គ្រាន់​តែ​រឿង​ហៅ​ឈ្មោះ​ចំ​ អ្នក​មាន​ឈ្មោះ​ដូច​គ្នា ​ត្រូវ​គេ​វាយ​របួស​ធ្ងន់​រហូត​ដល់​ដាច់​ខ្យល់​ស្លាប់

គ្រាន់​តែ​រឿង​ហៅ​ឈ្មោះ​ចំ​ អ្នក​មាន​ឈ្មោះ​ដូច​គ្នា ​ត្រូវ​គេ​វាយ​របួស​ធ្ងន់​រហូត​ដល់​ដាច់​ខ្យល់​ស្លាប់



កណ្ដាល​ ៖ ​អ្នក​ភូមិ​ម្នាក់ ​ត្រូវ​អ្នកភូមិ​ដូចគ្នា​យក​ឈើ​ជ្រុង​វាយ​ពីក្រោយ​ត្រូវ​ក្បាល ​និង​ដងខ្លួន​បណ្តាល​ឲ្យ​របួស​ជា​ទម្ងន់​ ​ហើយ​សាច់ញាតិ​បងប្អូន​ចាត់​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​កាល់ម៉ែត ​បាន​បន្តិច​ក៏​ដាច់​​​ខ្យល់​ស្លាប់។

ការ​សម្លាប់​នេះ ​ទាំង​សាក្សី​ ក៏​ដូច​​សមត្ថកិច្ច​ជំនាញ​បាន​និយាយ​ថា​ ជា​ការ​យល់​ច្រឡំ​ ​ដោយ​ជន​ដៃ​ដល់​គិត​ថា​ ជនរងគ្រោះ​និយាយ​ឲ្យ​ខ្លួន​ ហើយ​​ម្យ៉ាង​ទៀត​​​​​ស្រវឹង​ស្រា​ផង​ ក៏​ប្រើ​អំពើ​​ហិង្សា​មក​លើ​ជនរងគ្រោះ​រហូតដល់​ស្លាប់ ​រួច​គេច​​ខ្លួន​បាត់។ តែ​យ៉ាងណា​​សមត្ថកិច្ច​កំពុង​តាម​ប្រមាញ់​ចាប់ខ្លួន ជន​ដៃ​ដល់​ចាត់ការ​តាម​ផ្លូវ​ច្បាប់។

ហេតុការណ៍​ប្រើ​អំពើ​ហិង្សា​បណ្ដាល​ឲ្យ​ស្លាប់​នេះ​ កើត​ឡើង​នៅ​ថ្ងៃ​ទី​២៨ ​ខែ​មេសា ​២០១៦​វេលា​ម៉ោង​២១​និង​៣៥​នាទី​យប់​ ត្រង់​ចំណុច​ភូមិ​ព្រែក​ ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្ត​កណ្ដាល។

លោក​វរសេនីយ៍​សេង សុជាតិ ​អធិការ​នគរបាល​ស្រុក​ស្អាង​បាន​ឲ្យ​ដឹង​ថា ​ជនរងគ្រោះ​ឈ្មោះ​លុក​ ប៊ុនធឿន ភេទ​ប្រុស ​អាយុ​៥៥​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ព្រែក ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល មុខរបរ​កសិករ ( ស្លាប់​ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​កាល់​ម៉ែត​ភ្នំពេញ)។ ចំណែក​ជនសង្ស័យ​ឈ្មោះ ចាំ​ម៉ាប់ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ រស់នៅ​ភូមិ​ព្រែក ​ឃុំ​ត្រើយ​ស្លា​ ស្រុក​ស្អាង​ ខេត្ត​កណ្ដាល ​មុខរបរ​ កសិករ​( គេចខ្លួន)។ ចំពោះ​វត្ថុ​តាង​ចាប់​យក​​ក្រោយ​កើតហេតុ​មាន​ ​ឈើ​ជ្រុង​ចំនួន​មួយ​ប្រវែង​១០២​សង់ទីម៉ែត្រ​ ទទឹង​១០​សង់ទីម៉ែត្រ។

បើតាម​លោក​អធិការ​ឲ្យ​ដឹងទៀតថា​ មុនពេល​កើតហេតុ​ឈ្មោះ​លុក​ ប៊ុនធឿន បាន​មក​អង្គុយលេង​កំដរ​ផ្ទះ​បុណ្យ​សព​ឈ្មោះ​ហ៊ី​ម​ ដែល​ទើប​នឹង​ស្លាប់។ ពេល​នោះ​​​ឈ្មោះ​ថុ​ក​ ភេទ​ប្រុស បាន​ឲ្យ​លុយ​ចំនួន​២០០០៛​ទៅ​ឈ្មោះ​ប៊ុន ធឿន ​​​ទិញ​ស្រា​ នៅ​ផ្ទះ​ឈ្មោះ​នួន​លី​ឡា (​ម៉ាប់ ) តែ​​គេ​មិន​បើកទ្វារ​លក់​ស្រា​ឲ្យ​ ក៏​ត្រឡប់មកវិញ​មក​អង្គុយលេង​ជាមួយ​ឈ្មោះ​ថុ​ក​ នៅផ្ទះ​បុណ្យ​សព​ដដែល។ ពេល​កំពុង​អង្គុយ​និយាយ​គ្នា​ជាមួយ​ឈ្មោះ​ថុ​ក ឈ្មោះ​ប៊ុនធឿន​ បាន​និយាយ​រឿង​ទៅ​ទិញ​ស្រា​ផ្ទះ​ឈ្មោះ​ម៉ាប់​អត់​បើកទ្វារ ស្រាប់តែ​ពេលនោះ​ឈ្មោះ​ចាំ​ម៉ាប់ (​មនុស្ស​ផ្សេង ម្នាក់ទៀត​ជា​ជនដៃដល់​)​មាន​សភាព​ស្រវឹង​ស្រា​បាន​ដើរ​មកដល់​ឮ​ឈ្មោះ​លុក​ ប៊ុនធឿន ​និយាយ​ចំ​ឈ្មោះ​ខ្លួន​ ក៏​ខឹង រួច​​​​ដើរ​យក​ឈើ​ជ្រុង​នៅ​ក្បែរ​នោះ​វាយ​ទៅ​លើ​ឈ្មោះ​លុក ​ប៊ុនធឿន ​ចំក្បាល​ និង​ខ្លួន​ចំនួន​បី​ឈើ​ជ្រុង​បណ្ដាល​ឲ្យ​ដួល​ទៅ​ដី។ ចំណែក​ឈ្មោះ​ចាំ ​ម៉ាប់​ ពេល​វាយ​ទៅលើ​ឈ្មោះ លុក​ប៊ុនធឿន​រួច​ ក៏បាន​ទម្លាក់​ឈើ​ជ្រុង​ចោល​នៅ​កន្លែង​កើតហេតុ​ រួច​គេច​ខ្លួន​បាត់​តែម្តង។ ភ្លាម​នោះ​ឈ្មោះ​លុក ​ប៊ុនធឿន​ត្រូវ​បាន​បងប្អូន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​កាល់ម៉ែត ​ភ្នំពេញ​ ​ហើយ​ក៏​ស្លាប់​នៅ​មន្ទីរពេទ្យ​តែ​ម្ដង។

លោក​អធិការ​បញ្ជាក់​ថា​ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​មេសា ​ឆ្នាំ​២០១៦ ​ក្រុម​គ្រួសារ​បាន​យក​សព​ជនរងគ្រោះ​មកដល់​ផ្ទះ​ ហើយ​​សមត្ថកិច្ច​បច្ចេកទេស​ស្រុក​ពិនិត្យ​​​សព​ឃើញ​ថា​ ជនរងគ្រោះ​ស្លាប់​ដោយសារ​មាន​ស្នាម​មុត​ផុង​លលាដ៍​ក្បាល​ផ្នែក​ខាងលើ​ ស្នាម​ជាំ​ឆ្អឹងជំនី​ខាង​ស្ដាំ​ និង​ស្នាម​ជាំ​នៅ​ស្មា​ខាងឆ្វេង។

បន្ទាប់ពី​បាន​ពិនិត្យ​​​សព​រួច ក្រុម​ជំនាញ​បាន​ប្រគល់​​​សព​ជូន​ក្រុម​គ្រួសារ ​ដើម្បី​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕