ល សាស្ត្រាចារ្យ និយោជក បុគ្គលិក និង​និស្សិត​ប្រមាណ​ជិត​៥០០​នាក់​ផងដែរ។

លោក​ខេ​ស៊ី បា​ណេ​ត នាយក​វិទ្យាស្ថាន​ខេ​ម​អេ​ដ​ប៊ី​ហ្ស​នេស​ស្គូ​ល បាន​មានប្រសាសន៍ថា ចាប់តាំង​ពី​ឆ្នាំ​២០០៣ មក​វិទ្យាស្ថាន​ខេ​ម​អេ​ដ​ប៊ី​ហ្ស​នេស​ស្គូ​ល សហការ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​បណ្ដុះបណ្ដាល​និស្សិត (ACCA) ១៥​ជំនាន់ និង​(CAT) ចំនួន​៥​ជំនាន់​រួចមកហើយ​។ ក្នុង​រយៈពេល​នេះ វិទ្យាស្ថាន​ខេ​ម​អេ​ដ​ប៊ី​ហ្ស​នេស​ស្គូ​ល បាន​ខិតខំ​យ៉ាងខ្លាំង ដើម្បី​បង្កើត​កាលានុវត្តភាព​ដល់​សាធារណជន​ទូទៅ ដែល​សិក្សា​នៅ​វិទ្យាស្ថាន​នេះ ដោយ​យក​គុណ​ភាពជា​ចម្បង ជាពិសេស​ចំពោះ​គុណភាព​គ្រូបង្រៀន និង​កម្មវិធីសិក្សា ដើម្បី​ឲ្យ​ស្របទៅនឹង​មាត្រដ្ឋាន​ជាតិ និង​អន្តរជាតិ​។ ជា​លទ្ធផល​វិទ្យាស្ថាន​ខេ​ម​អេ​ដ​ប៊ី​ហ្ស​នេស​ស្គូ​ល​ត្រូវបាន​ទទួលស្គាល់​ពី​សាធារណជន​ទាំង​ក្នុង និង​ក្រៅប្រទេស តួយ៉ាង​ដូចជា​សមាគម​គណនេយ្យ ACCA របស់​ចក្រភព​អង់គ្លេស​ជាដើម។

តាម​សេចក្តីប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹងថា វិទ្យាស្ថាន​ខេ​ម​អេ​ដ​ប៊ី​ហ្ស​នេស​ស្គូ​ល​ជា​វិទ្យាស្ថាន​តែមួយគត់ ដែល​ទទួល​បាន​ចំណាត់ថ្នាក់​ជា​ផ្លា​ទី​នី​ម ពី​សមាគម​គណនេយ្យករ​ជំនាញ ACCA ដែលមាន​ទីតាំង​នៅក្នុង​ចក្រភព​អង់គ្លេស លើ​ផ្នែក​គុណភាព​នៃ​ការអប់រំ​ផ្នែក​គណនេយ្យករ​ជំនាញ​។​
​និស្សិត​ដែល​រៀន​នៅ​វិទ្យាស្ថាន​ខេ​ម​អេ​ដ​ប៊ី​ហ្ស​ស្គូ​ល តែង​ទទួលបាន​ចំណាត់ថ្នាក់​ល្អ បើ​ប្រៀប​ទៅនឹង​ប្រទេស​ផ្សេងៗ​នៅលើ​សកលលោក​។ គិត​មកដល់​បច្ចុប្បន្ន​នេះ វិទ្យាស្ថាន​មាន​និស្សិត​ចំនួន​៣​នាក់​ហើយ ដែល​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ និង​៨​នាក់​ទៀត​ទទួលបាន​ចំណាត់ថ្នាក់​លេខ​២ ទូទាំង​ពិភពលោក​។​

បន្ទាប់ពី​បាន​ស្តាប់​របាយការណ៍​របស់​លោក​ខេ​ស៊ី​បា​ណេ​ត​រួចមក លោក​បណ្ឌិត​ងី តា​យី បាន​មានប្រសាសន៍ថា លោក​ពិត​ជាមាន​សេចក្តីរំភើប​ជាមួយ​ប្អូនៗ ដែល​ទទួលបាន​ជ័យលាភី​ក្នុងការ​សិក្សា​ថ្នាក់​គណនេយ្យករ​ជំនាញ និង​អ្នកបច្ចេកទេស​គណនេយ្យ​។ ភាពជោគជ័យ​របស់​ប្អូនៗ ក្មួយៗ គឺជា​ជោគជ័យ​របស់​គ្រួសារ​របស់​វិជ្ជាជីវៈ​គណនេយ្យ និង​សវនកម្ម និង​របស់​សង្គមជាតិ​ទាំងមូល​។

លោក​បា​ន​សង្កត់​ធ្ងន់​ថា ធនធានមនុស្ស​ដែល​យើង​បានទទួល​ថ្មី​នេះ គឺជា​ធនធាន​ដែលមាន​សារៈសំខាន់​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា​និយាយ​ជារួម និង​និយាយ​ដោយឡែក គឺជា​ធាតុ​ចូល​ដ៏​ចាំបាច់​សម្រាប់​ជួយ​ពង្រឹង​វិស័យ​គណនេយ្យ ហិរញ្ញវត្ថុ និង​សវនកម្ម​តាមរយៈ​តម្លាភាព គណនេយ្យភាព និង​ភាពត្រឹមត្រូវ​នៃ​របាយការណ៍​ហិរញ្ញវត្ថុ​។ ដោយឡែក​ទីផ្សារ​មូលបត្រ​ត្រូវបាន​បើក​ឲ្យ​ដំណើរការ​ដោយ​ជោគជ័យ​តាម​គោលនយោបាយ​របស់​រដ្ឋាភិបាល​ក៏​ត្រូវ​ការចាំបាច់​បំផុត​នូវ​ធនធានមនុស្ស​ដែល​មាន​ចំណេះដឹង​ខាង​ផ្នែក​គណនេយ្យ និង​ហិរញ្ញវត្ថុ ដើម្បី​គាំទ្រ​ដល់​វិស័យ​ថ្មី​នេះ​ក៏ដូចជា​ការចូលរួម ដើម្បី​កំណើន​ខឿន​សេដ្ឋកិច្ចកម្ពុជា​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត។

លោក​បាន​សំណូមពរ​ដល់​វិទ្យាស្ថាន​ខេ​ម​អេ​ដ​ប៊ី​ហ្ស​នេស​ស្គូ​ល​ឲ្យ​បន្ត​យកចិត្តទុកដាក់​បន្ថែម​ទៀត ក្នុង​ការ​បណ្ដុះបណ្ដាល​អាជីព​នេះ ​ឲ្យ​កាន់តែ​បាន​លទ្ធផល​ល្អ​កាន់តែ​ប្រសើរ​ជាង​មុន​សំដៅ​បំពេញ​ឲ្យ​បាន​នូវ​ផែនការ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ ជាទី​បញ្ចប់​ឯកឧត្តម​បណ្ឌិត​ងី តា​យី ក៏បាន​អញ្ជើញ​ប្រគល់​សញ្ញាប័ត្រ​ដល់​និស្សិត​ដែល​បាន​ប្រ​ឡប់​បញ្ចប់​កម្មវិធី ACCA CAT ថ្នាក់​បរិញ្ញាបត្រ និង​និស្សិត​ឆ្នើម​ផងដែរ៕