ប្រជាពលរដ្ឋ​នៅ​សង្កាត់​ទឹកថ្លា​៤៩​គ្រួសារ​បាន​ទទួល​អំណោយ​កាកបាទ​ក្រហមកម្ពុជា​ពី​លោក អភិបាលខណ្ឌ សែន​សុខ

ប្រជាពលរដ្ឋ​នៅ​សង្កាត់​ទឹកថ្លា​៤៩​គ្រួសារ​បាន​ទទួល​អំណោយ​កាកបាទ​ក្រហមកម្ពុជា​ពី​លោក អភិបាលខណ្ឌ សែន​សុខ



ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​៤៩​គ្រួសារ​រស់នៅ​ក្នុង​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​បាន​ទទួល​អំណោយ​ឧបត្ថម្ភ ពី​សាខា​កាកបាទក្រហម​ក​ម្ព​ជា​ខណ្ឌ​សែន​សុខ​កាលពី​ព្រឹក​​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៦ ក្រោម​អធិបតីភាព​លោក​ប៉ឹល កុសល អភិបាល​នៃ​គណៈ​អភិ​បាល​ខណ្ឌ​សែន​សុខ និង​ជា​ប្រធាន​កិត្តិយស​សាខា​កាកបាទក្រហម​ប្រចាំ​ខណ្ឌ និង អភិ​បាល​រង ខណ្ឌ​ជា​ច្រើន​រូប​ទៀត បាន​ចូលរួម។

វត្ថុ​អំណោយ​ឧបត្ថម្ភ​ដែល​ត្រូវ​បាន​យក​មក​ចែក​ជូន​ប្រជាជន​ទីទ័ល​ក្រទាំង​៤៩​គ្រួសារ​​ខាង លើនោះ ក្នុង​១​គ្រួសារៗ ទទួល​បាន​នូវ ប្រាក់​ចំនួន​៣​ម៉ឺន​រៀល អង្ករ​ចំនួន​៣០​គីឡូក្រាម មី​កញ្ចប់​១​កេស ត្រីខ​១០​កំប៉ុង និង​ឃី​ត​១​ឈុត ដែល​ក្នុងនោះ​មាន​ភួយ មុង សារុង ក្រមា។

ការចែក​អំណោយ​ឧបត្ថម្ភ របស់​សាខា​កាកបាទ​ក្រហមកម្ពុជា បាន​ធ្វើ​ជា​រៀងរាល់​ខែ​ជា​ទម្លាប់​របស់ សាលា​ខណ្ឌ​សែន​សុខ​គ្រប់​ជំនាន់​នៃ​ការគ្រប់គ្រង​របស់​អភិបាលខណ្ឌ ដែល​​ធ្វើឡើង​តាម​ការណែនាំ​របស់​សម្តេច​កិត្តិ​ព្រឹ​ទ្ធ​បណ្ឌិត ប៊ុន រ៉ានី ប្រធាន​កាកបាទក្រហម នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​តែងតែ​នាំ​យក​អំណោយ​ទៅ​ចែក​ជូន​ប្រជាជន ក្រីក្រ​នៅ​តាម ជនបទ​ខេត្ត​ក្រុង​នានា​ទូទាំង​ប្រទេស ជា​រៀងរាល់​ឆ្នាំ ជាពិសេស នៅ​ពេល​មាន​គ្រោះ​ធម្មជាតិ​ផ្សេងៗ។

លោក ប៉ឹល កុសល ជា​អភិបាលខណ្ឌ​សែន​សុខ​ថ្មី​ដែល​ទើប​នឹង​ឡើង​មក​គ្រប់គ្រង​ជំនួស​​លោក លី សា​វេត ដែល​ត្រូវ​បាន​ផ្លាស់​ប្តូរ​ការងារ ទៅ​ធ្វើជា​អភិបាលរង​នៅ​ខេត្ត​កំពត វិញ​កាលពី ដើម​ខែមេសា ឆ្នាំ​២១៦ មុន​ពេល​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ប្រហែល​១​សប្តាហ៍។

នៅ​ក្នុង​ពិធី​ចែក​អំណោយ​នោះ លោក​អភិបាលខណ្ឌ ក៏បាន​ឆ្លៀត​ឪ​កាស ធ្វើការ​សំណេះសំណាល​សួរសុខទុក្ខ ប្រជាពលរដ្ឋ​នៅ​ទីនោះ​និង​ត្រួតពិនិត្យ​ស្ថានភាព ភូមិសាស្ត្រ​នៅ​ទី​​នោះ​ផងដែរ។

ប្រជាជន​ទីទ័លក្រ​និង​ចាស់ជរា ដែល​បានមក​ទទួល​អំណោយ នៅ​ពេល​នេះ បាន​សំដែង​​នូវ​ការ​ត្រេកអរ​ជា​ខ្លាំង ដោយសារ​ស្ថានភាព​ជីវភាព​គ្រួសារ​កំពុង​ខ្វះខាត​៕

ប្រជាពលរដ្ឋ​នៅ​សង្កាត់​ទឹកថ្លា​៤៩​គ្រួសារ​បាន​ទទួល​អំណោយ​កាកបាទ​ក្រហមកម្ពុជា​ពី​លោក អភិបាលខណ្ឌ សែន​សុខ ប្រជាពលរដ្ឋ​នៅ​សង្កាត់​ទឹកថ្លា​៤៩​គ្រួសារ​បាន​ទទួល​អំណោយ​កាកបាទ​ក្រហមកម្ពុជា​ពី​លោក អភិបាលខណ្ឌ សែន​សុខ/ /